ទីប្រឹក្សាមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់សហរដ្ឋអាមេរិកថាស្ថិតនៅពីក្រោយខ្នងលោក សម រង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានអធិប្បាយក្នុងកម្មវិធីវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១២ ខែកញ្ញាថា ព្រះមហាក្សត្រគឺជាចំណាប់ខ្មាំង និងជាអាយ៉ងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ និងត្រូវបានចាក់ផ្សាយផ្ទាល់ដោយបណ្តាញផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការថ្លែងរបស់លោក សម រង្ស៊ី ទាំងនោះ គឺជាការរៀបចំឡើងរបស់សហរដ្ឋអាមេរិក។
លោក រស់ ចន្ត្រាបុត្រ បន្តថា ជាច្រើនទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកតែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយថាសហរដ្ឋអាមេរិកបានគាំទ្រដល់គណបក្សប្រឆាំងដើម្បីរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
«ខ្ញុំបាទជឿថាមិនមែន សម រង្ស៊ី ជាអ្នករៀបចំសេណារីយ៉ូទាំងអស់នេះទេ នៅក្នុងការវាយប្រហារមកលើរដ្ឋធម្មនុញ្ញរបស់កម្ពុជា វាយប្រហារមកលើព្រះមហាក្សត្រខ្មែរ វាយប្រហារមកលើសង្គមខ្មែរ ខ្ញុំបាទជឿថាជាសេណារីយ៉ូមួយដែលគេរៀបចំឲ្យ ហើយឲ្យ រង្ស៊ី នេះ ដើរតាមសេណារីយ៉ូទាំងអស់នេះ»។
លោក រស់ ចន្ត្រាបុត្រ បញ្ជាក់ពីមូលហេតុដែលសហរដ្ឋអាមេរិកគាំទ្រលោក សម រង្ស៊ី ថា ដោយសារសហរដ្ឋអាមេរិកចង់ប្រើប្រាស់លោក សម រង្ស៊ី ដឹកនាំកម្ពុជាងាកពីចិន ហើយដើរតាមអាមេរិក។
ការថ្លែងរបស់លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺលោក W. Patrick Murphy បានមកដល់រាជធានីភ្នំពេញ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តែរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះមិនទាន់មានការឆ្លើយតបនៅឡើយ។
លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិមិនទាន់ឆ្លើយតបនឹងសំណួររបស់ VOAនៅឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូប លើកឡើងថា លោក រស់ ចន្ត្រាបុត្រ គឺជាអ្នកប្រវត្តិសាស្រ្តមួយរូបដែលកំពុងបំពេញការងារជាជំនួយការរបស់នាយករដ្ឋមន្រ្តី គួរមានភស្តុតាងជាមូលដ្ឋានសម្រាប់ការអះអាងរបស់លោក។
«ជាអ្នកប្រាជ្ញប្រវត្តិសាស្ត្រដែលរកការពិតសម្អាងលើភស្តុតាង ឯកឧត្តមបណ្ឌិតជាជំនួយការនាយករដ្ឋមន្ត្រី គួរបង្ហាញភស្តុតាងដែលជាមូលដ្ឋាននៃការអះអាងរបស់គាត់ ពុំនោះទេ ការអះអាងរបស់គាត់ ជាការអះអាងតាមអារម្មណ៍ជាអ្នកនយោបាយ ក្នុងបរិបទនយោបាយប្រឆាំងហ្នឹង សម រង្ស៊ី»។
ចំណែកលោក បណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា ការថ្លែងរបស់មន្រ្តីរដ្ឋាភិបាលកម្ពុជានេះ គឺតែងធ្វើឡើងរាល់ពេលដែលមានការថប់អារម្មណ៍ចំពោះការកើនឡើងកម្តៅនយោបាយនៅកម្ពុជា ខណៈដែលលោក សម រង្ស៊ី ប្រកាសពីគម្រោងត្រឡប់មកកម្ពុជាវិញប៉ុណ្ណោះ។
«វាជាផ្នែកមួយនៃការថប់បារម្ភរបស់រដ្ឋាភិបាលអំពីវិធីគ្រប់គ្រងស្ថានភាពប្រសិនបើ លោក សម រង្ស៊ី ត្រឡប់មកវិញ។ តាមខ្ញុំដឹង CNRP ក៏មានការគាំទ្រដែលមានមូលដ្ឋានតាមរយៈប្រទេសអឺរ៉ុប និងអូស្ត្រាលីផងដែរ។ ក្នុងករណីនេះ សម្រាប់ខ្ញុំវាគ្រាន់តែជាការឃោសនាប្រឆាំងនឹងនយោបាយដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតឧបសគ្គបន្ថែមទៀតចំពោះចលនារបស់គណបក្សសង្គ្រោះជាតិបច្ចុប្បន្ន ដើម្បីប្រមូលថវិកាគាំទ្រប៉ុណ្ណោះ»។
យ៉ាងណាក្តី លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលកំពុងនិរទេសខ្លួននៅប្រទេសថៃ ប្រាប់ VOA ថា ការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលកម្ពុជា គឺជាការចោទប្រកាន់ដើម្បីដាក់បន្ទុកលើថ្នាក់ដឹកនាំគណបក្សប្រឆាំងប៉ុណ្ណោះ។
«ជាលេសដើម្បីទប់ស្កាត់ មិនចង់ឲ្យមានការវិលត្រឡប់របស់លោកប្រធាន សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ»។
លោក សម រង្ស៊ី បានប្រកាសថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា គឺចំថ្ងៃបុណ្យឯករាជ្យជាតិ ក្រោយពីលោកបាននីរទេសទៅក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំ ដោយសារមានបណ្តឹងតាមផ្លូវតុលាការប្រឆាំងនឹងរូបលោក។
ក្រោយការប្រកាសនោះ មេកងកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រកាសត្រៀមចាប់ខ្លួនលោក សម រង្ស៊ី និងបានព្រមានចាប់ខ្លួនអ្នកដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជារូបណា ដែលបង្ហាញការគាំទ្រ ឬចាំទទួលលោក សម រង្ស៊ី ត្រឡប់មកវិញ៕