ប្រព័ន្ធការពារគ្រាប់ផ្លោងមីស៊ីល Arrow 3 របស់ប្រទេសអ៊ីស្រាអែល ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានទទួលជោគជ័យនៅក្នុងការសាកល្បងស្ទាក់ចាប់មីស៊ីលនៅពីលើរដ្ឋ Alaska សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃអាទិត្យនេះ ដោយបង្ហាញអំពីការសម្រេចបាននេះថាជាការព្រមានចំពោះប្រទេសអ៊ីរ៉ង់។
ប្រព័ន្ធការពារមីស៊ីល Arrow 3 នេះ ត្រូវបានផលិតរួមគ្នាដោយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក។ ប្រព័ន្ធការពារមីស៊ីលនេះមានសមត្ថភាពអាចបាញ់ទម្លាក់គ្រាប់មីស៊ីលដែលបាញ់មកនៅពីលើដែនអាកាសបាន ដែលជារយៈកម្ពស់មួយដែលអាចបំផ្លាញក្បាលគ្រាប់នុយក្លេអ៊ែរណាមួយបានដោយសុវត្ថិភាព។
ប្រព័ន្ធការពារមីស៊ីលនេះត្រូវបានសាកល្បងដោយជោគជ័យពេញលេញដំបូងនៅពីលើសមុទ្រមេឌីទែរ៉ាណេនៅក្នុងឆ្នាំ ២០១៥ និងត្រូវបានដំឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនៅក្នុងឆ្នាំ ២០១៧។
លោក Netanyahu បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយអំពីការសាកល្បងដោយសម្ងាត់ចំនួន ៣ ដងនេះ យ៉ាងដូច្នេះថា៖ «ការសម្ដែងឡើងគឺល្អឥតខ្ចោះ។ ការសាកល្បងនីមួយៗគឺបាញ់ចំគោលដៅតែម្ដង»។
អ៊ីស្រាអែលយល់ឃើញថា ប្រព័ន្ធការពារមីស៊ីល Arrow 3 នេះ គឺជាជញ្ជាំងការពារទប់ទល់នឹងគ្រាប់ផ្លោងមីស៊ីល ដែលបាញ់ដោយប្រទេសអ៊ីរ៉ង់ និងស៊ីរី។
ប្រទេសអ៊ីរ៉ង់កំពុងជាប់គាំងនៅក្នុងជម្លោះជាមួយនឹងសហរដ្ឋអាមេរិកទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងគម្រោងមីស៊ីលរបស់ខ្លួន៕