ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​អាស៊ី​អាគ្នេយ៍ ដើម្បី​ជំរុញ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ស្តុកខុល (Stockholm) ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ស្តុកខុល (Stockholm) ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក ​កំពុង​ជំរុញ​ទៅ​មុខ​នូវ«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ»របស់​ខ្លួន​ជាមួយ​សមាគម​អាស៊ាន (ASEAN) ស្របពេល​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden មាន​បំណង​ចាប់ផ្តើម«គម្រោង​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក»ថ្មី​មួយ នៅ​ដើម​ឆ្នាំ ២០២២ ខាង​មុខ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ចំនួន​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​មួយ​ចំនួន​មកពី​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ចក្រភព​អង់គ្លេស ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​រដ្ឋ Hawaii របស់​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១៧ ខែ​ធ្នូ​នេះ។

លោក Blinken មាន​គម្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែលជា​សមាជិក​អាស៊ាន ក្នុង​អំឡុងពេល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​និង​អភិវឌ្ឍន៍​របស់​ក្រុម​ប្រទេស G-7 ដែល​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង Liverpool ចក្រភព​អង់គ្លេស​នៅ​ចុង​សប្តាហ៍​នេះ មុន​ពេល​លោក​ បន្ត​ដំណើរ​ទៅកាន់​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សប្ដាហ៍​ក្រោយ។

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី លោក Blinken នឹង​ថ្លែង​សុន្ទរកថា​អំពី​សារៈសំខាន់​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​គូសបញ្ជាក់​អំពី​សារៈប្រយោជន៍​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ឥណ្ឌូណេស៊ី។

លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ នឹង​មាន​ឱកាស​ពិភាក្សា​អំពី​គម្រោង​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​ទើប​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ប្រធានាធិបតី [Joe Biden]។ លោក​ប្រធានាធិបតី Biden បាន​តាំងចិត្ត​នៅក្នុង​ការ​លើក​កម្ពស់​ការ​ចូលរួម​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​ឲ្យ​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

បន្ទាប់ពី​ប្រទេស​ឥណ្ឌូណេស៊ី លោក Blinken នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ថៃ ដើម្បី​ជំរុញ​ទៅមុខ​នូវ​ចំណង​ទាក់ទង​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ទាំង​ពីរ​នេះ និង​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​មួយ​ចំនួន​ដូចជា ជំងឺ​កូវីដ១៩ ការ​កសាង​សង្វាក់​ផ្គត់ផ្គង់​ដែល​រឹងមាំ វិបត្តិ​អាកាសធាតុ និង​ការ​ធានា​ឲ្យ​មាន​នូវ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី ​និង​បើក​ចំហ។

ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា លោក Blinken ក៏​នឹង​ពិភាក្សា​ផងដែរ​អំពី​«វិបត្តិ​កាន់តែ​អាក្រក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា» នៅ​ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​និង​ប្រទេស​ថៃ៕

XS
SM
MD
LG