ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ចាប់​ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ការ​គម្រាមកំហែង​លើ​ស្ថានទូត​អាមេរិក


លោកស្រី Caroline Kennedy ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ដែល​រង​ការ​គំរាម​សម្លាប់​។
លោកស្រី Caroline Kennedy ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ដែល​រង​ការ​គំរាម​សម្លាប់​។

ប៉ូលិស​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ពួកគេ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​បាន​គម្រាម​កំហែង​ដាក់​គ្រាប់​បែក​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ទីក្រុង​តូក្យូ។

ប៉ូលិស​បាន​និយាយ​ថាMitsuyoshi Kamiya អ្នកស្រុក​កោះ​អូគី​ណាវ៉ា ​បាន​ទូរស័ព្ទគម្រាម​គំហែង​ដាក់​គ្រាប់​បែក​នៅ​ស្ថានទូត​ និង​បន្ទាយ Camp Schwab ​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក ដែល​ស្ថិត​នៅ​លើ​កោះ​នោះ​ភាគ​ខាង​ត្បូង។

បណ្តាញ​ផ្សាយ​ព័ត៌មាន​មូលដ្ឋាន​បាន​រាយការណ៍​ថា Kamiyaអាយុ៥២​ឆ្នាំ​ក៏​បាន​ត្រូវ​គេ​ជឿ​ជាក់​ផងដែរ​ថា​ បាន​ស្ថិត​នៅ​ពីក្រោយ​ការ​គម្រាម​កំហែង​សម្លាប់​លោកស្រី Caroline Kennedy ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​និង​មន្រ្តី​ការទូត​អាមេរិកាំង​ផ្សេង​ៗ​ទៀត។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោកស្រី Jen Psaki ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ប៉ូលិស​ជប៉ុន​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ទាក់​ទិន​នឹងការ​គម្រាម​កំហែង​ប្រឆាំងទាំង​ស្ថានទូត​ និង​លោកស្រីឯក​អគ្គរដ្ឋ​ទូត។

លោកស្រីឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​«យើង ​បាន​ទទួល​ការ​គម្រាម​កំហែងយ៉ាង​ខ្លាំង​ដល់​ក្រុម​អ្នកការទូត​សហរដ្ឋ​អាមេរិក​និង​អាគារ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​។យើង​បាន​ធ្វើការអស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ជាមួយរដ្ឋាភិបាល​ជប៉ុន‍»។

ក្រុម​អាជ្ញាធរ​ជប៉ុន​និយាយ​ថាKamiya ​បាន​សារភាព​គម្រាម​កំហែង​ដាក់​គ្រាប់​បែក ទោះ​ជាយ៉ាង​ណា​ក៏ដោយ​មូលហេតុ​នោះ​មិន​ត្រូវ​បាន​គេរក​ឃើញទេ។​ ជន​នោះ​មិន​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​គម្រាម​កំហែង​ប្រឆាំង​លោកស្រីឯក​អគ្គរដ្ឋទូត​ Kennedy​ ។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​អ្នកស្រុក​កោះ​អូគីណាវ៉ា​ជា​ច្រើន ​មាន​ការ​ទោមនស្សដល់​វត្តមានរបស់​កងទ័ព​សហរដ្ឋ​អាមេរិក​រាប់​ម៉ឺននាក់​ ដែល​បាន​បោះ​ទី​តាំង​នៅ​លើ​កោះ​នោះ ​ដោយ​លើក​ឡើង​ពី​អាកប្បកិរិយា​របស់​កងទ័ព ការ​បំពុល​ដោយ​សំឡេង​ និង​ភាព​គ្រោះ​ថ្នាក់​នៃការ​ធ្លាក់យន្តហោះ​នៅ​លើ​តំបន់​ដែល​មានប្រជាពលរដ្ឋ​រស់​នៅ​ជា​ច្រើន៕

XS
SM
MD
LG