ស្របពេលប្រទសអេស្ប៉ាញ និងអ៊ីតាលីកំពុងតែប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាយ៉ាងឆាប់រហ័ស ហើយការរាលដាលនៃមេរោគនេះបានកើតមានតាមនៅបណ្តាប្រទេសដទៃទៀតកាលពីខែមីនា ប្រទេសចិនបានចាប់ផ្តើមបញ្ជូនប្រដាប់ប្រដាធ្វើតេស្ត គ្រឿងបំពាក់ការពារ និងជំនួយផ្នែកសុខាភិបាលសំខាន់ៗដទៃទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដែលកំពុងត្រូវការជំនួយខ្លាំង បានស្វាគមន៍ជំនួយនោះ បើទោះបីជាគ្រឿងសម្ភារៈមួយចំនួនខូចក៏ដោយ។ ប្រទេសចិននៅតែជាប្រទេសដែលផលិតឧបករណ៍ការពារផ្នែកវេជ្ជសាស្រ្តច្រើនជាងគេបង្អស់នៅលើពិភពលោក។ លោក Robert Daly អ្នកវិភាគពីប្រទេសចិននៅវិទ្យាស្ថាន Wilson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា គ្រឿងសម្ភារៈទាំងអស់នោះ ក៏ដូចជា ប្រដាប់ប្រដាធ្វើតេស្ត និងបទពិសោធន៍ដែលគ្រូពេទ្យចិនមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កំពុងត្រូវបានបណ្តាប្រទេសដទៃទៀត ដែលកំពុងប្រឈមជាមួយនឹងវិបត្តិសុខាភិបាល សាទរ។
លោក Daly បាននិយាយថា៖ «ភាពវិជ្ជមានផ្នែកការទូតរបស់ចិនផ្អែកលើទំនិញសាធារណៈ ជាពិសេសនៅតាមប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសមិនសូវមានការអភិវឌ្ឍ ប្រហែលនឹងជួយគួបផ្សំជាអត្ថប្រយោជន៍ដល់ឥទ្ធិពលផ្នែកទំនាក់ទំនងអន្តរជាតិរបស់ចិន»។
នៅពេល VOA សួរនៅដើមខែមេសាអំពីជំនួយប្រទេសចិន ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកស្វាគមន៍ជំនួយនោះ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី០១ ខែមេសាថា៖ «យើងមានប្រទេសចំនួន ១៥១ នាពេលនេះ ដែលកំពុងត្រូវហ៊ុមព័ទ្ធដោយវីរុស។ ហើយប្រសិនបើប្រទេសចិនអាចជួយពួកគេ ខ្ញុំក៏គាំទ្រតាមហ្នឹងដែរ។ ខ្ញុំគាំទ្រការជួយគ្នាទៅវិញទៅមក»។
ប៉ុន្តែការចូលជួយរបស់ចិនត្រូវបានយល់ឃើញថា ជាផ្នែកសំខាន់មួយនៃផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបញ្ចៀសការស្តីបន្ទោសនៃការរាលដាលវីរុសកូរ៉ូណាជាសាកល ដែលប្រភពជាក់លាក់ពិតប្រាកដនៅក្នុងប្រទេសចិនមិនទាន់ត្រូវបានគេដឹងច្បាស់ ហើយមនុស្សមួយចំនួនបន្តមានមន្ទិលទៅលើតួលេខផ្នែកសុខាភិបាល និងសេដ្ឋកិច្ចផ្លូវការដែលត្រូវបានបញ្ចេញដោយរដ្ឋាភិបាលចិន។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្រ្តីចិនបានជំរុញនូវរឿងប្រឌិតថា យោធាអាមេរិកបាននាំវីរុសកូរ៉ូណាមកប្រទេសចិន។
ការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង និងកង្វះតម្លាភាពរបស់ចិនជុំវិញការរាលដាលជំងឺកូវីដ១៩ ប្រហែលកំពុងចាប់ផ្តើមបង្កជាផលវិបាកហើយដល់នយោបាយការទូតចិនហើយ ជាមួយបណ្តាប្រទេសនានា ដែលកំពុងប្រឈមនឹងវិបត្តិផ្នែកសុខាភិបាល និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោក Dan Runde អ្នកវិភាគលើប្រទេសចិននៅឯវិទ្យាស្ថានយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ជំនួយបរទេសមិនអាចស្តារការខូចខាតពីការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ដោយរដ្ឋាភិបាលក្រុងប៉េកាំង ប្រភពមិនច្បាស់លាស់នៃការរាលដាលនៃជំងឺកូវីដ១៩ និងកង្វះឆន្ទៈរបស់រដ្ឋាភិបាលចិននៅក្នុងការបកស្រាយពីកម្រិតស្ថានភាពដុនដាបនៅក្នុងប្រទេសនោះទេ។
លោក Runde បាននិយាយថា៖ «ចិនគឺជា អ្នកបង្កអគី្គភ័យ ដែលឥឡូវបែរជាមកព្យាយាមរត់ចុះឡើង ដើម្បីពន្លត់ភ្លើងដែលខ្លួនបានបង្កឡើង។ ហើយតើយើងពិតជា ចង់សាទរពួកគេក្នុងរឿង[ពន្លត់ភ្លើងដែលខ្លួនបង្ក]នេះឬ?»។
ស្របពេលដែលការរាលដាលនៃជំងឺកូវីដ១៩ បន្តកើតឡើង ចិនបានចាប់ខ្លួនអ្នកទម្លាយរឿងរាលដាលនៃជំងឺនេះ បំបិទការផ្សព្វផ្សាយ ហើយបន្ទាប់មកផ្លាស់ប្តូរចំណុចជាច្រើនដងពាក់ព័ន្ធនឹងលក្ខខណ្ឌនៃអ្នកដែលមានជំងឺពិតប្រាកដ និងរារាំងក្រុមអ្នកស្រាវជ្រាវដែលព្យាយាមរៀនពីអ្វីដែលបានកើតឡើងនៅប្រទេសចិន ដើម្បីរៀបចេញជាគំរូទស្សន៍ទាយនៃការរាលដាលនៃជំងឺកូវីដ១៩ មកប្រើនៅក្នុងប្រទេសរៀងៗខ្លួន។
ការរឹតត្បិតរបស់ចិន និងភាពអសកម្មរបស់សហរដ្ឋអាមេរិក
សូម្បីតែពួកអ្នករិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាលចិនទៅនឹងការរាលដាលជំងឺកូវីដ១៩ និយាយថា គេពិបាកនឹងការចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះកង្វះខាតការត្រៀមលក្ខណៈរបស់បណ្តាប្រទេសដទៃទៀត ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ខណៈដែលវីរុសនោះបានរីករាលដាលជុំវិញពិភពលោក។
លោក Daly ដែលជាអ្នកវិភាគបាននិយាយថា៖ «ចិនពិតជាបានបិទបាំងរឿងនេះនៅក្នុងបែបផែនភ័យខ្លាចហួសហេតុមួយ។ យើងដឹងថា នេះជាការផ្តល់ព័ត៌មានខុស ជាការឃោសនា និងការចាប់ខ្លួនក្រុមអ្នករិះគន់។ ហើយទាំងអស់នេះជាការពិត»។
លោកបានបន្តថា៖ «ប៉ុន្តែការវាយតម្លៃពីរដ្ឋបាលលោកត្រាំហាក់ដូចជាបង្ហាញថា ប្រសិនបើចិនមានតម្លាភាពពិតប្រាកដ សហរដ្ឋអាមេរិកប្រហែលមានយុទ្ធសាស្រ្តដ៏ល្អមួយនៅក្នុងការឆ្លើយតបនឹងបញ្ហានេះ។ ហើយយើងដឹងថា នេះមិនមែនជាការពិតនោះទេ»។
លោកប្រធានាធិបតីត្រាំបានលើកឡើងថា រដ្ឋបាលរបស់លោកយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការគំរាមកំហែងនៃជំងឺកូវីដ១៩ ប៉ុន្តែពួកអ្នកនយាបាយប្រឆាំងពីគណបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងចាស់ដៃ ដោយបានសំដៅទៅលើការណ៍ដែលលោកត្រាំមិនសូវនិយាយមុតមាំពីការគំរាមកំហែងនៃវីរុសកូរ៉ូណាអស់រយៈពេលជាច្រើនសប្តាហ៍ ហើយពេលខ្លះថែមទាំងនិយាយថា នេះ «គ្រាន់តែជារឿងប្រឌិតឡើង» តែប៉ុណ្ណោះ មុនពេលផ្លាស់ប្តូរជំហររបស់ខ្លួន និងណែនាំឲ្យពលរដ្ឋស្នាក់នៅផ្ទះ។
ក្រុមអ្នករិះគន់និយាយថា ការណ៍នេះបង្ហាញថា ការឆ្លើយតបរបស់រដ្ឋបាលអាមេរិកគឺត្រូវបានជំរុញដោយហេតុផលនយោបាយ ការបំបាក់មុខចិនជាសាធារណៈ ការហៅវីរុសកូរ៉ូណាជាវីរុសវូហាន ដែលនេះជាការប្រឹងប្រែងមួយដើម្បីបង្វែរការបន្ទោសពីការឆ្លើយតបយឺតយ៉ាវនាគ្រាដំបូងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ទោះបីជាសហរដ្ឋអាមេរិកបានផ្តល់ប្រាក់រាប់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានៅលើសាកលលោក សេតវិមានកំពុងបង្ហាញថា គ្រឿងបំពាក់ការពារមួយចំនួនមិនគួរត្រូវបញ្ជូនទៅក្រៅប្រទេស ដើម្បីផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ដែលឥឡូវនេះមានស្ថានភាពរាតត្បាតជំងឺកូវីដ១៩ធ្ងន់ធ្ងរជាងគេបង្អស់នៅលើពិភពលោក។
ការផ្តោតរបស់រដ្ឋបាលលោកប្រធានាធិបតីត្រាំទៅលើតម្រូវការរបស់សហរដ្ឋអាមេរិកគឺសមស្របជាមួយនឹងគោលនយោបាយដែលលោកប្រធានាធិបតីបានសន្យានៅពេលដែលលោកបានឈ្នះការបោះឆ្នោតឆ្នាំ២០១៦។
លោក Daly បាននិយាយថា «និយាយរួមទៅ វីរុសកូរ៉ូណាគ្រាន់តែធ្វើឲ្យនិន្នាការដែលមានស្រាប់ពីមុនមក កាន់តែអាក្រក់ និងលឿនជាងមុនប៉ុណ្ណោះ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា