មន្ត្រីប៉ូលិសម្នាក់ បានស្លាប់ដោយសាររបួសនៅពេលដែលពួកអ្នកគាំទ្ររបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានសភា ដែលកំពុងធ្វើឲ្យមានការចោទសួរកាន់តែខ្លាំងឡើងពីរយៈពេលនៅសល់ប៉ុន្មានថ្ងៃទៀតនៃការកាន់ដំណែងរបស់ប្រធានាធិបតីចាញ់ឆ្នោត និងសមត្ថភាពរបស់ប៉ូលិសនៅវិមានសភា ដើម្បីការពារសន្តិសុខនៅតំបន់នោះ។ នេះ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
ប៉ូលិសវិមានសភាសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា លោក Brian D. Sicknick មន្ត្រីប៉ូលិសបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរងរបួស «ខណៈដែលតតាំងជាមួយពួកបាតុករ»ក្នុងអំឡុងពេលនៃកុបកម្មកាលពីថ្ងៃពុធ។ លោកជាមនុស្សទី៥ ដែលបានស្លាប់។
ការពិភាក្សាកំពុងធ្វើឡើងអំពីសមត្ថភាពរបស់លោកប្រធានាធិបតី Trump ក្នុងការបន្តដំណែង។ សមាជិកសភាម្នាក់ខាងគណបក្សសាធារណរដ្ឋ បានចូលរួមជាសាធារណៈជាមួយពួកគណបក្សប្រជាធិបតេយ្យក្នុងការអំពាវនាវឲ្យប្រើប្រាស់វិសោធនកម្មទី២៥ដើម្បីបង្ខំឲ្យលោកប្រធានាធិបតី Trump ចេញពីដំណែង។ ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី Trump បានសន្យាថា «នឹងមានការផ្ទេរដំណែងតាមរបៀបរៀបរយ»នៅថ្ងៃទី២០ ខែមករា នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ត្រូវធ្វើសច្ចាប្រណិធានចូលកាន់ដំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ទី៤៦៕