ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ


ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អ.ស.ប Nikki Haley ថ្លែង​សុន្ទរកថា​រួម​គ្នា​ជាមួយ​លោក Mike Pompeo រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អ.ស.ប Nikki Haley ថ្លែង​សុន្ទរកថា​រួម​គ្នា​ជាមួយ​លោក Mike Pompeo រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញ​ជា​ផ្លូវការ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​ដោយ​បាន​បញ្ជាក់​ថា ឈ្មោះ​របស់​ក្រុម​ប្រឹក្សា​នេះ​គ្មាន​តម្លៃ​អ្វី​ទៀត​ទេ។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញ​ជា​ផ្លូវការ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​ដោយ​បាន​បញ្ជាក់​ថា ឈ្មោះ​របស់​ក្រុម​ប្រឹក្សា​នេះ​គ្មាន​តម្លៃ​អ្វី​ទៀត​ទេ។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo នៅ​ឯ​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Nikki Haley ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​គឺ​ជា​អ្នក​ការពារ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស និង​ជា​រណ្ដៅ​នៃ​ភាព​លំអៀង​ផ្នែក​នយោបាយ»

លោក​ស្រី​បាន​ចោទ​ប្រកាន់​ក្រុម​ប្រឹក្សា​នេះ​ថា ​«មាន​ការ​លម្អៀង​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ» ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល។

លោក​ស្រី​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ដើម្បី​កែ​ទម្រង់​ក្រុម​ប្រឹក្សា​នេះ ​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​នោះ​ទេ។

ដោយ​យោង​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​វេណេស៊ុយអេឡា ​ចិន​ គុយបា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ លោកស្រី​បាន​បញ្ជាក់​ថា៖ «បើ​ក្រឡេក​មើល​ទៅ​លើ​សមាជិក​ភាព​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ អ្នក​នឹង​ឃើញ​ថា​មាន​ការ​មិន​គោរព​ដ៏​អាក្រក់​បំផុត​ចំពោះ​សិទ្ធិ​ជា​មូលដ្ឋាន​នានា»។

លោក​រដ្ឋមន្ត្រី ​Mike Pompeo ឯកភាព​ចំពោះ​ការ​លើក​ឡើង​នេះ​ដោយ​លោក​បាន​ហៅ​ក្រុម​ប្រឹក្សា​នេះ​ថា​ជា «ការ​អនុវត្ត​នូវ​ភាព​មិន​ស្មោះ​ត្រង់​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស​មួយ»។

លោក Stephane Dujarric អ្នក​នាំ​ពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​តប​មួយ ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​នៅ​តែ​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ​ដដែល។

រចនា​សម្ព័ន្ធ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដើរ​តួ​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក»៕

XS
SM
MD
LG