ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នូវែលសេឡង់​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា


រូបថត​ ថត​ពី​គេហទំព័រ «UN Web TV» ដែល​បង្ហាញ​លោក Jarrod Philip Clyne ភារៈធារី​នៃស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ របស់​នូវែលសេឡង់ ​ប្រចាំទីក្រុង​ ហ្សឺណែវ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៣៨ នៃ​ក្រុម​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អ.ស.ប​ ក្នុងទីក្រុង​ ហ្សឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៨។ (រូបថត៖ ថត​ពី​គេហទំព័រ UN Web TV)
រូបថត​ ថត​ពី​គេហទំព័រ «UN Web TV» ដែល​បង្ហាញ​លោក Jarrod Philip Clyne ភារៈធារី​នៃស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ របស់​នូវែលសេឡង់ ​ប្រចាំទីក្រុង​ ហ្សឺណែវ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៣៨ នៃ​ក្រុម​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អ.ស.ប​ ក្នុងទីក្រុង​ ហ្សឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៨។ (រូបថត៖ ថត​ពី​គេហទំព័រ UN Web TV)

ប្រទេស​នូវែលសេឡង់ ​បាន​នាំមុខ​ប្រទេស​ជាច្រើនទៀត​ ចេញ​សេចក្តីថ្លែង​ការណ៍រួម ​ទទូច​ឲ្យមាន​ការ​ដោះស្រាយ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​និង​ការ​ខ្ទេចខ្ទាំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ ដែល​រឿង​នេះ​នឹង​មិន​អាច​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​បានទេ​ ប្រសិន​បើ​គ្មាន​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។

នៅ​ឯ​កិច្ច​ប្រជុំ​លើក​ទី​៣៨​ នៃ​ក្រុម​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប​ក្នុង ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ប្រទេស​នូវែលសេឡង់ ​បាន​នាំ​មុខ​ប្រទេស​ជា​ច្រើន ទៀត​ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ស្ថាន​ការណ៍​ សិទ្ធិ មនុស្ស​និង​ការ​ខ្ទេចខ្ទាំ​នៃ​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។

ប្រទេស​ នូវែលសេឡង់​ និង​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ​អ.ស.ប ​ទទូច​ឲ្យ​មាន វិធានការ​បន្ថែមលើ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិម​នុស្ស​នៅសប្តាហ៍​នេះ ​ក្នុង​ប្រទេស​ស្វីស។​ ក្តីបារម្ភ​អំពី​បញ្ហា​ទាំងនេះ​ របស់​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សអ.ស.ប​ កើតឡើង​ក្រោយ ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ដែល​ស.រ.អា​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដំបូង​ គឺលោក ​ហ៊ីង ប៊ុនហៀង​ ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​រង​ការ​ចោទប្រកាន់​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹងការ​វាយប្រហារ​ជា​ច្រើន លើ​ពលរដ្ឋ​កម្ពុជា​ដែល​គ្មាន​អាវុធ​ក្នុងរយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ។

ប្រទេស​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​រង​ការ​វាយ​ប្រហារ ផ្ទួនៗ​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ​ ពាក់ព័ន្ធ​នឹង​រឿង រំលោភ​សិទ្ធិមនុស្ស​និង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​លទ្ធិប្រជាធិប​តេយ្យ។ ​នៅ​ឯ​កិច្ចប្រជុំ​លើកទី ៣៨​ នៃក្រុម​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្សអ.ស.ប​ ក្នុងទីក្រុង​ ហ្សឺណែវ ប្រទេស​ស្វីស ​ប្រទេស​នូវែលសេឡង់ ​បាន​នាំមុខ​ប្រទេស​ជាច្រើនទៀត​ ចេញ​សេចក្តី ថ្លែង​ការណ៍រួម ​ទទូច​ឲ្យមាន​ការ​ដោះស្រាយ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​និង​ការ​ខ្ទេចខ្ទាំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ ដែល​រឿង​នេះ​នឹង​មិន​អាច​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​បានទេ​ ប្រសិន​បើ​គ្មាន​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។ ​នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួមដែល​អាន​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ប្រជុំ​របស់​លោក ​ចារ៉ុដ គ្លីន​ (Jarrod Clyne) ​ភារៈធារី​នៃស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ របស់​នូវែលសេឡង់ ​ប្រចាំទីក្រុង​ ហ្សឺណែវ។

«យើងមិន​គិតថា​បរិយាកាស​មុនការ​បោះឆ្នោត​ដូច្នេះនឹង​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​រៀបចំ ការ​បោះឆ្នោត​ជាតិ​ដោយ​សេរី ​យុត្តិធម៌ ​និង​ពិត​ប្រាកដ​នោះ​ទេ។ ​ដំណើរការ​បោះឆ្នោត មួយ​ដែល​គណបក្ស​ប្រឆាំង​បែប​ប្រជាធិបតេយ្យ​មួយ​ត្រូវ​គេ​ផាត់​ចោល​តាម​តែ​ទំនើង​ចិត្ត​ដូច្នេះ ​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​ពិត​ប្រាកដ​ឬធានា​ពីការសម្តែង ​មតិ​តាម​ឆន្ទៈ របស់​អ្នក​បោះឆ្នោត​ឡើយ‍»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​គណបក្ស​ជំទាស់ ចាប់​មេដឹកនាំ​ដាក់គុក​និងដក​សិទ្ធិ​នយោបាយ ​កំពុង​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធើណិត​និងប្រព័ន្ធ​ផ្សព្វផ្សាយ​មិនលើ​ប្រព័ន្ធ អ៊ីនធើណិត​និង​សិទ្ធិ​ជួបប្រជុំ ​បន្ត​គំរាម​កំហែង​លើអ្នក​សារព័ត៌មាន​ អង្គការ​បណ្តាញ ព័ត៌មាន ​ដោយធ្វើ​ឲ្យមាន​ការ​រឹតត្បិត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុនការ​បោះឆ្នោត បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចោទ​ប្រកាន់​លើ​ក្រុម​ដែលមាន​និន្នាការ​ជំទាស់ ​ហើយ​ធ្វើ​ឲ្យ​មាន​ការភ័យ​ខ្លាច​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​ចាក​ចេញពី​ប្រទេស​តាម ជើង​យន្តហោះ​ជា​បន្ត​បន្ទាប់ ​ដោយខ្លាច​ការចោទ​ប្រកាន់​និងការ​ចាប់ខ្លួន។

លោក​ ចារ៉ុដ គ្លីន​ លើក​ឡើង​ថាកម្ពុជា​កំពុង​ស្ថិត​នៅលើ​ផ្លូវមួយ​ដែលអាច​វិលទៅ​រក​ស្ថានការ​រីកលូត​លាស់​ផ្នែក​ប្រជាធិបតេយ្យ​កាលពី​២៦ឆ្នាំ​មុន។ ​លោក​បានទទូច​ឲ្យ មាន​ការ​ដោះលែង​លោក ​កឹម សុខា ​ប្រធានា​គណបក្សសង្គ្រោះ​ជាតិ ​ធ្វើឲ្យ​គណបក្ស សង្គ្រោះជាតិ​រស់ឡើង​វិញ ​ហើយ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់មន្ត្រី​គណបក្ស​ជំទាស់ ចំនួន ​១១៨នាក់​ ដែល​ត្រូវ​ដក​ហូត​សិទ្ធិ​ធ្វើនយោបាយ​៥ឆ្នាំទាំងនោះ​ លុបចោល​ច្បាប់​នានា​ដែល​មិន​ស្រប​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា ​បញ្ឈប់​ការ​យាយី​គណបក្ស​ជំទាស់​ ក្រុមសង្គម​ស៊ីវិល​និងអ្នក​សារព័ត៌មាន ​បញ្ឈប់​ប្រើប្រាស់​ឥទ្ធិពល​លើ ប្រព័ន្ធ​តុលាការ ​ដោយ​អនុញាត​ឲ្យ​ស្ថាប័ន​នេះ​ធ្វើការ​ដោយ​ឯករាជ្យ ​ហើយ​នឹង​បង្កើត បរិយាកាស​ប្រសើរ​ដល់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់។

លោក​ក៏​បាន​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​បន្ត​ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន ការណ៍​កម្ពុជា​ជា​ពិសេស​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ថ្ងៃទី២៩ ​ខែ​កក្កដា​ឆ្នាំ​២០១៨។

«យើង​នឹង​រង់​ចាំ​ការ​ពិចារណា​បន្ត​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប​ ប្រសិន​បើ​ស្ថានការណ៍ ​សិទ្ធិមនុស្ស​មិន​រីក​ចម្រើន‍»។

អង្គការ​សិទ្ធិមនុស្ស​របស់​ស.រ.អា​មួយ​ គឺ Human ​Rights ​Watch​ បានបន្ទរ​តាម​សេចក្តី ប្រកាស​រួម ​ដែល​ដឹកនាំ​ដោយ​ប្រទេស ​នូវែលសេឡង់ ​ដោយបាន​ជម្រុញ​ដល់​ក្រុម ប្រឹក្សា​សិទ្ធិមនុស្ស​ឲ្យដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​ក្នុងប្រទេស​មួយចំនួន​ដូចជា ប្រទេស ​វ៉េណេស៊ុយអេឡា​ ដែនដី​ កាស្មៀ ​ប្រទេស​ ហ្វីលីពីន ​ដែលមាន​ស្ថាន ភាព​អាក្រក់ៗ ​ក្នុងនោះ​មានឈ្មោះ​ប្រទេស​កម្ពុជា​ផងដែរ។ ​សេចក្តី​ប្រកាស​ព័ត៌មាន ដដែល​ដែល ​VOA ​ទទួលបាន​កាលពី​ម្សិលមិញ​បានឲ្យ​ដឹងថា៖

«យើង​សូម​លើក​ទឹក​ចិត្តដល់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ​បន្ត​ជូន​ដំណឹង​តាមរយៈ​កិច្ច ប្រជុំ​ចម្រុះ​ភាគី ​ហើយក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​គួរ​ដាក់ការ​ឃ្លាំមើល ​និង​ធ្វើ​សេចក្តីរាយ ការណ៍ ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​មុនពេល​ ក្នុងពេល​ ហើយនឹង ក្រោយ ​ពេល​បោះឆ្នោត‍»។

ប្រទេសកម្ពុជា​នឹងធ្វើការ​បោះឆ្នោត​ជាសាកល​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​នៅថ្ងៃទី ២៩ ​ខែកក្កដា ​ឆ្នាំ២០១៨​ ខាងមុខ។ ​ការបោះឆ្នោត​នេះត្រូវ​គេ​គិត​ថា​នឹង​គ្មាន​ការ​ទទួល​ស្គាល់ពី​សុចរិតភាព​ ភាពស្របច្បាប់​ពីប្រទេស​មហាអំណាច​ជាច្រើន ​ជាពិសេស លោកខាងលិច​ដូចជា​ស.រ.អា​ជាដើម។​ ស.រ.អា​បានកាត់​ផ្តាច់ជំនួយ​បោះឆ្នោត​និង ចាត់វិធានការ​ជាបន្ត​បន្ទាប់​នៅពេល​ដែល​កម្ពុជា​មិនព្រម​ធ្វើតាម​ការចង់​បាន​របស់ សហគមន៍​អន្តរជាតិ ​លើបញ្ហា​ស្តារប្រជាធិបតេយ្យ ​គោរព​សិទ្ធិមនុស្ស ​សេរីភាព បញ្ចេញ​មតិជាដើម។​ វិធានការ​ទាំងនោះ ​មានដូចជា​ការ​មិន​ផ្តល់​ទិដ្ឋាការ ​ដល់មន្ត្រី ដែល​ពាក់ព័ន្ធ​ ការ​បំផ្លាញ​លិទ្ធិប្រជាធិបតេយ្យ​ ការ​បង្កកទ្រព្យសម្បត្តិ​ ជាដើម ​ដែល​គេឃើញ​ លោក​នាយឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង ​អគ្គមេបញ្ជាការរង​នៃកង យោធពល​ខេមភូមិន្ទ​ និងជា​មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​អង្គរក្ស​របស់លោក​ នាយក រដ្ឋមន្ត្រី ​ហ៊ុន សែន ​ត្រូវ​រង​ទណ្ឌកម្ម​ដំបូងគេ​ពី​ក្រសួង​រតនាគារ​ស.រ.អា​ តាម​ច្បាប់ Global Magnitsky​ ឆ្នាំ២០១៦​ ដោយ​សារ​តែមាន​ការចោទ​ប្រកាន់ថា​បាន ​រំលោភ សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ដូចជា​ការ​ពាក់ព័ន្ធ​នឹងការ​វាយប្រហារ​គ្រាប់បែក​ដៃ​កាលពី​ថ្ងៃទី៣០ ខែមីនា ​ឆ្នាំ ​១៩៩៧ ​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ និងរង​របួស​ជាច្រើន​ ហើយ​ក្នុង នោះ​មាន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ផង​ដែរគឺ​សព​លោក ​រ៉ន អាប់នី ​ដែលជា​អតីត​ប្រធាន​អង្គការ ​IRI ​ប្រចាំ​កម្ពុជា​ ក្រៅពី​ការ​ចោទ​ប្រកាន់​ថា​ពាក់ព័ន្ធ​នឹងការ​វាយ​ប្រហារ​លើ អ្នកតំណាង​រាស្ត្រ​ពីររូប​មកពី​គណបក្ស​សង្គ្រោះជាតិ​ផងនោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដែល​ VOA​ ទទួល​បាន បាន​បញ្ជាក់ថា​ ការ​ដាក់​ទណ្ឌកម្ម​ដោយ​ផ្អែក​លើ​ច្បាប់​សិទ្ធិ​មនុស្ស​ Global Magnitsky​ ឆ្នាំ២០១៦​ នេះ ​អនុញ្ញាត​ឱ្យ​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ ជន​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​ឬប្រព្រឹត្ត​អំពើ​ពុករលួយ។ ​សេចក្តី​ប្រកាស​ព័ត៌មាន នេះបន្ថែម​ថា៖

«លោក ​ហ៊ីង ប៊ុនហៀង ​និងបញ្ជាការ​ដ្ឋានអង្គរក្ស​មានជាប់​ពាក់ព័ន្ធ​នឹង​ឧប្បទ្ទវហេតុ ជាច្រើន​ដែលក្រុម​យោធា​បាន​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​ក្រុមបាតុករ​និង​គណបក្ស ប្រឆាំង​តាំងពីឆ្នាំ​១៩៩៧​មក​ ក្នុងនោះ​មានការ​គប់គ្រាប់​បែក​ដែលមាន​ពលរដ្ឋ​អាមេរិកាំង ម្នាក់បាន​រងរបួស‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​សហរដ្​ឋអាមេរិក​ក៏បាន​បញ្ជាក់​ដែរថា បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​មានជាប់​ពាក់ព័ន្ធ​នឹង ការវាយ​ប្រហារ​ជាច្រើន​លើពលរដ្ឋ​កម្ពុជា​ដែលគ្មាន​អាវុធ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំមក​នេះ ​ក្នុងនោះ​មានការ​វាយប្រហារ​កាលពីឆ្នាំ​២០១៣​ នៅក្បែរ​វត្តភ្នំ​និងឆ្នាំ​២០១៥​នៅមុខ រដ្ឋសភា​ជាតិកម្ពុជា។​ នេះបើ​តាមការ​រៀបរាប់​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។ ការប្រើប្រាស់​ច្បាប់ថ្មី ​Global Magnitsky ​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដំបូង​នេះ​កើតឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​បន្ថែមលើ​ផ្នែក​នៃការ បង្កក​ទ្រព្យសម្បត្តិ​នេះនៅថ្ងៃ​ទី២០​ ខែធ្នូ ​ឆ្នាំ២០១៧។

កាលពីឆ្នាំ​២០១៥​ មាន​អង្គរក្ស​បីនាក់​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ​ហ៊ុន សែន បានសារ​ភាព​ថា​ ពួកគេ​បានវាយ​តប់​ទាត់​ធាក់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ ជាតិ​ ចំនួន​ពីរនាក់​គឺលោក​ គង់ សភា ​និងលោក ​ញ៉យ ចំរើន ឱ្យរងរបួស​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ពួកគេ​ជាប់ពន្ធនាគារ​តែរយៈ​ពេលខ្លី​ហើយ​ថែមទាំង​ទទួល​បានការ​ដំឡើង ឋាន្តរស័ក្តិ​បន្ទាប់ពី​ចេញពី​ពន្ធនាគារ។

លោក​នាយ​ឧត្តមសេនីយ៍ ​ហ៊ីង ប៊ុនហៀង ​បាន​បដិសេធ​ការចោទ​ប្រកាន់​របស់​ស.រ.អា ពីការ​ពាក់ព័ន្ធ​នឹងការ​រំលោភ​សិទ្ធិមនុស្ស​ ហើយ​លោក​បាន​បន្តថា​លោក​មិនខ្វល់​នឹង​ការបង្កក​ទ្រព្យសម្បត្តិ​នោះទេ​ ដោយ​លោក​បន្ត​អះអាង​ថា​ លោក​គ្មាន​ទ្រព្យ​សម្បត្តិ​ឡើយ។​ អត្ថាធិប្បាយ​ដូច្នេះ​ បានកើត​ឡើង​ជាមួយនឹង​សេចក្តី​ថ្លែងការណ៍​ជាច្រើន​ពី ក្រុមមន្ត្រី​រដ្ឋាភិបាល​កំពូលៗ​ដែលបាន​ការពារ​លោក​ ហ៊ីង ប៊ុនហៀង ​ហើយវាយ​បក ត្រឡប់​ដាក់​ស.រ.អា​វិញ។

ទោះជា​យ៉ាងណាក្តី ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​២រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺលោក​ គង់ សភា ​និង ​លោក​ ញ៉យ ចំរើន​ ដែលរង​ការវាយ​ប្រហារ​ បានចាត់​ទុក​ចំណាត់​ការ​ក្រសួង​រតនាគារ​ស.រ.អា​ជារឿង​ត្រឹមត្រូវ។

រូបឯកសារ៖ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​ លោក​ ញ៉យ ចំរើន អង្គុយ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦ ខែ​វិចិ្ឆកា ​ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​ លោក​ ញ៉យ ចំរើន អង្គុយ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦ ខែ​វិចិ្ឆកា ​ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

លោក ​ញ៉យ ចំរើន ​តំណាង​រាស្ត្រ​ម្នាក់​ដែលត្រូវ​រងការ​វាយប្រហារ​ជាមួយគ្នា​ដែរ​នោះ បានអះអាង​ថាការ​ដាក់ទណ្ឌកម្ម​នេះជា​ចំណុច​សំខាន់។

«អាមេរិកាំង​ មុននឹង​គេដាក់​ទណ្ឌកម្មហ្នឹង​ក៏គេ​មានការ​ពិចារណា​យ៉ាងល្អិត​ល្អន់ដែរ ហើយនេះ​គ្រាន់តែ​ជាលើក​ដំបូង ​ជាឧទាហរណ៍ទី​១ទេ ហើយខ្ញុំ​សង្ឃឹម​ថា​នឹងមាន បន្តៗ​ទៀត​ ហើយខ្ញុំ​សូមអរគុណ​ដល់​រដ្ឋាភិបាល​អាមេរិកាំង​ផងដែរ ​ដែលបាន​ធ្វើរឿង នេះ ​ដើម្បីកុំ​ឲ្យ​ចេះតែ​មានការ​រំលោភ​សិទ្ធិមនុស្ស ​ចេះតែ​មានការ​កាប់​សម្លាប់ ប្រជាពលរដ្ឋ​ខ្មែរថែម​ទៀត‍»។

ចំណែក​លោក ​គង់ សភា​ ជាតំណាងរាស្ត្រ​ ដែលត្រូវ​រងការ​វាយប្រហារ​ពីជន​មួយ ក្រុមនៅ​ក្រៅរបង​សភា​កាលពី​ឆ្នាំ២០១៥​កន្លងទៅ​ជាមួយ​នឹង​លោក ​ញ៉យ ចំរើន​ផងដែរ​នោះ​ បានអះអាង​ថា៖

«ក្នុងនាម​ខ្ញុំជា​ជនរង​គ្រោះម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ជាច្រើន​ជា​ប្រជាពលរដ្ឋ នៃប្រទេស​កម្ពុជា​ ខ្ញុំសូម​ថ្លែងអំណរគុណ​ ដល់ក្រសួង​រតនាគារជាតិ ​ក៏ដូច​ជា រដ្ឋាភិបាល ​សហរដ្ឋអាមេរិក ​ដែលមាន​ចំណាត់ការ​ល្អ​ចំពោះការ​ដាក់ទណ្ឌកម្ម​លើ​ ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង ​ដែលជា​អ្នកបាន​សម្លាប់​ប្រជាធិបតេយ្យ​និងរំលោភ​សិទ្ធិមនុស្ស យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា‍»។

រូបឯកសារ៖ លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពីថ្ងៃអង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយពេលលោក​ត្រូវ​បានបាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណរដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)
រូបឯកសារ៖ លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពីថ្ងៃអង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយពេលលោក​ត្រូវ​បានបាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណរដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)

លោក​គង់ សភា​បានបង្ហាញ​ជំនឿ​របស់​លោកថា ​ការដាក់​ទណ្ឌកម្ម​នេះបាន​ផ្តល់ ឲ្យ​ជន​រងគ្រោះ​ចាប់ផ្តើម​ទទួល​បាន​នូវ​ពន្លឺ​យុត្តិធម៌ ផ្តល់​នូវ​សេចក្តី​សង្ឃឹម​ដល់ ប្រជារាស្រ្ត​ខ្មែរ​ក្នុងការ​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​នឹង​ឲ្យ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

លោក​ក៏​បាន​ទទូច​សុំ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បន្ត​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជារាស្រ្ត​ខ្មែរ ​និង​ស្តារ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

ក្រុមសមាជិក​នៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ជិត​៥០ ​នឹងសម្រេច​លើការ​រំលោភ​សិទ្ធិ មនុស្ស​ក្នុង​ប្រទេស​នានា​ជុំវិញ​ពិភពលោក ​រួមទាំង​វិធានការ​ចំពោះ​ប្រទេស​កម្ពុជា ផងដែរ​ នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ៕

XS
SM
MD
LG