លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរិះគន់ថាមានស្តង់ដាខុសគ្នាដែលស្ថាប័នសិទ្ធិមនុស្សនិងសហរដ្ឋអាមេរិកបានដាក់មកលើប្រទេសរបស់លោកក្នុងពេលកន្លងមកដោយលោកបានលើកយកឧទាហរណ៍នៃការបង្ក្រាបក្រុមបាតុករតវ៉ានៅទីក្រុង Ferguson ក្នុងរដ្ឋមីស៊ូរីថាមិនមានស្ថាប័នសិទ្ធិមនុស្សណាហ៊ានរិះគន់នោះទេ។
យ៉ាងហោចណាស់មានអ្នកតវ៉ាជាង១០០នាក់ត្រូវបានអាជ្ញាធរប៉ូលិសចាប់ឃាត់ខ្លួនក្នុងការតវ៉ារយៈពេល១១ថ្ងៃបន្ទាប់ពីមន្ត្រីប៉ូលិសមូលដ្ឋានម្នាក់បានបាញ់សម្លាប់យុវជនស្បែកខ្មៅម្នាក់ដែលមិនមានអាវុធកាលពីថ្ងៃទី៩ខែសីហា។
លោកហ៊ុន សែនបានបញ្ចេញប្រតិកម្មនៅក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញថា៖
«បាតុកម្មនៅអាមេរិកគឺជារឿងរបស់អាមេរិកហើយប៉ុន្តែរឿងនៅអាមេរិកវាដូចជាឆ្ងល់ដែរ អាមេរិកគ្រាន់តែបាតុករគប់ដបទឹកសុទ្ធដាក់សមត្ថកិច្ចត្រូវចាប់ខ្លួនភ្លាមៗ។ អាមេរិកដូចអត់ថាអី។ ដល់មកដល់ស្រុកយើងគេដុតទាំងឡានគេគប់នឹងដុំថ្ម គេបាញ់ជំពាមកៅស៊ូគ្រាប់ដែកដល់យើងគ្រប់គ្រងស្ថានការណ៍គេថាយើងរំលោភសិទ្ធិមនុស្ស។ ខ្ញុំមិនថាដៀមដាមឱ្យអាមេរិកទេប៉ុន្តែស្តង់ដាខុសគ្នា»។
យុវជន ម៉ាយឃើល ប្រោន អាយុ១៨ឆ្នាំត្រូវបានប៉ូលិសបាញ់សម្លាប់នៅក្នុងការប្រឈមមុខដាក់គ្នាដែលមិនដឹងមូលហេតុច្បាស់លាស់។ នៅមុនពេលរងការបាញ់សម្លាប់នេះប្រោនបានចូលលួចបារីមួយសុងពីហាងតូចមួយ។ នេះបើតាមការអះអាងរបស់ប៉ូលិស។ ប៉ុន្តែគេមិនអាចបញ្ជាក់បានថាការបាញ់សម្លាប់នោះដែលកើតមានឡើងនាពេលក្រោយមកមានជាប់ទាក់ទឹននឹងហេតុការណ៍នោះឬយ៉ាងណា។
ការតវ៉ាបានផ្ទុះឡើងជាច្រើនកន្លែងទាមទាររកយុត្តិធម៌ឱ្យម៉ាយឃើល ប្រោន ហើយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានចាត់ឱ្យមានការស៊ើបអង្កេតដិតដល់និងប្រកបដោយតម្លាភាពដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌អេរិក ហូលដឺ បានទៅដល់កន្លែងកើតហេតុហើយកាលពីថ្ងៃពុធបានជួបជាមួយនឹងប្រធានសហគមន៍ ពលរដ្ឋក្នុងទីក្រុង និងម្តាយឱពុករបស់ប្រោនដោយសន្យាថានឹង«ធ្វើការស៊ើបអង្កេតដោយយុត្តិធម៌ និងឯករាជ្យ» ចំពោះមរណភាពកូនរបស់ពួកគេ។
ក្រុមគណៈវិនិច្ឆ័យដែលស៊ើបអង្កេតករណីសម្លាប់នេះបានចាប់ផ្តើមពិនិត្យមើលភស្តុតាងចាប់តាំងពីថ្ងៃពុធមកហើយនឹងសម្រេចថាចោទប្រកាន់ ឬមិនចោទដាក់ លោកដារឹន វីលសុនដែលជាអ្នកបានបាញ់សម្លាប់ជនរងគ្រោះ។
លោកដារឹន វិលសុនត្រូវបានឱ្យសម្រាកពីការងារប៉ុន្តែក្រុមគ្រួសារប្រោននិងអ្នកគាំទ្របានអំពាវនាវឱ្យចាប់ខ្លួនមន្ត្រីប៉ូលិសរូបនោះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបន្ថែមទៀតថា៖
«ហើយស្រុកអាមេរិកមិនងាយបាតុកម្មបែបហ្នឹងកើតឡើងទេប៉ុន្តែអានេះកង់ត្រាចកង់ធ្នង់ថ្ងៃហ្នឹងប៉ះយើងថ្ងៃស្អែកប៉ះគេ។ រឿងវាអញ្ចឹង។ អញ្ចឹងយើងត្រូវមានស្តង់ដាមួយដល់គេធ្វើថាគេអញ្ចេះអញ្ចុះដើរប្រដៅគេ។ ឥឡូវខ្ញុំមិនទាន់ឮអ្នកដែលវាស្រែកឱ្យយើងជាពិសេសប្រែដ អាដាមស្រែកទៅរដ្ឋការអូបាម៉ាយ៉ាងម៉េចប្រែដអាដាម?»។
លោកនាយករដ្ឋមន្ត្រីបានអះអាងថាវិធានការកន្លងមករបស់រដ្ឋាភិបាលលោកលើសកម្មភាពតវ៉ានានានិងការបិទទីលានប្រជាធិបតេយ្យដែលមានទំហំតូចជាងតំបន់ដែលអាជ្ញាធរអាមេរិកដាក់បម្រាមគោរចរគឺដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នៅកម្ពុជា ការតវ៉ារបស់កម្មករនិងគណបក្សប្រឆាំងបានកើតមានឡើងក្នុងរយៈពេលជាប់គាំងនយោបាយក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣ ហើយយ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ត្រូវបានបាញ់សម្លាប់ក្នុងការបង្ក្រាបហិង្សារបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងចំណោមជនរងគ្រោះមានស្ត្រីអ្នកលក់ដូរតាមផ្លូវម្នាក់និងកម្មករម្នាក់ដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយជាប់ក្នុងហេតុការណ៍ហិង្សា។ ប៉ុន្តែគ្មានការដាក់ទោសនិងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះនៅឡើយទេ។ រីឯឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនី៣នាក់ឱ្យរងរបួសស្ទើរបាត់បង់ជីវិតនៅខេត្តស្វាយរៀងនៅ មិនទាន់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅឡើយ។
អ្នកវិភាគខ្លះថាសភាពការណ៍នៅ Ferguson ក្នុងរដ្ឋមីស៊ូរី ស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយដែលពិបាកក្នុងការទាញសន្និដ្ឋានណាមួយច្បាស់លាស់ហើយអាជ្ញាធរប៉ូលិសក៏បានព្យួរការងារមន្ត្រីប៉ូលិសម្នាក់ទៀតជារៀងរហូតក្រោយពីគេបានយកកាំភ្លើងភ្ចង់បាតុករកាលពីយប់ថ្ងៃពុធហើយគំរាមផ្ទាល់មាត់ថាចង់សម្លាប់៕