ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតំណាង​រាស្រ្ត​អាមេរិកាំង​ទាម​ទារ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​បាប​អតីត​មន្ត្រី​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក​ អ៊ីលៀត អេងហ្គល​ (Eliot Engel) ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​សហរដ្ឋ​អាមេរិក ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​កាលពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ (រូបថត AFP)
រូបឯកសារ៖ លោក​ អ៊ីលៀត អេងហ្គល​ (Eliot Engel) ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​សហរដ្ឋ​អាមេរិក ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​កាលពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ (រូបថត AFP)

អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​គាំទ្រ​ជំហរ​របស់​ក្រសួង​ការបរទេស​ដែល​ស្នើ​សុំ​ឱ្យ​កម្ពុជា​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ​បន្ទាប់ពី​មានការធ្វើ​ទុក្ខបុកម្នេញ​លើអតីត​មន្ត្រី​គណបក្ស​ប្រឆាំង​តាមផ្លូវ​តុលាការនិង​ការស្លាប់​បាត់បង់​ជីវិត​សកម្មជន​ម្នាក់។

ប្រតិកម្ម​នេះ​កើតឡើង​ក្រោយ​ពី​មាន​អតីត​មន្ត្រី​ថ្នាក់មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​បន្ត​បន្ទាប់​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា ​បាន​រំលោភ​សាលដីការ​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​និង​ការស្លាប់​សកម្មជន​ឈ្មោះ​ទិត្យ​ រ៉ន ​ពេល​ជាប់​នៅ​ក្នុង​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស​ខេត្ត​កំពង់ចាម។

លោក​ អ៊ីលៀត អេងហ្គល​ (Eliot Engel) ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​សារនៅ​តាម​ទំព័រ​ធ្វីតធឺ​របស់​លោក​កាលពី​ថ្ងៃច័ន្ទ​ថា៖

«ខ្ញុំ​មាន​ការក្រៀមក្រំ​ជាខ្លាំង​ដោយសារតែ​មរណភាព​គួរឱ្យ​សង្ស័យ​របស់​លោក​ទិត្យ រ៉ន សមាជិក​នៃ​គណបក្ស​ប្រឆាំង។ នេះ​ទំនង​ជា​ការរំលោភ​អំណាច​ជាថ្មី​ទៀត​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាបរបស់​លោក​ហ៊ុន សែន​លើ​អ្នកនយោបាយ​ប្រឆាំង។ ប្រទេស​កម្ពុជា​គួរតែ​បញ្ចប់​ការធ្វើ​ទុក្ខ​បុកម្នេញ​ខាង​ផ្នែក​នយោបាយ‍»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការបង្រ្កាប​ទ្រង់ទ្រាយ​ធំ​លើ​អ្នក​ដែល​ហ៊ាន​រិះគន់​ការដឹកនាំ​ជាង​៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដោយ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​មួយ​កាលពីចុង​ឆ្នាំ២០១៧​ ហើយ​បាន​ហាមឃាត់​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។​ អ្នកសារព័ត៌មាន​ឯករាជ្យ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រង​ការធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​មាន​សារព័ត៌មាន​ឯករាជ្យខ្លះ​បាន​បិទទ្វារ​ឬ​ប្តូរ​ម្ចាស់គ្រប់គ្រង​និង​ត្រូវ​ហាមមិន​ឱ្យ​ផ្សាយ​លើ​រលកធាតុ​អាកាស​វិទ្យុFM ហើយថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​មួយ​ចំនួន​បាន​រត់​ចាកចេញ​ក្រៅ​ប្រទេស។

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការរំខានចិត្ត«យ៉ាង​ខ្លាំង‍»ចំពោះ​មរណភាព​នៃ​លោក​ទិត្យ រ៉ន ​ហើយ​បាន​ស្នើ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ។ ក្រសួង​ការបរទេស​ក៏​បាន​សម្តែង​ការព្រួយ​បារម្ភ​ពី​ដំណើរការ​តុលាការ​ប្រឆាំង​នឹង​អតីត​មន្ត្រី​បក្សប្រឆាំង​ផង​ដែរ​និង​សុំ​ឱ្យ​លើក​លែង​បម្រាម​នយោបាយ​ព្រមទាំង​ដោះលែង​អ្នកទោស​នយោបាយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​គឺ​អ្នកស្រី​Morgan Ortagus ​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ថា៖

«យើង​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ​និង​ធានា​ថា​សកម្មភាព​និង​ច្បាប់របស់​ខ្លួន​ស្រប​តាម​កាព្វកិច្ច​សិទ្ធិ​មនុស្ស​របស់​កម្ពុជាក្រោម​ច្បាប់​អន្តរជាតិ»។​

អ្នកស្រី​Morgan Ortagusអ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០១៩។ (រូបថត AP)
អ្នកស្រី​Morgan Ortagusអ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០១៩។ (រូបថត AP)

លោកអាឡំាង ឡូវឹនសល​ អ្នកតំណាងរាស្រ្ត​ប្រចំា​មណ្ឌល​៤៧​នៃ​រដ្ឋ​កាលីហ្វញ៉ា​ដែល​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ដែរថា៖

«នាយករដ្ឋមន្ត្រី​ហ៊ុន សែន​និង​របប​របស់​គាត់​បន្ត​ប្រើ​កណ្តាប់ដៃ​ដែក​ផ្តាច់ការ​និង​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា។ យើង​មិន​ត្រូវ​ភ្លី​ភ្លើ​តាម​ទេ។ យើង​មិន​ត្រូវ​ឱ្យ​ពួកគេ​រំខាន​បាន​ទេ។ ទោះបី​ជា​គាត់​និយាយ​អ្វី​ក៏​ដោយ ក៏​ព្រឹត្តិការណ៍​នាពេលថ្មីៗ​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​ គាត់​គ្មាន​ចេតនា​ឱ្យ​មានរបប​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា​ទេ។ ចេតនា​តែ​មួយ​គត់​របស់​គាត់​គឺបន្ត​កាន់​អំណាច​និង​គ្រប់គ្រង‍»។

លោក​ឡូវឹនសល ថា​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹងចាត់​ការឱ្យ​បាន​លឿន​លើ​ករណី​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ទៀត​ថា៖

«រដ្ឋ​សភា​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ចាត់វិធាន​ការ​ទៅ​មុខឱ្យ​បាន​ឆាប់រហ័ស​និង​មាន​គោលដៅ​ប្រើប្រាស់​ឥទ្ធិពល​ទំាងស្រុង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​លោកហ៊ុន សែននៅមុន​ពេល​គាត់​បំផ្លាញ​ទាំងស្រុង​នូវ​លទ្ធភាព​នាំ​យក​ប្រទេស​កម្ពុជា​មក​កាន់លទ្ធិ​ប្រជាធិបតេយ្យ​វិញ‍»។

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស។ (ស្រេង លក្ខិណា/VOA)
រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស។ (ស្រេង លក្ខិណា/VOA)

សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​មក​ទាំងពីរ​គណបក្សបាន​ស្នើ​សេចក្តី​ស្នើច្បាប់​ចំនួន​ពីរ​គឺ​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍» និង​«ច្បាប់ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា‍» ដើម្បីដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា​និង​ជន​ទាំងឡាយ​ណា​ដែល​ចូលរួម​រំលោភ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។ រីឯ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​តំណាង​ឱ្យ​គណបក្ស​ទាំងពីរ​ដែរ​ក៏​បាន​ស្នើ​ឡើង​នូវ«ច្បាប់ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា‍» ដើម្បី​សើរើ​ឋានៈ​អនុគ្រោះពន្ធ​ទូទៅ (GSP) ​ដែល​កម្ពុជា​នាំ​ទំនិញ​មួយ​ចំនួន​ចូល​សហរដ្ឋ​អាមេរិក​ដោយ​រួចពន្ធ។​

រហូត​មក​ដល់​ពេលនេះ​ សេចក្តី​ស្នើ​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍»​ត្រូវ​បាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​អនុម័ត​រួច​រាល់ហើយ​កាលពី​ដើម​ខែ​មេសានិង​រង់ចំាតែ​សភា​ពេញ​អង្គ​អនុម័ត​ប៉ុណ្ណោះមុន​នឹង​បញ្ជូន​បន្តទៅ​ព្រឹទ្ធសភា។

លោកប៉ុន សៅរី ​អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះជាតិក្រៅ​ប្រទេស​បាន​ចាត់ទុក​ថា​ជំហរ​រួម​គ្នា​រវាង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និង​គណៈកម្មាធិការ​កិច្ចការ​ប្រទេស​នៃ​រដ្ឋ​សភា​ជាតិ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ជា​ដំណឹង​ល្អ​មួយ​ហើយ​លោក​រំពឹង​ថា​នឹង​មាន​ការចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ជំហរ​ជាបន្តបន្ទាប់​ទៀត​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នក​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖​

«អីចឹង​មានន័យ​ថា​អ្វី​ទាំងអស់​ដែល​ហ៊ុន សែន​កំពុងតែ​ធ្វើ​ ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ​ក៏​ដូច​ជា​ការបង្ក្រាប​ឬ​ក៏​កម្ចេច​រចនា​សម្ព័ន្ធ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​កម្ពុជាតាមរយៈ​ការប្រើប្រព័ន្ធ​តុលាការ​នយោបាយ ​ជា​ឧបាយកល​ ជាឧបករណ៍​នយោបាយ​ក្នុងការកម្ចេច​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណបក្ស​ប្រជាធិបតេយ្យ​ហើយ​មានការទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​តែមួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ត្រូវ​បាន​បកអាក្រាត​និង​មិន​ទទួល​បាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ហើយ​ជាបន្តបន្ទាប់​នេះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​សេចក្តី​ប្រកាស​ថ្កោលទោស​ខ្លាំង​បន្ថែម​ទៀត‍»។​

ចំណាត់ការ​ដ៏​រាលដាលរបស់​តុលាការ​កម្ពុជា​ក៏​បាន​ធ្វើ​ឱ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាសម្តែ​ង​ការ​ព្រួយ​បារម្ភផងដែរ។

លោកប៉ុន សៅរី​ក៏បាន​ស្នើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែលនៅ​ក្រៅប្រទេស​និង​ក្នុង​ប្រទេស​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​លោក​សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​ដែល​មាន​គម្រោង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​ដើម្បី​បញ្ចប់​ការរស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ហើយជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ទប់​កុំ​ឱ្យ​ប្រទេស​កម្ពុជាធ្លាក់​ទៅក្រោម​ឥទ្ធិពល​ទាំងស្រុង​របស់​មហា​អំណាច​ចិន៕

XS
SM
MD
LG