ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​និង​រដ្ឋ​ចំនួន ១១ នៅ​សហរដ្ឋ​អាមេរិក ប្ដឹង​ក្រុមហ៊ុន Google


ស្លាកសញ្ញារបស់​ក្រុមហ៊ុន​ Google។
ស្លាកសញ្ញារបស់​ក្រុមហ៊ុន​ Google។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក រួម​ជាមួយ​នឹង​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​ចំនួន ១១ បាន​ដាក់​ពាក្យ​បណ្ដឹង​ដ៏​ធំ​មួយ​ប្រឆំាង​នឹង​ក្រុមហ៊ុន Google កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​នេះ​ថា​ បាន​រក្សា​នូវ​ការ​គ្រប់គ្រង​ផ្ដាច់មុខ​ខុស​ច្បាប់​លើ​ការ​ស្វែងរក​ព័ត៌មាន​នានា​នៅ​លើ​អ៊ីនធឺណិត និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​កម្មវិធី​របស់ Google សម្រាប់​ស្វែងរក​ព័ត៌មាន​នានា។

បណ្ដឹង​ប្រឆាំង​នឹង​ការ​ទុក​ចិត្ត​នេះ ជា​បណ្ដឹង​ប្រភេទ​នេះ​ដ៏​ធំ​បំផុត​មួយ ចាប់តាំង​ពី​ពេល​ដែល​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ប្ដឹង​ក្រុមហ៊ុន Microsoft កាល​ពី​ឆ្នាំ ១៩៩៨ ថា​ បាន​គ្រប់គ្រង​ផ្ដាច់​មុខ​លើ​ទីផ្សារ​ Software មក។ បណ្ដឹង​នេះ​ បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​ស៊ើបអង្កេត​រយៈពេល​ពេញ​មួយ​ឆ្នាំ​លើ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ៣ ទៀត រួម​មាន​ក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន Facebook។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr បាន​ហៅ​បណ្ដឹង​នេះ​ថា​ ជា​សំណុំរឿង​ដ៏​ធំ​សម្បើម​មួយ «សម្រាប់​ក្រសួង​យុត្តិធម៌ និង​សម្រាប់​ពលរដ្ឋ​អាមេរិកាំង»។

លោក Barr បាន​និយាយ​ថា៖ «បណ្ដឹង​នេះ​បាន​ចាក់​ចំ​ចំណុច​ស្នូល​នៃ​ការ​ក្ដោបក្ដាប់​របស់​ក្រុមហ៊ុន Google លើ​អ៊ីនធឺណិត សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ចំនួន​រាប់​លាន​នាក់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម អាជីវកម្ម​ខា្នត​តូច និង​សហគ្រិន​នានា»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ប្រធាន​ផ្នែក​ច្បាប់​នៃ​ក្រុមហ៊ុន Google លោក Kent Walker បាន​ហៅ​ពាក្យ​បណ្ដឹង​នេះ​ថា «មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ»។

លោក Walker បាន​សរសេរ​នៅ​លើ blog លើ​អ៊ីនធឺណិត​ថា៖ «មនុស្ស​ប្រើ Google ដោយសារតែ​ពួកគេ​ជ្រើសរើស​ធ្វើ​ដូច្នេះ មិន​មែន​ដោយសារតែ​ពួកគេ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ ឬ​មិន​មែន​ដោយសារតែ​ពួកគេ​មិន​អាច​ស្វែងរក​ជម្រើស​ផ្សេង​នោះ​ទេ»៕

XS
SM
MD
LG