ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​ខណ​ដែល​ស្ថានភាព​ឧបទ្វីប​កូរ៉េ​កាន់តែតានតឹង


ប្រធានាធិបតី​ត្រាំ​ថ្លែងនៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​សេតវិមាន​កាលពី​ថ្ងៃទី​០១ វិច្ឆិកា ២០១៧។
ប្រធានាធិបតី​ត្រាំ​ថ្លែងនៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​សេតវិមាន​កាលពី​ថ្ងៃទី​០១ វិច្ឆិកា ២០១៧។

ប្រធានាធិបតី​ស.រ.អា. Donald Trump ធ្វើ​ដំណើរ​ទៅ​កាន់ទ្វីប​អាស៊ីដើម្បី​បំពេញ​ទស្សនកិច្ច​១២ថ្ងៃ​ក្នុង​ប្រទេស​ប្រាំ​នៅ​ពេល​មាន​ភាព​តានតឹង​លើឧបទ្វីបកូរ៉េ​ហើយ​ការ​ស្ទង់មតិថ្មីៗ​ដោយ​កម្មវិធីទូរទស្សន៍ ​NBC News/SurveyMinkey និងដោយ​ទស្សនាវដ្តី​ Economist/YouGov បង្ហាញ​ថា​ជនជាតិ​អាមេរិកាំងចាត់ទុក​ប្រទេសកូរ៉េខាង​ជើង​ថាជា​ការ​គំរាមកំហែងបន្ទាន់បំផុត​ដល់​ស.រ.អា.។

Trump មានកំណត់​នឹង​ទៅ​ទស្សនា​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​ជា​គូប្រជែង​របស់​ប្រទេសកូរ៉េខាង​ជើង​ពី​ថ្ងៃទី៧ដល់ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ដែលជា​កន្លែង​ឈប់​សំចត​ទី​ពីរនៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់។​

គេ​រំពឹង​ថា​នៅ​ក្នុងឱកាស​ទស្សនកិច្ចនេះ​ កិច្ចចរចា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in និង​ជាមួយ​មេដឹកនាំ​ពិភព​លោកឯទៀតៗ​នឹង​ផ្តោត​ទៅ​លើ​សំណួរ​ថា​តើធ្វើបែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងអភិវឌ្ឍ​អាវុធ​បរមាណូ​និង​កាំជ្រួច​មីស៊ីលផ្លោង។

កាលពី​ថ្ងៃ​សុក្រ​មុន លោក​រដ្ឋមន្ត្រីការពារ​ប្រទេស​ស.រ.អា. Jim Mattis បាន​មាន​ប្រសាសន៍​នៅ​ឯ​តំបន់​គ្មាន​កងទ័ព​ហៅ​កាត់​ថា​ DMZ នៅ​ចន្លោះ​ប្រទេស​កូរ៉េ​ខាង​ជើង​និង​ប្រទេស​កូរ៉េខាង​ត្បូងថា «គោលដៅ​របស់យើង​មិនមែន​សង្គ្រាម​ទេ​ ក៏​ប៉ុន្តែ​គឺការធ្វើកុំឱ្យ​ឧបទ្វីប​កូរ៉េ​មាន​អាវុធ​បរមាណូ​ទាំង​ស្រុង​ អាច​ពិនិត្យ​ផ្ទៀង​ផ្ទាត់​បាននិង​មិន​អាច​ប្រែ​ក្រឡះ​បាន​ផងដែរ»។​

ប្រធានាធិបតី​ស.រ.អា.​រូបនេះ​នឹង​មិន​ទៅ​កាន់តំបន់ DMZ ហើយ​ឆ្លុះកែវយឹត​មើល​ប្រទេសកូរ៉េខាង​ជើងទេ៕

XS
SM
MD
LG