ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​កូរ៉េ​ខាង​ត្បូង​ស្វាគមន៍​លោក​ ត្រាំ ទៅ​កាន់​ទី​ក្រុង​សេអ៊ូល


លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ (រូប​ឆ្វេង) ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ក្នុង​ពិធី​ទទួល​ស្វាគមន៍​មួយ​នៅ​វិមាន​ប្រធានាធិបតី Blue House ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ (រូប​ឆ្វេង) ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ក្នុង​ពិធី​ទទួល​ស្វាគមន៍​មួយ​នៅ​វិមាន​ប្រធានាធិបតី Blue House ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់​ពាន់​នាក់​បាន​ស្វាគមន៍​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​ ទៅ​កាន់​រដ្ឋធានី​របស់​ខ្លួន​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ចេញ​តវ៉ា​នឹង​មេដឹកនាំ​អាមេរិក​រូប​នេះ​ និង​ប្រឆាំង​នឹង​វោហារសាស្ត្រ​ដ៏​តឹងតែង​របស់​លោក​ទៅ​លើ​ប្រទេស​កូរ៉េ​ខាងជើង។

ពលរដ្ឋ​កូរ៉េខាងត្បូង​មួយ​ក្រុម​ដែល​រំភើប​រីករាយ​ បាន​ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ ចំពោះ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ទីក្រុង សេអ៊ូល។

មនុស្ស​រាប់​ពាន់​នាក់​បាន​ឈរជាជួរ​នៅ​តាម​ដង​វិថី​ដែល​ឆ្ពោះ​ទៅ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Blue House។

មនុស្ស​មួយ​ចំនួន​បាន​អបអរ​នឹង​វោហារសាស្ត្រ​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ ត្រាំ ទៅ​លើ​ការ​បញ្ឈប់​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​ចេញ​មក​សម្តែង​ការ​គ្រាំ​ទ្រ​ទៅ​លើ​សម្ព័ន្ធភាពរវាង​កូរ៉េ​ខាងត្បូង​និង​ សហរដ្ឋ​អាមេរិក។

​លោក​ JEONG SOON-IL​ ដែល​ជា​អ្នក​គាំទ្រ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា៖

«ខ្ញុំ​មក​ទីនេះ​ដើម្បី​ស្វាគមន៍​លោក​ប្រធានាធិបតីនៃ​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​និង​ជា​បងប្អូន​របស់​យើង​ ដែល​បាន​ជួយ​កូរ៉េ​ខាងត្បូង​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​កូរ៉េ។​ ខ្ញុំ​ត្រូវ​តែ​មក​ទីនេះ​ ដោយសារ​តែ​លោក​ប្រធានាធិបតី ត្រាំ​ កំពុង​តែ​គាំទ្រ​កូរ៉េ​ខាងត្បូង​ដែល​រង​ការ​គំរាម​កំហែង​ពី​កូរ៉េខាងជើង»។

ក៏​ប៉ុន្តែ​ក្រុម​តូចៗ​មួយ​ចំនួន​ទៀត​ បាន​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​លោក​ ត្រាំ​ និង​វោហារសាស្ត្រ​ធ្ងន់ៗ​របស់​លោក​ទៅ​លើ​កូរ៉េ​ខាងជើង ហើយ​ក៏​ប្រឆាំង​នឹង​វត្តមាន​របស់​យោធា​អាមេរិក​ផង​ដែរ។

អ្នកស្រី​ KIM JONG-HEE​ ដែល​ជា​អ្នក​តវ៉ា​ប្រឆាំង​នឹង​លោក​ ត្រាំ​ បាន​និយាយ​ថា៖

«បើ​សិន​ជា​លោក​ចង់​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​ ក្នុង​នាម​លោក​ជា​ប្រធានាធិបតី​នៃ​ប្រទេសដែល​មាន​អំណាច​បំផុត​នោះ​ លោក​គួរ​តែ​ចេញ​មក​ចរចា​ដើម្បី​ជជែក​ដោយ​ឥត​លក្ខខណ្ឌ​ជា​មួយ​នឹង​កូរ៉េ​ខាង​ជើង​។ ហើយ​នាង​ខ្ញុំ​ សូម​ឲ្យ​លោក​បញ្ជាក់​ថា​ នឹង​មិន​មាន​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នោះ​ឡើយ»។

ប៉ូលិស​ជាច្រើន​នាក់​ បាន​បញ្ជូន​បាតុករ​ប្រឆាំង​នឹង​លោក ត្រាំ មួយ​ចំនួនចេញ​ពី​ទីលាន​ដ៏​សំខាន់​មួយ​ មុន​ពេល​ដែល​ក្បួន​ដង្ហែ​រថយន្ត​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្លងកាត់​ទីនោះ។

មនុស្ស​ភាគ​ច្រើន​បាន​ស្វាគមន៍​មេដឹកនាំ​សហរដ្ឋអាមេរិក​ ដែល​ជា​កម្លាំង​ជំរុញ​មួយ​ដើម្បី​ជួយ​ធានាឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ហើយ​ពួក​គេ​សង្ឃឹម​ថា ​សន្តិភាព​នេះនឹង​បន្ត​មាន​ជាច្រើន​ទសវត្សរ៍​ទៅ​មុខ​ទៀត៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេច​ហៀង

XS
SM
MD
LG