កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Hassan Rouhani នៃប្រទេសអ៊ីរ៉ង់បានហៅវិធានការរបស់ស.រ.អា.ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ថាជា«ការធ្វើដូចកូនក្មេង»។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងតាមទូរទស្សន៍ លោក Rouhani បាននិយាយថាស.រ.អា.បាននិយាយអះអាងថាខ្លួនចង់ធ្វើការចរចាជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌជាមុន«ហើយបន្ទាប់មកពួកអាមេរិកាំងដាក់ទណ្ឌកម្មលើលោករដ្ឋមន្ត្រីការបរទេស»។
នៅពេលពិភាក្សាសកម្មភាពនេះរបស់ស.រ.អា.ប្រឆាំងនឹងលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាល Trump បានទទួលស្គាល់ថា«ជាការច្បាស់លាស់ នេះជាសកម្មភាពមិនធម្មតាមួយ»។
បទបញ្ជានីតិប្រតិបត្តិនេះចោទប្រកាន់លោក Zarif ថាធ្វើសកម្មភាពក្នុងនាមនៃ Ayatollah Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ដែលកាលពីពេលថ្មីៗនេះបានត្រូវបន្ថែមឈ្មោះទៅក្នុងបញ្ជីនៃក្រសួងហិរញ្ញវត្ថុស.រ.អា.នៃឈ្មោះពួកមនុស្សដែលបានត្រូវកំណត់ជាពិសេសនិងដែលបានត្រូវរារាំង។
មន្ត្រីស.រ.អា.ជាន់ខ្ពស់ម្នាក់បាននិយាយប្រាប់ពួកអ្នកកាសែតថា«ហើយនៅថ្ងៃនេះប្រធានាធិបតី Donald Trump បានសម្រេចថាជាការគ្រប់គ្រាន់ហើយ។យើងនឹងបន្តយុទ្ធនាការដាក់គំនាបសង្កត់ខ្លាំងបំផុតរហូតដល់ប្រទេសអ៊ីរ៉ង់បោះបង់ចោលគោលនយោបាយការបរទេសធ្វេសប្រហែសរបស់ផងខ្លួនដែលគំរាមកំហែងស.រ.អា.និងពួកសម្ព័ន្ធមិត្តរបស់យើង»។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុស.រ.អា. Steven Mnuchin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាស.រ.អា.«បញ្ជូនសារច្បាស់លាស់មួយទៅកាន់របបគ្រប់គ្រងអ៊ីរ៉ង់ថាអាកប្បកិរិយាកាលពីពេលថ្មីៗនេះរបស់ខ្លួនជាការមិនអាចទទួលយកបានទេ។ នៅពេលជាមួយគ្នានេះ របបគ្រប់គ្រងអ៊ីរ៉ង់បានបដិសេធមិនឱ្យពួកពលរដ្ឋអ៊ីរ៉ង់ប្រើប្រាស់បណ្តាញផ្សាយព័ត៌មានទេហើយរដ្ឋមន្ត្រីការបរទេស Javad Zarif បានផ្សព្វផ្សាយការឃោសនារបស់របបគ្រប់គ្រងនេះនិងផ្សាយព័ត៌មានមិនពិតនៅទូទាំងពិភពលោកតាមរយៈបណ្តាញផ្សាយព័ត៌មានទាំងនេះ»៕