សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារបស់ពួកគេហើយនៅប៉ែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក។
នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកចំនួន៣គ្រឿង ក៏នឹងចូលរួមក្នុងសមយុទ្ធដោយឡែកមួយទៀតជាមួយនាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសជប៉ុននៅថ្ងៃអាទិត្យ។
យោងតាមកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន ប្រទេសជប៉ុន ក៏នឹងបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រមួយក្នុងចំណោមនាវាផ្ទុកឧទ្ធម្ភាគចក្រដ៏ធំចំនួនពីរគ្រឿងរបស់ខ្លួន ព្រមទាំងនាវាអមពីរគ្រឿងទៀត ទៅចូលរួមក្នុងសមយុទ្ធយោធារួមគ្នានេះ ក្នុងដែនសមុទ្រជប៉ុននិងសមុទ្រចិនខាងកើត។
ការបង្ហាញកម្លាំងយោធានេះ មានគោលបំណងដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក ដូណាល់ ត្រាំ កំពុងចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសវៀតណាម។
សមយុទ្ធយោធាជើងទឹកទាំងនេះ ក៏មានគោលបំណងបញ្ជូនសារដ៏ខ្លាំងមួយទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាង អំពីសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការកែនកងកម្លាំងយោធាដ៏ខ្លាំងនិងគួរឲ្យជឿជាក់បានយ៉ាងលឿន។
នាវាផ្ទុកយន្តហោះរបស់អាមេរិក អាចដឹកជញ្ជូនយន្តហោះសរុបប្រមាណ២០០គ្រឿង រួមទាំងយន្តហោះចម្បាំងប្រភេទ F-18 ផងដែរ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងថា «សមយុទ្ធយោធានេះ មានគោលបំណងធ្វើឲ្យកូរ៉េខាងជើងញញើត ចំពោះការគំរាមកំហែងអំពីការបាញ់គ្រាប់កាំជ្រួចនិងនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយក៏មានគោលបំណងបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កូរ៉េខាងត្បូងក្នុងការទប់ទល់នឹងសកម្មភាពបង្កហេតុណាមួយដោយកូរ៉េខាងជើង»។
សមយុទ្ធយោធាទាំងនេះ នឹងក្លាយជាសមយុទ្ធលើកដំបូងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលមាននាវាចម្បាំងរបស់អាមេរិកទាំងបីក្រុម បានហ្វឹកហាត់រួមគ្នាក្នុងតំបន់។
សមយុទ្ធយោធាទាំងនេះ ក៏ធ្វើឡើងចំពេលដែលរដ្ឋការលោកត្រាំ បានទទូចឲ្យកូរ៉េខាងជើង បញ្ឈប់ការអភិវឌ្ឍកាំជ្រួចផ្លោងដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាព អាចវាយប្រហារសហរដ្ឋអាមេរិកបាននោះ៕