ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិវាទ​ខាង​បញ្ហា​សន្តិសុខ​របស់ Apple កាន់​តែ​ចម្រូងចម្រាស


អ្នក​ប្រើប្រាស់​​ម្នាក់​ទូរស័ព្ទ iPhone 6 Plus មួយ​ដែល​​មាន​ជាប់​លេខ​កូដ។
អ្នក​ប្រើប្រាស់​​ម្នាក់​ទូរស័ព្ទ iPhone 6 Plus មួយ​ដែល​​មាន​ជាប់​លេខ​កូដ។

ក្រុមហ៊ុន Apple បាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​ដោយ​ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​​ឲ្យ​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​​​វិធានការ​«ហួស​ប្រមាណ‍»

ក្រុមហ៊ុន​បច្ចេកវិទ្យា​ Apple កំពុង​ប្រឆាំង​នឹង​បទ​បញ្ជា​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ឲ្យ​ខ្លួន​ដោះ​លេខ​កូតសម្ងាត់ (encryption) សម្រាប់​ការ​ស៊ើប​អង្កេត​មួយអំពី​ករណី​ការ​វាយប្រហារ​ភេរវកម្ម ហើយ​ក្រុមហ៊ុន​នេះ​បាន​អំពាវនាវ​ឲ្យ​សាធារណជន​ចូល​រួម​ពិភាក្សា​អំពី​បញ្ហា​នេះ។ បញ្ហា​នេះនាំ​ឲ្យ​ពលរដ្ឋ​អាមេរិក​មាន​ការ​ស្ទាក់ស្ទើរ​មិន​អាច​សម្រេច​ចិត្ត​បាន​ចំពោះ​បញ្ហា​មួយ គឺ​បញ្ហា​តុល្យភាព​រវាង​សិទ្ធិ​ឯកជន​និង​សន្តិសុខ​ជាតិ។

ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI របស់​សហរដ្ឋ​អាមេរិក​កំពុង​ស្នើ​ឲ្យ​ក្រុមហ៊ុន Apple ដោះ​លេខ​កូដបម្លែង​អក្ខរៈ encryption នៃ​ទូរស័ព្ទ iPhone របស់ប្តី​ប្រពន្ធ​ជា​ភេរវករ​ដែល​បាន​សម្លាប់​មនុស្ស​១៤​នាក់​កាល​ពី​ខែ​ធ្នូ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ក្រុមហ៊ុន Apple បាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​ដោយ​ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​កាន់​អតិថិជន​របស់​ខ្លួនឲ្យ​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​វិធានការ​«ហួស​ប្រមាណ‍»​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ដែល​វិធានការ​នេះ​អាច​មានផលប៉ះពាល់​«ធ្ងន់ធ្ងរ‍»​ដល់​ឯកជនភាព​របស់​ពលរដ្ឋ។ ក្រុម​អតិថិជន​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា។

អតិថិជន​ម្នាក់​យល់​ថា៖

«វិធានការ​នេះ​នឹង​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​រដ្ឋាភិបាល​អាច​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​អ្នក​រាល់​គ្នា‍»។

អតិថិជន​ម្នាក់​ទៀត​យល់​ថា៖

«បើ​សិន​ជា​វិធានការ​នេះ​សម្រាប់​តែ​ការ​ស៊ើប​អង្កេត​ប៉ុណ្ណោះ ខ្ញុំ​គិត​ថា​ វា​សម​ហេតុ​ផល‍»។

សេតវិមាន​កាល​ពី​ថ្ងៃ​ពុធសប្តាហ៍មុន​បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​ទៅ​ក្នុង​អំពើ​ភេរវកម្ម​នេះ​ជា​អាទិភាព​មួយ​ ប៉ុន្តែ​អះអាង​ថា សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​នឹង​មិន​ត្រូវ​ប៉ះពាល់​ទេ។

អ្នក​នាំ​ពាក្យ​សេតវិមាន លោក Josh Earnest បាន​ពន្យល់​ថា៖

​«ពួក​គេ​មិន​បាន​សុំ​ឲ្យ Apple ធ្វើ​ការ​រចនា​ថ្មី​ឬ​បង្កើត​‍ «ច្រក​ចូល​សម្ងាត់‍» ក្នុង​ផលិតផល​មួយ​របស់​ខ្លួន​ទេ។ ពួក​គេ​គ្រាន់​តែ​សុំ​នូវ​អ្វី​មួយ​ដែល​មាន​ផល​ប៉ះពាល់​ត្រឹម​ឧបករណ៍​តែ​មួយ​ហ្នឹង‍»។

ករណី​នេះ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​កាន់​តែ​ធំ​ឡើង​សម្រាប់​អាជ្ញាធរ​ពង្រឹង​ច្បាប់របស់​សហរដ្ឋ​អាមេរិក ជា​ពិសេស​នៅ​តាម​ទី​ក្រុង​ធំៗ​ដែល​ជា​គោលដៅ​នៃ​ពួក​ភេរវករ​ដូច​ជា​ទី​ក្រុង​ញូវយ៉ក។

ចៅហ្វាយ​ក្រុង​ញូវយ៉ក​ លោក Bill De Blasio និយាយ​ថា៖

«យើង​ទាំង​អស់​គោរព​សិទ្ធិ​រដ្ឋធម្មនុញ្ញ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​យល់​ពី​រឿង​រសើប​នានា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​ឯកជន។ ប៉ុន្តែ​នៅ​ទី​បំផុត ក្រុមហ៊ុន​ទាំង​អស់​នេះ ទោះ​បី​ពួក​គេ​មាន​ចេតនា​ឬ​មិន​មាន​ក្តី ជា​អកុសល​ពួក​គេជួយ​បង្ក​ឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​ដល់​ពួក​ភេរវករអាច​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ​របស់​ពួក​គេ។ ហើយ​រឿង​នេះ​ត្រូវ​តែ​បញ្ឈប់។ រឿង​សំខាន់​គឺ​នៅ​ត្រង់​ថា ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​ដាក់​ប្រយោជន៍​សាធារណៈ​ឲ្យ​ខ្ពស់​ជាង​គោលដៅ​ផល​ចំណេញ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​រក្សា​សន្តិសុខ‍»។

ភេរវករ​នៅ​ទូទាំង​ពិភពលោក​កាន់​តែ​ពឹង​ពាក់​ខ្លាំង​ឡើង​ទៅ​លើ​កម្មវិធី​កុំព្យូទ័រ​ (software) កាន់​តែ​ទំនើប​ជាង​មុន ដើម្បី​ឲ្យអាជ្ញាធរពិបាក​តាមដាន​ពួក​គេ​បាន។

សមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ ​ញូវយ៉ក លោក Chuck Schumer ថ្លែង​ថា រឿង​នេះ​គេ​មិន​បង្កើត​ជា​សំណុំ​រឿង​ច្បាប់​មួយ​ករណីម្តងៗ​នោះ​ទេ។

«យើង​ត្រូវ​ការ​ដំណោះស្រាយ​មួយ​ដែល​ការពារ​សិទ្ធិ​ឯកជន​យើង​ទាំង​អស់​គ្នា ប៉ុន្តែ​ក្នុង​ពេល​តែ​មួយ​នេះ​ ផ្តល់​ឲ្យ​អាជ្ញាធរ​នូវ​មធ្យោបាយ​ដែល​ពួក​គេ​ត្រូវ​ការ‍»។

ដីកា​មួយ​របស់​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន Apple ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ស៊ើប​អង្កេតអាចមាន​វិធី​ចៀសវាង​ប្រព័ន្ធ​លុប​ចោល​ទិន្នន័យ ​ស្វ័យប្រវត្តិ (auto-erase) ​របស់​ iPhone នៅ​ពេល​លេខ​កូដ​ខុស​ត្រូវ​បាន​គេ​បញ្ចូល​១០​ដង។ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​មួយ​ចំនួន​អះអាង​ថា ក្រុម​អ្នក​លួច​ចូល​កុំព្យូទ័រ​ដែល​គេ​ហៅ​ថា hackers នឹង​អាច​លួច​រៀនផ្លូវកាត់​នេះ ហើយ​ប្រើ​វា​សម្រាប់​ចូល​លួច​ព័ត៌មាន​សម្ងាត់ដែល​បម្លែង​ជា​កូដ​ពីទូរស័ព្ទ​ដៃ​នានា​បាន៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

XS
SM
MD
LG