ការកើនឡើងនូវកម្មវិធីសូហ្វវែកុំព្យូទ័រដែលលួចព័ត៌មានសម្ងាត់ ឬដែលគេហៅថា Spyware កើតមានឡើងខណៈដែលសារអេឡិកត្រូនិកនានាត្រូវបានគេធ្វើអក្ខរបំប្លែង (encryption) ឬលាក់សារក្នុងកូដសម្ងាត់ ដែលធ្វើឲ្យលំបាកដល់កិច្ចប្រឹងប្រែងតាមដានរបស់រដ្ឋាភិបាលនិងអាជ្ញាធរ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនឯកជនចាប់ផ្តើមលក់កម្មវិធីសូហ្វវែទំនើបដែលដំបូងមើលទៅដូចជាសារទូរស័ព្ទធម្មតាដែលមានតំណភ្ជាប់ ឬ link។ នៅពេលគេចុចតំណភ្ជាប់ link នោះ ទូរស័ព្ទនោះនឹងត្រូវឆ្លងមេរោគកុំព្យូទ័រ។ បន្ទាប់មក ជនទី៣ម្នាក់ (តតិយជន) អាចលួចអានអ៊ីម៉ែលបាន អាចលួចយកទិន្នន័យនិងស្តាប់សំឡេង និងតាមដានចលនាម្ចាស់ទូរស័ព្ទ។
ក្រុមហ៊ុនដែលលក់កម្មវិធី Spyware ទាំងនេះផ្តាច់មុខទៅឲ្យស្ថាប័នរដ្ឋាភិបាលទទូចថា កម្មវិធីសូហ្វវែទាំងនេះត្រូវគេប្រើតែក្នុងករណីស្របច្បាប់ប៉ុណ្ណោះ គឺដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មនិងភេរវកម្ម។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវខាងសន្តិសុខនិងក្រុមការពារសិទ្ធិពលរដ្ឋយល់ថា រដ្ឋាភិបាលខ្លះប្រើកម្មវិធីនេះដើម្បីតាមដានសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងជនផ្សេងទៀត។
ព័ត៌មានចុងក្រោយមួយដែលចុះផ្សាយក្នុងសារព័ត៌មាន The New York Times បង្ហាញថា សកម្មជននិងអ្នកកាសែតនៅប្រទេសម៉ិកស៊ិកបានទទួលសារទូរស័ព្ទនិងសារអ៊ីម៉ែលដែលមានតំណភ្ជាប់ link ដែលអាចធ្វើឲ្យទូរស័ព្ទពួកឆ្លងមេរោគកុំព្យូទ័របង្កប់ Spyware ប្រសិនបើពួកគេចុចតំណភ្ជាប់ link នោះ។ ក្នុងករណីខ្លះ សារទាំងនោះមើលទៅហាក់ចេញពីប្រភពត្រឹមត្រូវ ដូចជាចេញពីស្ថានទូតអាមេរិកជាដើម។
រដ្ឋាភិបាលម៉ិកស៊ិកថា ខ្លួនមិនតាមដានសកម្មជន អ្នកកាសែតឬជនណាផ្សេងដោយប្រើកម្មវិធី Spyware នោះទេ ដរាបណាមិនមាន «ការអនុញ្ញាតជាមុនពីតុលាការ»។
«ការស្ទាក់ចាប់ស្របច្បាប់»
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងការលក់កម្មវិធីសូហ្វវែមួយបែបដែលគេហៅថា lawful intercept ឬប្រែថា «ការស្ទាក់ចាប់ស្របច្បាប់» នេះបើតាមលោក Mike Murray អនុប្រធានផ្នែកចារកម្មសន្តិសុខនៅក្រុមហ៊ុន Lookout ដែលជាក្រុមហ៊ុនសន្តិសុខទូរស័ព្ទមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ិស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California)។
លោក Murray ថ្លែងថា ប្រទេសនានាដែលមិនអាចបង្កើតកម្មវិធីកុំព្យូទ័រទំនើបសម្រាប់ការឃ្លាំមើល ឥឡូវនេះអាចទិញកម្មវិធីឃ្លាំមើលទំនើបៗបែបនេះបាន។
«អ្វីដែលថ្មីនោះ គឺសេចក្តីសាទររបស់ប្រទេសទាំងនេះ ដែលតែងតែប្រាថ្នាចង់មានសមត្ថភាពបច្ចេកវិទ្យា (ទំនើប)នេះ។ ហើយឥឡូវនេះពួកគេមានហើយ»។
ក្រុមហ៊ុន Lookout ដែលផលិតកម្មវិធីសូហ្វវែនិងផ្តល់សេវាកម្មខាងសន្តិសុខ ទទួលព័ត៌មានប្រចាំខែពីទូរស័ព្ទជាង១០០លានគ្រឿងនៅប្រទេសចំនួន១៥០។ លោក Murray ថាក្រុមហ៊ុននេះបានឃើញកម្មវិធីលួចព័ត៌មានសម្ងាត់ Spyware «នៅក្នុងទីតាំងជម្លោះគ្រប់បែបនៅជុំវិញពិភពលោក»។
អ្នកស្រី Eva Galperin ប្រធានផ្នែកសន្តិសុខអ៊ីនធឺណិតនៃអង្គការការពារសិទ្ធិតាមអ៊ីនធឺណិតឈ្មោះមូលនិធិដែនអេឡិកត្រូនិក ឬ Electronic Frontier Foundation ថ្លែងថា ការប្រើប្រាស់ Spyware ពីមុនមានប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលមានលទ្ធភាពប្រើ Spyware។ ប៉ុន្តែបច្ចុប្បន្ននេះ តម្លៃនៃ Spyware បានធ្លាក់ចុះ ហើយប្រទេសជាច្រើនអាចចំណាយតែប៉ុន្មានសែនដុល្លារនឹងអាចមានសមត្ថភាពបច្ចេកវិទ្យាខាងឃ្លាំមើលដូចគ្នាដែរ។
កាលពីឆ្នាំមុន អ្នកស្រី Galperin បានចំណាយពេលបីសប្តាហ៍នៅប្រទេសម៉ិកស៊ិកដើម្បីបណ្តុះបណ្តាលក្រុមសកម្មជន។ អ្នកស្រីឲ្យដំបូន្មានមួយគឺ៖ ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទណាដែលមិនច្បាស់អំពីតំណភ្ជាប់ link ដែលចម្លែកនៅក្នុងអ៊ីម៉ែល ឬសារទូរស័ព្ទ គួរផ្ញើសារចម្លែកនេះបន្តទៅគណនីផ្សេងមួយទៀត ដូចជាគណនី Gmail របស់ Google ឬ គណនី Google Documents ដើម្បីបង្ការការឆ្លងមេរោគកុំព្យូទ័រ។
អ្នកស្រី Galperin ថ្លែងថា៖
«យើងគួរតែមានការបារម្ភខ្លាំង។ កម្មវិធីលួចឃ្លាំមើលមានឥទ្ធិពលខ្លាំងណាស់។ គេអាចគ្រប់គ្រងឧបករណ៍អ្នកបានទាំងស្រុង។ អ្វីទាំងអស់ដែលអ្នកជាម្ចាស់ទូរស័ព្ទអាចមើលបាន អ្នកលួចក៏អាចមើលបាន។ គេអាចឃើញអ្វីទាំងអស់ដែលម្ចាស់អាចឃើញ និងអាចបញ្ជាអ្វីទាំងអស់ដែលម្ចាស់ទូរស័ព្ទបញ្ជាដែរ»៕
ប្រែសម្រួលដោយ សឹង សុផាត