ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ទទូចថា ការពិភាក្សាកំពុងដំណើរការយ៉ាងល្អនៅក្នុងសន្និសីទកំពូល G7 នៅក្នុងទីក្រុង Biarritz នៃប្រទេសបារាំង ថ្វីបើទំនងមានការខ្វែងគំនិតគ្នាជាមួយមេដឹកនាំលើបញ្ហានានារួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយចិន ការដោះស្រាយបញ្ហាអ៊ីរ៉ង់ ការគំរាមកំហែងដែលបណ្តាលមកពីកូរ៉េខាងជើងហើយនិងការនាំយកប្រទេសរុស្ស៊ីចូលក្នុងក្រុមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យជឿនលឿនបំផុតវិញ។
កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ លោកប្រធានាធិបតីត្រាំ បានបង្ហាញនូវការបន្ទន់ជំហររបស់លោកស្តីពីសង្គ្រាមពាណិជ្ជកម្មរបស់លោកជាមួយចិន។
នៅពេលដែលគេសួរអំពីបញ្ហានេះ លោកប្រធានាធិបតីត្រាំ បានឆ្លើយថា «ខ្ញុំបានគិតឡើងវិញអំពីបញ្ហាទាំងនេះ»។
ប៉ុន្មានម៉ោងក្រោយមក លោកស្រី Stephanie Grisham អ្នកនាំពាក្យសេតវិមាន បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី បានត្រូវគេបកស្រាយខុសយ៉ាងខ្លាំង។ លោកស្រី បាននិយាយទៀតថា «លោកប្រធានាធិបតីត្រាំ បានឆ្លើយតបយល់ស្របទៅនឹងសំណួរដែលបានសួរ ដោយសារតែលោកប្រធានាធិបតីស្តាយក្រោយដែលមិនបានដំឡើងពន្ធគយបន្ថែមទៀតលើទំនិញរបស់ចិន»។
មេដឹកនាំរបស់ក្រុម G7 បានសម្តែងនូវការព្រួយកង្វល់អំពីការរីកកាន់តែធំឡើងនូវសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដោយសន្និសីទកំពូលដែលរៀបចំឡើងដោយលោកម៉ានុយអែល ម៉ាក្រុងប្រធានាធិបតីនៃប្រទេសបារាំង និយាយថា លោកសង្ឃឹមថា មេដឹកនាំទាំងអស់ នឹងដកខ្លួនចេញពីសង្គ្រាមពាណិជ្ជកម្មនេះ។
លោកម៉ាក្រុងប្រធានាធិបតីនៃប្រទេសបារាំង បាននិយាយក្នុងសុន្ទរកថាថា «ខ្ញុំចង់ធ្វើឲ្យដៃគូទាំងអស់របស់យើងជឿថា ការតានតឹង ជាពិសេសការតានតឹងខាងពាណិជ្ជកម្មជាការអាក្រក់សម្រាប់ប្រទេសទាំងអស់»៕