រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកាំងនានាកាលពីដើមឆ្នាំនេះឲ្យបញ្ជូនម៉ាស់ និងឧបករណ៍ការពារខ្លួន ដែលមានតម្លៃរាប់លានដុល្លារ ទៅឲ្យប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Washington Post កាលពីថ្ងៃសៅរ៍ម្សិលមិញ។
សេចក្ដីរាយការណ៍របស់កាសែតនេះបានបញ្ជាក់ថា សេតវិមានមិនបានយល់ដឹងអំពីភាពគ្រោះថ្នាក់ដែលវីរុសកូរ៉ូណាថ្មីបង្កឡើងចំពោះសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលទេ។
កាសែតនេះបានលើកឡើងថា វិធានការរបស់សហរដ្ឋអាមេរិក «បង្ហាញយ៉ាងច្បាស់អំពីការបរាជ័យរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការទទួលស្គាល់ និងត្រៀមរៀបចំដើម្បីទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើងដោយវីរុសរាតត្បាតនេះ»។
កាសែតនេះបានអះអាងថា ការរកឃើញរបស់ខ្លួននេះផ្អែកលើ «ការពិនិត្យលើទិន្នន័យសេដ្ឋកិច្ច និងឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាល»។
កាសែតនេះបានបន្ថែមថា ការវិភាគលើតម្លៃនៃម៉ាស់ និងឧបករណ៍ការពារខ្លួនផ្សេងទៀតដែលបានបញ្ជូនទៅប្រទេសចិនកាលពីខែមករា និងខែកុម្ភៈ បានបង្ហាញថា មានការកើនឡើងជាង ១.០០០ % បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកើនឡើងពីចំនួន ១ លាន ៤ សែនដុល្លារ ទៅប្រហែលជា ១៧ លាន ៦ សែនដុល្លារ។
លោក Lloyd Doggett សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Texas បានប្រាប់កាសែត Washington Post ថា៖ «ឥឡូវនេះ មនុស្សបានស្លាប់ដោយសារតែមិនមានឧបករណ៍ការពារខ្លួនគ្រប់គ្រាន់»។
កាលពីដើមខែកុម្ភៈ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបញ្ជូនឧបករណ៍វេជ្ជសាស្ត្រជាង ១៧ តោន ទៅឲ្យប្រទេសចិន ដែលបុគ្គលិកផ្នែកសុខាភិបាលសហរដ្ឋអាមេរិកនៅជួរមុខកំពុងស្នើសុំនៅពេលបច្ចុប្បន្ននេះ នៅពេលដែលពួកគេកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ឧបករណ៍ទាំងនោះមានដូចជាម៉ាស់ សម្លៀកបំពាក់ការពារខ្លួន ម៉ាស់ដែលអាចសម្រួលដល់ការដកដង្ហើមបាន និងឧបករណ៍ផ្សេងៗទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Washington Post ដដែលនេះ៕