រាល់ថ្ងៃច័ន្ទនៃសប្តាហ៍ទី៣ក្នុងខែមករា គឺជាថ្ងៃឈប់សម្រាកនៅសហរដ្ឋអាមេរិក ដើម្បីរំឭកថ្ងៃកំណើតរបស់លោក Martin Luther King ដែលជាសកម្មជនសិទ្ធិពលរដ្ឋដ៏ល្បីល្បាញម្នាក់។ ថ្ងៃឈប់សម្រាកឆ្នាំនេះ មានន័យណាស់សម្រាប់មនុស្សជាច្រើន បន្ទាប់ពីព្រឹត្តិការណ៍នៅទីក្រុង Ferguson រដ្ឋ Missouri ដែលបានកើតឡើងប៉ុន្មានខែមុននេះ។
បើសិនលោកនៅរស់ តើ លោក Martin Luther King នឹងនិយាយយ៉ាងដូចម្តេចចំពោះការស្លាប់របស់ Michael Brown នៅ Ferguson រដ្ឋ Missouri និង Eric Garner នៅទីក្រុង New York ដែលបានស្លាប់នៅពេលតទល់ជាមួយប៉ូលិស និងការខឹងសម្បា និងបាតុកម្មដែលបានកើតឡើងនៅទីនោះ?
ក្នុងសុន្ទរកថាមួយ លោក Martin Luther King បានរៀបរាប់ថា៖
«ខ្ញុំមានក្តីស្រមៃមួយ ថាថ្ងៃមួយ កូនតូចៗទាំង៤នាក់របស់ខ្ញុំ នឹងរស់ក្នុងប្រទេសជាតិមួយ ដែលពួកគេត្រូវបានវាយតម្លៃ ដោយចរិកលក្ខណៈរបស់គេ មិនមែនពណ៌សម្បុររបស់គេទេ»។
សន្ទុរកថាដ៏ល្បីរបស់លោកដែលមានចំណងជើងថា «I Have A Dream» ក្នុងការដើរហែរក្បួនឆ្នាំ១៩៦៣ នៅរដ្ឋធានីវ៉ាស៊ីតោន គឺជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្ត្រមួយសម្រាប់ការតស៊ូលុបបំបាត់ការរើងអើងពូជសាសន៍ និងដើម្បីសិទ្ធិស្មើគ្នាដល់ពលរដ្ឋអាមេរិកគ្រប់រូប។
កាលពីខែមុន មានការដើរហែរក្បួនមួយផ្សេងទៀតនៅវ៉ាស៊ីនតោន។ បាតុកររាប់ម៉ឺននាក់បានទាមទាររកយុត្តិធម៌ដល់ការស្លាប់របស់ Michael Brown និង Eric Garner។
បាតុកម្មនេះបានដំណើរការដោយសន្តិភាព។ អ្នកស្រី Alveda King ក្មួយស្រីរបស់លោក Martin Luther King ដែលឪពុករបស់នាង គឺលោក A.D King ក៏ជាសកម្មជនសិទ្ធិពលរដ្ឋម្នាក់ដែរនោះ បានណែនាំថា ការធ្វើបាតុកម្មដោយអំពើហិង្សានៅ Ferguson មិនមែនជាអនុសាស្ត្រត្រឹមត្រូវទេ ក្រោយពេលសាលក្រមមិនផ្តន្ទាទោសប៉ូលិស ដែលពាក់ព័ន្ធនឹងការស្លាប់របស់ Michael Brown។
អ្នកស្រី Alveda ថា ពាក្យស្លោក «គ្មានយុត្តិធម៌ គ្មានសន្តិភាព» ក្នុងការធ្វើបាតុកម្មនៅ Ferguson ជាការបង្កហេតុ ហើយថា មានតែបាតុកម្មសន្តិភាពទេទើបអាចនាំមកនូវលទ្ធផលវិជ្ជមាន ដោយលើកឡើងពីព្រឹត្តិការណ៍ឆ្នាំ១៩៦៣ ពេលដែលផ្ទះនាងត្រូវបានបំផ្លិចបំផ្លាញ។
អ្នកស្រី Alveda រៀបរាប់ថា៖ «ខ្ញុំចាំថា ឪពុកខ្ញុំបានឈរលើដំបូលឡាន ហើយ មនុស្សនាំគ្នាចង់ធ្វើដូចនៅ Ferguson គឺព្យាយាមបំផ្លាញឡានប៉ូលិស ដោយគុំដុំថ្ម។ ម្នាក់ៗប្រើអំពើហិង្សាខ្លាំងណាស់។ តែ ខ្ញុំចាំថា ឪពុកខ្ញុំគ្រាន់តែឈរលើដំបូលឡាន កាន់មេក្រូ ហើយនិយាយថា៖ កុំបំផ្លិចបំផ្លាញ! កុំប្រើអំពើហិង្សា។ គ្រួសារខ្ញុំ និងខ្ញុំមិនអីទេ។ សូមអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះ ហើយបន់ស្រន់ទៅ»។
អ្នករិះគន់ខ្លះ ថា ការធ្វើបាតុកម្មបានបង្កជាគំនុំមកលើប៉ូលិស ហើយទំនងជាបណ្តាលឲ្យមាន ការសម្លាប់មន្ត្រីប៉ូលិសពីរនាក់នៅក្រុង New York គឺលោក Rafael Ramos និង Wenjian Liu។ តែ មានកត្តាវិជ្ជមានមួយ គឺការពិភាក្សាដោយសន្តិភាពអំពីការរើសអើងពូជសាសន៍តាមបណ្តាញសង្គម។
អ្នកស្រី Alveda យល់ថា៖
«នៅពេលខ្ញុំឃើញឃ្លា Black Lives Matter ខ្ញុំជឿថា ជីវិតរបស់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ទាំងអ្នកមានជំងឺ មនុស្សចាស់ ក្មេង អ្នកចេះដឹង រួមទាំងមនុស្សគ្រប់រូបផ្សេងទៀត គឺសុទ្ធតែមានសារសំខាន់»។
ជាការឧទ្ទិសដល់ថ្ងៃឈប់សម្រាកនេះ មានការរៀបចំជាការដើរដង្ហែរក្បួនតាមទីក្រុងជាច្រើន និងមានការច្រៀងតាមព្រះវិហារទូទាំងប្រទេស។ ពលរដ្ឋអាមេរិកទាំងអស់ រួមទាំងលោកប្រធានាធិបតី និងគ្រួសាររបស់លោក បានចូលរួមក្នុងសកម្មភាពតាមសហគមន៍ដើម្បីការរួបរួមគ្នា។
អ្នកស្រី Alveda King និយាយថា នេះគឺជាសុបិនរបស់អ៊ំនាង ដោយចង់បានប្រទេសជាតិដ៏សន្តិភាព និងរួបរួមមួយ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត