ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​ស.រ.អា.​រក​ឃើញ​ថា​មន្ត្រី​ប៉ូលិស​នៅ​ទី​ក្រុង​Ferguson​រើស​អើង​ចំពោះ​ជន​ស្បែក​ខ្មៅ


លោកមេធាវី​ Eric Holder ថ្លែង​នៅឯ​ក្រុងសួង​យុត្តិធម៌​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី​៤ ខែ​មីនា ឆ្នាំ២០១៥ អំពី​ការរកឃើញ​របស់​ក្រសួង​យុត្តិធម៌​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេតពីរ​នៅ​ក្រុង​ Ferguson រដ្ឋ​ Missouri។
លោកមេធាវី​ Eric Holder ថ្លែង​នៅឯ​ក្រុងសួង​យុត្តិធម៌​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី​៤ ខែ​មីនា ឆ្នាំ២០១៥ អំពី​ការរកឃើញ​របស់​ក្រសួង​យុត្តិធម៌​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេតពីរ​នៅ​ក្រុង​ Ferguson រដ្ឋ​ Missouri។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការិយាល័យប៉ូលិស​នៅ​ទី​ក្រុង​ Ferguson ​រដ្ឋ ​Missouri ​ភាគ​កណ្តាល​ឈៀង​ខាង​លិច​សហរដ្ឋ​អាមេរិក​បាន​រំលោភ​ជា​ទៀង​ទាត់​លើ​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ​ដោយ​ក្រុម​ប៉ូលិស​បាន​ប្រើ​កម្លាំង​ហួស​ហេតុ​ប្រឆាំង​នឹង​ជន​ស្បែក​ខ្មៅ​ហើយ​ចាប់​ខ្លួន​ពួក​គេ​ដោយមិន​មាន​ហេតុ​ផល​ច្បាស់​លាស់។

របាយការណ៍​នេះ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​រយៈ​ពេល​៦​ខែ​ ដែល​ត្រូវ​បាន​គេ​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុន​នៅ​ក្រោយ​ពេល​មន្ត្រី​ប៉ូលិស​ស្បែក​ស​មួយ​រូប​បាន​បាញ់​ស្លាប់​ក្មេង​ជំទង់​អាមេរិក​ស្បែក​ខ្មៅ​មួយ​រូប​គឺ​ Michael Brown ​ក្នុង​អំឡុង​ពេល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​នៅ​តាម​ផ្លូវ។

ថ្វី​បើ​មន្ត្រី​សហព័ន្ធ​បាន​ធ្វើ​ការ​សន្និដ្ឋានចំពោះ​ការិយាល័យ​ប៉ូលិសក្រុង​ Ferguson យ៉ាង​ដូច្នេះ​ក្តី​ ក៏​មន្ត្រីសហព័ន្ធ​ប្រកាស​ថា​ ពួក​គេ​សម្រេច​ថា​នឹង​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​បទ​ល្មើសទាក់ទង​សិទ្ធិ​ពលរដ្ឋ​ចំពោះ​មន្ត្រី​ប៉ូលិស​លោក ​Darren Wilson ទេ​ដែល​លោក​បាន​លាលែង​ពី​ការិយាល័យ​ប៉ូលិស​ Ferguson ​រួច​ទៅ​ហើយ។ ក្រសួង​យុត្តិធម៌​អាមេរិក​សន្និដ្ឋាន​ថា​ មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ប្រឆាំង​នឹង​ការ​អះអាង​របស់​លោក ​Wilson ​ថា​លោក​មាន​ការភិតភ័យ​ដល់​អាយុជីវិតក្នុង​អំឡុង​ឧប្បត្តិហេតុ​នោះ។ ម៉្យាង​ទៀត ​ក៏​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា​ យុវជន ​Brown​ បាន​លើក​ដៃ​ទាំង​ពីរ​ឡើង​នៅ​ពេល​ត្រូវ​លោក​ Wilson ​បាញ់។

កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤​ មហា​គណៈ​វិនិច្ឆ័យ​មួយ​របស់​នៃ​រដ្ឋ Missouri ក៏​បាន​សម្រេច​ឲ្យ​លោក​ Wilson​ រួច​ពី​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​ស្លាប់​របស់យុវជន​ Michael Brown។ សេចក្តី​សម្រេចនេះ​បាន​បណ្តាល​លឲ្យ​មាន​បាតុកម្ម​តវ៉ា​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ស្បែក​ខ្មៅ​ដែល​មាន​ចំនួនភាគ​ច្រើននៅ​សហគមន៍​ Ferguson​ ក្បែរ​ក្រុង ​St.Louis ​ក៏​ដូច​ជា​នាំ​ឲ្យ​មាន​បាតុកម្ម​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ដែរ។

ក្រោយ​ការ​ធ្វើ​ការ​សម្ភាសន៍​មនុស្ស​រាប់​រាយនាក់​និង​ពិនិត្យ​មើល​ឯកសារ​ប៉ូលិស​និង​ឯកសារ​ផ្សេង​ទៀតចំនួន​ជាង​៣​ម៉ឺន​៥​ពាន់​សន្លឹក​ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ​ថ្វី​បើ​ជន​ស្បែក​ខ្មៅ​មាន​ចំនួន​៦៧​ភាគរយ​នៃ​ប្រជាជា​សរុប​របស់​ក្រុង​ Ferguson ​ក្តី​ ក៏​៩៣ភាគ​រយនៃ​ការ​ចាប់​ខ្លួន​ត្រូវ​បាន​ធ្វើ​ចំពោះ​ជន​ស្បែក​ខ្មៅ។​ របាយការណ៍​នេះ​ក៏​និយាយ​ដែរ​ថា​ ៨៥ភាគ​រយ​នៃ​ការឃាត់​រថយន្ត​តាម​ផ្លូវ​ ធ្វើ​ឡើង​ចំពោះ​អ្នក​បើកបរ​ស្បែក​ខ្មៅ ​ហើយ​៩០ភាគ​រយ​នៃការ​ផាក​ពិន័យ​ចរាចរណ៍ក៏​ធ្វើ​ឡើង​ចំពោះ​ជន​ស្បែក​ខ្មៅ​ដែរ។

របាយការណ៍​នោះ​ក៏​ទម្លាយ​ឲ្យ​ដឹង​ថា​មន្ត្រី​ប៉ូលិស ​Ferguson​ តែង​ប្រើ​គណនី​អ៊ីម៉ែល​ការងារ​ជា​ទៀតទាត់ដើម្បី​បញ្ជូនសារកំប្លែង​ដែល​មាន​ខ្លឹមសារ​ប្រកាន់​ពូជសាសន៍។ ជា​ឧទាហរណ៍​ នៅ​ក្នុង​សារ​អេឡិកត្រូនិក​មួយ​ដែល​សរសេរ​កាល​ពីខែ​វិច្ឆិកា​ ឆ្នាំ​២០០៨ ​ក្រោយ​ពី​លោក Barack Obama ​បាន​ឈ្នះ​ការ​បោះឆ្នោត​ជា​ប្រធានាធិបតី​ មន្ត្រី​ក្រុង​មួយ​រូប​បាន​សរសេរ​ថា​ លោក​ Obama ​នឹង​មិន​បាន​កាន់​តំណែង​យូរ​ទេ ​ដោយ​មន្ត្រី​នោះ​ចោទ​សួរ​ថា៖​ «ចុះ​មាន​បុរស​ស្បែក​ខ្មៅ​ណា​ដែល​មាន​ការងារ​ជាប់​លាប់​ហួស​ពី​៤​ឆ្នាំ​នោះ?‍»

ក្រុម​មន្ត្រី​ក្រុង ​Ferguson​ ថ្លែង​ថា ​ពួក​គេ​កំពុង​ពិនិត្យ​របាយការណ៍​នេះ ហើយ​មន្ត្រី​ក្រសួង​យុត្តិធម៌​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ក្រុង​ដើម្បី​កែប្រែ​បែបបទ​នៃ​ការអនុវត្តន៍​របស់​មន្ត្រី។ ក៏​បុន្តែ​ ប្រសិន​បើ​ភាគី​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​ការ​ព្រម​ព្រៀង​មួយ​ទេ​ នោះ​ក្រសួង​យុត្តិធម៌​អាច​ចាត់​វិធានការប្តឹង​អាជ្ញាធរ​ក្រុង Ferguson ​ដើម្បី​ទទួល​បទ​បញ្ជា​តុលាការ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ កន្លង​មក​រដ្ឋាភិបាល​អាមេរិក​ធ្លាប់​ចាត់​វិធានការ​ផ្លូវច្បាប់​បែប​នេះប្រឆាំង​នឹងការិយាល័យ​ប៉ូលិសផ្សេង​ទៀត៕

XS
SM
MD
LG