កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីស.រ.អា. និងជប៉ុនបានប្រមូលផ្តុំគ្នានៅលើកោះ Iwo Jima ដែលជាកោះតូចមួយក្នុងប្រទេសជប៉ុនដើម្បីរំលឹកខួបឆ្នាំទី៧០នៃការប្រយុទ្ធមួយក្នុងបណ្តាការប្រយុទ្ធខ្លាំងបំផុតក្នុងសង្គ្រាមលោកលើកទីពីរ។
លោករដ្ឋមន្ត្រីការពារប្រទេសជប៉ុន Gen Nakatani បានថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកនោះ ហើយលោកបានអំពាវនាវដល់ជនគ្រប់គ្នាឱ្យនឹកដល់ជនជាតិជប៉ុនជិត២ម៉ឺន២ពាន់នាក់និងជនជាតិអាមេរិកាំងប្រមាណ៧ពាន់នាក់ដែលបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាចំនួន៣៦ថ្ងៃនោះ។
លោក Nakatani បានមានប្រសាសន៍ថា «យើងមិនគួរភ្លេចទេថាសន្តិភាពនិងភាពសំបូររុងរឿងដែលប្រទេសជប៉ុននិងស.រ.អា.មាននៅពេលនេះផ្អែកទៅលើពលិកម្មរបស់ជនដែលបានបាត់បង់ជីវិត» ដោយលោកបានសន្យាថានឹងធ្វើការច្រើនដើម្បីពង្រឹងថែមទៀតដល់សម្ព័ន្ធភាពរវាងស.រ.អា.និងប្រទេសជប៉ុន។
លោក Ray Mabus រដ្ឋលេខាធិការនៃកងទ័ពជើងទឹកស.រ.អា.ក៏បានថ្លែងសុន្ទរកថាដែរដោយលោកកោតសរសើរទំនាក់ទំនងរវាងប្រទេសទាំងនេះនៅពេលនេះ។
លោក Mabus បានមានប្រសាសន៍ថា «ដោយងើបពីកន្លែងដ៏រន្ធត់នៅ Iwo Jima ភាពដៃគូរបស់យើងបានអភិវឌ្ឍក្រោយសង្គ្រាមហើយបានលូតលាស់ខ្លាំងជាងមុននៅក្នុងពេលច្រើនឆ្នាំចាប់តាំងពីពេលនោះមក»៕