ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា


រូបឯកសារ៖ លោក​ W. Patrick Murphy កាលពេលលោកបំពេញតួនាទីជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ (រូបថតដោយ U.S. Embassy of Phnom Penh)
រូបឯកសារ៖ លោក​ W. Patrick Murphy កាលពេលលោកបំពេញតួនាទីជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ (រូបថតដោយ U.S. Embassy of Phnom Penh)

ការ​ចូល​បំពេញ​តួនាទី​របស់​លោក Murphy នៅ​ប្រទេស​កម្ពុជា​កើត​ឡើង​ នៅ​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​កំពុង​តែ​តានតឹង

លោក W. Patrick Murphy បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​អាណត្តិ​ការងារ​របស់​លោក​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ក្រោយ​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​នេះ​ កាលពី​ខែ​សីហា​កន្លង​ទៅ។ នេះ​បើ​តាម​បណ្តាញ Twitter របស់​លោក​ផ្ទាល់។

នៅក្នុងសារតាមបណ្តាញ Twitter លោក Murphy បាន​បញ្ជាក់​ថា លោក​បាន​ទទួលការ​ស្វាគមន៍​ដ៏​កក់ក្តៅពេល​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ថា​លោកនឹង‍«ធ្វើការ​ដើម្បី​ពង្រឹងទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជា‍»។

លោក Murphy ដែល​ជា​មន្ត្រី​ការទូត​អាមេរិក​ជាន់​ខ្ពស់​ម្នាក់​ដ៏​មាន​បទ​ពិសោធន៍​អំពី​តំបន់​អាស៊ី បាន​ចូល​កាន់​តំណែង​ជា​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បន្ទាប់​ពី​តំណែង​នេះ​ត្រូវបាន​ទុក​ឲ្យ​នៅ​ទំនេរ​ជិតមួយឆ្នាំ​មក​ហើយ ក្រោយ​ពី​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​មុន គឺ​លោក William A. Heidt បាន​បញ្ចប់​អាណត្តិ​របស់​លោក​នៅ​ចុង​ឆ្នាំ​ ២០១៨។

ការ​ចូល​បំពេញ​តួនាទី​របស់​លោក Murphy នៅ​ប្រទេស​កម្ពុជា​កើត​ឡើង​ នៅ​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​កំពុង​តែ​តានតឹង ដោយ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ត្រៀម​កម្លាំង​ចាប់​ខ្លួន​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​វិល​ទៅ​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​នីរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស​តាំង​ពី​ឆ្នាំ​២០១៥​មក។

អាជ្ញាធរ​កម្ពុជា​ក៏​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ចំនួន​២៦​នាក់ និង​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ញុះ​ញង់ និង​ប្រព្រឹត្ត​ឧកិ្រដ្ឋកម្ម​ជា​អាទិ៍ ស្រប​ពេល​ដែល​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ កំពុង​នៅ​ជាប់​ឃុំ​ខ្លួន​ក្នុង​គេហដ្ឋាន​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​នៅ​ឡើយ។

បន្ថែម​លើ​នេះ ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​អាមេរិក ក៏​កំពុង​មាន​ភាព​រកាំ​រកូស ដោយ​គេ​ឃើញ​ការ​បោះ​ពាក្យ​សម្តី​ខ្លាំងៗ​ដាក់​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​សារ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​បាន​អាសនៈ​ទាំង​អស់​នៅ​រដ្ឋសភា​ជាតិ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យជា​ដើម។

ស្រប​ពេល​ជាមួយ​គ្នា​នេះ រដ្ឋ​សភា​អាមេរិក​ក៏​បាន​បង្កើត​ច្បាប់ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន ដែល​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា និង​សេចក្តី​ស្នើ​ច្បាប់​ដែល​អាច​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សហរដ្ឋ​អាមេរិក ហៅ​ថា GSP ជា​ដើម៕

XS
SM
MD
LG