ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កម្មវិធី​ដែន​អវកាស​របស់​អ៊ីរ៉ង់


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​ក្នុង​កម្មវិធី​អនុសញ្ញា​ជាតិ​ ១០១ កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០១៩។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​ក្នុង​កម្មវិធី​អនុសញ្ញា​ជាតិ​ ១០១ កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០១៩។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​លើក​ដំបូង​បង្អស់​លើ​ទីភ្នាក់ងារ​ដែន​អវកាស​របស់​ប្រទេស​អ៊ីរ៉ង់ ដោយ​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​បាន​លាក់​បាំង​កម្មវិធី​មីស៊ីល។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ប្រើ​កម្មវិធី​បង្ហោះ​យាន​អវកាស​ទៅ​កាន់​ដែន​អវកាស​ដើម្បី​ជា​ការ​បិទបាំង​ការ​អភិវឌ្ឍ​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន​នោះ​ទេ»។

ទណ្ឌកម្ម​ថ្មី​នេះ​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ដែន​អវកាស​អ៊ីរ៉ង់ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដែន​អវកាស​អ៊ីរ៉ង់ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាកាសចរណ៍​វិទ្យា​របស់​អ៊ីរ៉ង់។

ទ្រព្យសម្បត្តិ​ណា​មួយ​ដែល​អង្គភាព​ទាំង​នេះ​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រារាំង ហើយ​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​អង្គភាព​ទាំង​នេះ។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា បច្ចេកវិទ្យា​យាន​បង្ហោះ​ទៅ​កាន់​ដែន​អវកាស​គឺ «មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ និង​អាច​ប្រើ​ជំនួស​គ្នា​បាន​ជាមួយ​នឹង​បច្ចេកវិទ្យា​ដែល​បាន​ប្រើ​នៅ​ក្នុង​គ្រាប់​ផ្លោង​មីស៊ីល» ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មធ្យោបាយ​នៅ​ក្នុង​ការ​គ្រប់គ្រង​មីស៊ីល​ក្នុង​អំឡុង​ពេល​ហោះហើរ​ផង​ដែរ។

សហរដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​ផង​ដែរ​ចំពោះ «សហគមន៍​វិទ្យាសាស្ត្រ​អន្តរជាតិ​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អ៊ីរ៉ង់​អំពី​យាន​បង្ហោះ​យាន​អវកាស​អាច​រួម​ចំណែក​ដល់​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល»។

អ៊ីរ៉ង់​បញ្ជាក់​ថា កម្មវិធី​ដែន​អវកាស​របស់​ខ្លួន​មាន​គោល​បំណង​កសាង​គ្រាប់​រ៉ុកកែត​ដើម្បី​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍។ អ៊ីរ៉ង់​បាន​បង្ហោះ​ផ្កាយ​រណប​ដូច​នេះ​ពីរ​គ្រឿង​រួច​មក​ហើយ​ចូល​ទៅ​ក្នុង​ដែន​អវកាស​តាំង​ពី​ឆ្នាំ ២០១៣ មក។ ប៉ុន្តែ​ការ​ព្យាយាម​ធ្វើ​ដូច្នេះ ៣ លើក​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ៕

XS
SM
MD
LG