សហរដ្ឋអាមេរិកនឹងពង្រីកទំនាក់ទំនងខាងយោធានិងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាដៃគូនៅក្នុងតំបន់អាស៊ីដើម្បីទប់ទល់នឹងភាពគគ្លើនកាន់តែកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេស Antony Blinken នៅថ្ងៃអង្គារនេះហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AP។
លោក Blinken បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានតាំងចិត្តថែរក្សាសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់ហើយនឹងធ្វើកិច្ចការនោះដោយការបង្កើនសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក បង្កើនទំនាក់ទំនងថ្មីហើយធ្វើឲ្យប្រាកដថា យោធាសហរដ្ឋអាមេរិករក្សា«សមត្ថភាពមានប្រៀប»របស់ខ្លួន។
លោក Blinken បានបញ្ជាក់ពីផែនការតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលលោក Biden នេះនៅក្នុងអំឡុងការថ្លែងសុន្ទរកថាមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
លោកបានមានប្រសាសន៍ទៀតថា៖ «យើងនឹងអនុវត្តយុទ្ធសាស្ត្រដែលនឹងបញ្ចូលគ្នានូវឧបករណ៍ទាំងអស់របស់យើងគឺ ការទូត យោធា ស៊ើបការណ៍សម្ងាត់ជាមួយនឹងឧបករណ៍របស់សម្ព័ន្ធមិត្តនិងដៃគូនានារបស់យើង»។ លោកថា ការណ៍នេះ នឹងរួមទាំងការភ្ជាប់ឧស្សាហកម្មការពារប្រទេសរបស់សហរដ្ឋអាមេរិកនិងអាស៊ី ដាក់បញ្ចូលសង្វាក់ផ្គត់ផ្គង់ ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការខាងបច្ចេកវិទ្យាថ្មីៗ។
លោក Blinken បានទទូចថា សហរដ្ឋអាមេរិក មិនបានព្យាយាមបង្ខំប្រទេសនានាឲ្យជ្រើសរើសរវាងសហរដ្ឋអាមេរិកនិងចិន ឬកំពុងស្វះស្វែងធ្វើឲ្យមានជម្លោះជាមួយចិននោះទេ។ ក៏ប៉ុន្តែ លោកបានលាតត្រដាងពីការត្អូញត្អែរជាច្រើនអំពី«សកម្មភាពដ៏គគ្លើនរបស់ចិន» ចាប់តាំងពី«តំបន់អាស៊ីភាគឦសានរហូតដល់តំបន់អាស៊ីអាគ្នេយ៍និងចាប់តាំងពីទន្លេមេគង្គរហូតដល់បណ្តាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក»។
លោក Blinken បានស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី១រយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេស៣នៅតំបន់អាស៊ីអាគ្នេយ៍ដោយលោកក៏នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនិងប្រទេសថៃផងដែរ។ ការទប់ទល់នឹងភាពគគ្លើនដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងទីក្រុងហុងកុងនិងប្រឆាំងកោះតៃវ៉ាន់ជាកិច្ចការដ៏សំខាន់នៅក្នុងរបៀបវារៈទស្សនកិច្ចរបស់លោក Blinken៕