នៅប្រទេសជប៉ុនមានមនុស្សច្រើនពាន់នាក់នៅតែមិនទាន់មានផ្ទះសម្បែងនៅឡើយ ហើយរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរទាំងអស់របស់ប្រទេសនេះនៅមិនទាន់មានប្រព័ន្ធបញ្ជាតាមអ៊ីនធើណិតនៅឡើង បួនឆ្នាំក្រោយពីការរញ្ជួយដីមានកម្លាំងរំញ័រ៩,0 លើជញ្ជីងរិចទ័រ និងរលកយក្ស Tsunami ដែលបណ្តាលឲ្យមានមហន្តរាយនុយក្លេអ៊ែរធំបំផុតនៅក្នុងពិភពលោកតាំងពីមានមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរនៅ Chernobyl ប្រទេសរុស្ស៊ី។
លោក Brian Padden នៃវីអូអេរាយការណ៍ពីទីក្រុងសេអ៊ូលមកថា លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន បានសន្យានឹងធ្វើផែនការកសាងឡើងវិញរយៈពេល៥ឆ្នាំសម្រាប់តំបន់ដែលរងការបំផ្លិចបំផ្លាញដោយសារមហន្តរាយនេះ ប៉ុន្តែលោកនៅតែជាអ្នកគាំទ្រថាមពលនុយក្លេអ៊ែរ ថ្វីបើមានការរិះគន់យ៉ាងខ្លាំងពីសាធារណជនក៏ដោយ។
មានមនុស្សជាង១២ម៉ឺននាក់ ដែលរស់នៅក្នុងរង្វង់២០គ.ម.នៃរោងចក្រថាមពលនុយក្លេអ៊ែរឈ្មោះ Daiichi នៅ Fukushima ប្រទេសជប៉ុន ត្រូវបានជម្លៀសកាលពីខែមិនាឆ្នាំ២០១១ ក្រោយពីមានការខូចខាតរោងចក្រនុយក្លេអ៊ែរ ដែលចាប់ផ្តើមឲ្យមានការលេចវិទ្យុសកម្មនុយក្លេអ៊ែរ។
ជនភៀសខ្លួនដោយសារនុយក្លេអ៊ែរទាំងនេះនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់គេនៅឡើយ ពីព្រោះកម្រិតវិទ្យុសកម្មមានកម្រិតខ្ពស់ ហើយគេនៅតែព្រួយបារម្ភអំពីគ្រោះថ្នាក់ដល់សុខភាពរយៈពេលយូរ ដូចជាជំងឺមហារីក បណ្តាលមកពីពួកគេរងចំហាយវិទ្យុសកម្ម។
លោកសាស្ត្រាចារ្យ Jeff Kingston គឺជានាយកនៃការសិក្សាអំពីអាស៊ីនៅសាកលវិទ្យាល័យ Temple University នៅប្រទេសជប៉ុន។ លោកនិយាយថា ជនភៀសខ្លួនទាំងនេះក្លាយជានិមិត្តរូបនៃគ្រោះថ្នាក់ដោយសារថាមពលនុយក្លេអ៊ែរ។
«ប្រជាជនទាំងនេះយល់ច្បាស់ណាស់អំពីការនិយាយមិនពិតទាក់ទងនឹងសុវត្ថិភាព ដែលរដ្ឋាភិបាល និងរោងចក្រនានាបានឃោសនាកន្លងមកជាច្រើនទសវត្សរ៍» ។
លោកនាយករដ្ឋមន្ត្រី Shinzo Abe បានប្តេជ្ញានៅសប្តាហ៍នេះថា លោកនឹងមានផែនការថ្មីរយៈពេល៥ឆ្នាំ ដើម្បីសាងសង់តំបន់នៅឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ដែលត្រូវបំផ្លាញដោយរលកយក្ស Tsunami។ រដ្ឋាភិបាលត្រូវរាយការណ៍មកថា បានចំណាយអស់៥០ពាន់លានដុល្លារហើយសម្រាប់តំបន់ដែលរងការបំផ្លិចបំផ្លាញច្រើនជាងគេ។
ប្រទេសជប៉ុនបានបែងចែកថវិកាជាង១៥ពាន់លានដុល្លារសម្រាប់គម្រោងមួយដើម្បីបន្ថយវិទ្យុសកម្មនៅតាមទីក្រុងនានា ដែលនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ដែលគេរក្សាកាកសំណល់វិទ្យុសកម្មនៅតាមឃ្លាំងស្តុកបណ្តោះអាសន្នចំនួន៨៨ពាន់ឃ្លាំង។
រដ្ឋាភិបាលក្រុងតូក្យូក៏មានផែនការកសាងឃ្លាំងស្តុកនុយក្លេអ៊ែរអចិន្ត្រៃយ៍ នៅជិតរោងចក្រ ថ្វីបើមានការប្រឆាំងពីអ្នកស្រុកខ្លះក៏ដោយ។
ក្រោយពីមានមហន្តរាយនៅ Fukushima រោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរទាំង៤៨របស់ប្រទេសជប៉ុនត្រូវបិទ។ រោងចក្រទាំងនេះនៅតែបិទនៅឡើយ ដោយសារតែមានកង្វល់អំពីសុវត្ថិភាព និងដោយសារលទ្ធផលនៃការស្ទង់មតិបង្ហាញថា មានសំឡេងមហាជនសាធារណៈជាង៦០ភាគរយប្រឆាំងនឹងថាមពលនុយក្លេអ៊ែរ។
ក៏ប៉ុន្តែលោក Shinzo Abe ដែលថ្មីៗនេះបានជាប់ឆ្នោតឡើងវិញ ដោយមានសំឡេងគាំទ្រច្រើននោះ នៅតែជាអ្នកគាំទ្រថាមពលនុយក្លេអ៊ែរ។
លោកសាស្ត្រាចារ្យ Kingston ថ្លែងថា ជំហរមិនមានប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីនោះត្រូវគេគិតថា មានការគាំទ្រគ្រប់គ្រាន់ពីក្រុមមេដឹកនាំជំនួញ ដែលមានចំណាប់អារម្មណ៍ច្រើនបំផុតនឹងឧស្សាហកម្មនុយក្លេអ៊ែរ។
«អ្នកខ្លះនឹងខាតបង់ធ្ងន់ធ្ងរ ប្រសិនបើរោងចក្រថាមពលនុយក្លេអ៊ែរមិនអាចចាប់ផ្តើមឡើងវិញនោះ។ ហើយអ្នកទាំងនេះមានឥទ្ធិពលខ្លាំងណាស់ទៅលើក្រុមអ្នកគ្រប់គ្រងអំណាច ហើយលោកនាយករដ្ឋមន្ត្រី Abe គឺជាមេដឹកនាំរបស់គេ» ។
តាំងពីឆ្នាំ២០១២មក ផលិតកម្មថាមពលព្រះអាទិត្យបានកើនឡើងដល់កម្រិតដែលផ្តល់ថាមពលស្មើនឹងរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន១១។ ប៉ុន្តែឥឡូវនេះ ប្រទេសជប៉ុនពឹងអាស្រ័យលើការនាំចូលថាមពលប្រេងឥន្ធនៈហ្វូស៊ីលចំនួន៩០ភាគរយនៃផលិតកម្មថាមពលអគ្គិសនីរបស់ប្រទេសនេះ។ រហូតដល់ពេលថ្មីៗនេះ ការផលិតប្រេងនិងឧស្ម័នត្រូវចំណាយច្រើនណាស់លើសចំណាយផលិតកម្មថាមពលនុយក្លេអ៊ែរ។
អ្នកស្រី Tomoko Murakami អ្នកវិភាគនៅវិទ្យាស្ថានសេដ្ឋកិច្ចថាមពលនុយក្លេអ៊ែរជប៉ុនគឺ Institute of Energy Economics Japan និយាយថា ការពឹងអាស្រ័យរបស់ប្រទេសនេះលើថាមពលឥន្ធនៈហ្វូស៊ីលគឺជាកង្វល់ដ៏ធំខាងសន្តិសុខថាមពលរបស់ជប៉ុន ដោយសារប្រេងឥន្ធនៈនេះមានតម្លៃឡើងចុះខ្លាំង ហើយនឹងមានកង្វល់ទាក់ទងនឹងអស្ថិរភាពនៅក្នុងប្រទេសជាច្រើនដែលផលិតប្រេងឥន្ធនៈ។
«ការនាំចូលឧស្ម័នធម្មជាតិច្រើនពេកគឺជាការប្រថុយគ្រោះថ្នាក់ខ្លាំង គឺគ្រោះថ្នាក់ខ្លាំងសម្រាប់រោងចក្ររបស់ជប៉ុន»។
អ្នកស្រីនិយាយថា ថ្វីបើអាចមានគ្រោះថ្នាក់ក្តី ថាមពលនុយក្លេអ៊ែរធ្វើឲ្យជប៉ុនមានស្ថិរភាពថាមពល។ ប៉ុន្តែសម្រាប់ពលរដ្ឋជប៉ុនភាគច្រើន ចំណាយនិងគ្រោះថ្នាក់នៃថាមពលនុយក្លេអ៊ែរទំនងជាមានទំហំធំធេងជាងឯករាជ្យភាពខាងសន្តិសុខថាមពល ក្រោយពីមានមហន្តរាយថាមពលនុយក្លេអ៊ែរនៅ Fukushima មកនោះ៕