សវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីដែលបានធ្វើឡើងជាសាធារណៈរបស់សមាជិករដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ បានផ្ដល់នូវព័ត៌មានលម្អិតថ្មីៗបន្ថែមទៀតទៅលើការចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោកត្រាំត្រូវបានចោទប្រកាន់ថា បានជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បើកការស៊ើបអង្កេតទៅលើលោក Joe Biden និងកូនប្រុស ដែលអាចនឹងក្លាយជាគូប្រជែងយកតំណែងប្រធានាធិបតីជាមួយនឹងលោក ត្រាំ នៅក្នុងបោះឆ្នោតនៅឆ្នាំ២០២០ខាងមុខនេះ។
ប៉ុន្តែខណៈដែលអ្នកតំណាងរាស្ត្រធ្វើសេចក្ដីព្រាងសំណើដែលផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែង ដែលត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឲ្យបោះឆ្នោតនៅមុនដំណាច់ឆ្នាំនេះ ទាំងពួកសាធារណរដ្ឋនិងពួកប្រជាធិបតេយ្យនៅតែមានការបែកខ្ញែកគ្នាចំពោះការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងនេះ។
កសិណសាក្សីចំនួន១២នាក់បានផ្ដល់សក្ខីកម្មក្នុងរយៈពេល៥ថ្ងៃនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតី អំពីរឿងរ៉ាវដែលពួកគេបានដឹងដោយផ្ទាល់ទាក់ទិននឹងការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ។
លោកវរសេនីយ៍ទោ Alexander Vindman នាយកក្រុមប្រឹក្សាសន្តិសុខជាតិទទួលបន្ទុកកិច្ចការអឺរ៉ុបបាននិយាយថា៖ «វាមិនត្រឹមត្រូវនោះទេ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកទាមទារឲ្យរដ្ឋាភិបាលបរទេសបើកការស៊ើបអង្កេតទៅលើពលរដ្ឋអាមេរិកាំងម្នាក់និងជាគូប្រជែងខាងនយោបាយរបស់ខ្លួននោះ»។
កសិណសាក្សីទាំងអស់នោះបានប្រាប់អ្នកតំណាងរាស្ត្រថា លោក Rudolph Giuliani ដែលជាមេធាវីផ្ទាល់របស់លោកប្រធានាធិបតីបានដាក់សម្ពាធឲ្យក្រុមមន្ត្រីអ៊ុយក្រែនប្រកាសបើកការស៊ើបអង្កេតមួយ។
លោក Gordon Sondland ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសហភាពអឺរ៉ុបបានថ្លែងថា៖ «យើងទាំងអស់គ្នាយល់ថា ប្រសិនបើយើងបដិសេធមិនព្រមធ្វើការជាមួយនឹងលោក Giuliani ទេនោះ យើងនឹងបាត់បង់ឱកាសដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន។ ដូច្នេះយើងធ្វើតាមបទបញ្ជារបស់លោកប្រធានាធិបតី»។
ប៉ុន្តែគ្មានសាក្សីណាម្នាក់លើកឡើងថា ការទាមទាររបស់លោក Giuliani មានជាប់ទាក់ទងដោយផ្ទាល់ជាមួយនឹងលោក ត្រាំ នោះទេ។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានអះអាងថា សេតវិមានមានការព្រួយបារម្ភអំពីអំពើពុករលួយ ដូច្នេះហើយទើបបានជាពន្យារពេលផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
លោក Kevin McCarthy មេដឹកនាំសំឡេងភាគតិចនៅក្នុងរដ្ឋសភាបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា លោកប្រធានាធិបតីមានភាពជឿជាក់ជាងមុនទៅលើការផ្លាស់ប្ដូរនៅក្នុងរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ជាងរដ្ឋាភិបាលដែលបានជាប់ឆ្នោតកាលពីលើកមុន។ លោក ត្រាំ ចង់ឲ្យប្រាកដថា មានការផ្លាស់ប្ដូរប្រាកដមែន»។
សវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីនេះបញ្ជាក់ថា លោក ត្រាំ បានប្រព្រឹត្តខុសឆ្គងដោយបំពានអំណាចរបស់លោក ហើយកំហុសឆ្គងនេះអាចដកលោកចេញពីតំណែងបាន។ នេះបើតាមការបញ្ជាក់របស់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ៖ «នៅពេលយើងឃើញមានការបំពានរដ្ឋធម្មនុញ្ញ យើងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីចាត់វិធានការជាក់ស្តែងនោះទេ។ ឥឡូវនេះ ភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោកប្រធានាធិបតីបានប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ ការធ្វើដូច្នេះបានបន្ទាបតម្លៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយលោកបានផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន និងផ្ដល់អត្ថប្រយោជន៍ឲ្យពួករុស្ស៊ី។ អ្វីដែលលោកបានធ្វើកំពុងតែបន្ទាបតម្លៃនៃភាពសុចរិតនៃការបោះឆ្នោតរបស់យើង»។
កាលបរិច្ឆេទនៃការបោះឆ្នោតទៅលើការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងនៅក្នុងរដ្ឋសភាអាមេរិកនៅមិនទាន់ច្បាស់នៅឡើយទេ។ លោក Jerry Nadler ប្រធានគណៈកម្មាធិការតុលាការរបស់រដ្ឋសភានឹងទទួលខុសត្រូវលើការស៊ើបអង្កេតលើករណីនេះបន្តពីលោក Adam Schiff ដែលជាប្រធានគណៈកម្មាធិការស៊ើបការណ៍របស់រដ្ឋសភា ដើម្បីសរសេរសេចក្ដីព្រាងសំណើដែលផ្អែកលើលទ្ធផលនៃការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងនេះ។
សមាជិកគណបក្សប្រជាធិបតេយ្យនៅតែត្រូវនិយាយបញ្ចុះបញ្ចូលប្រជាពលរដ្ឋអាមេរិកាំងឲ្យជឿលើរឿងនេះបន្ថែមទៀត។
លោក Hans Noel នៃសាកលវិទ្យាល័យ Georgetown បានថ្លែងថា៖ «ប្រហែលជាមានរឿងជាច្រើនដែលពិបាកយល់ ដូចជារឿងចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងនេះដែរ។ រឿងលម្អិតនៃការចោទប្រកាន់នេះពិបាកនឹងយល់ណាស់ ដូចជាថាតើលោក ត្រាំ គាំទ្រអ៊ុយក្រែន ឬប្រឆាំងនឹងអ៊ុយក្រែន? តើរឿងអ្វីដែលបានកើតឡើងឲ្យពិតប្រាកដ? វាពិបាកសម្រាប់ឲ្យអ្នកបោះឆ្នោតយល់ណាស់ ហេតុដូច្នេះហើយបានជាអ្នកបោះឆ្នោតភាគច្រើននឹងស្វែងរកប្រភពព័ត៌មានដែលគួរទុកចិត្តបាន ឲ្យជួយបកស្រាយអំពីរឿងនេះ។ ពួកអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនឹងស្វែងរកប្រភពព័ត៌មានពីសមាជិកគណបក្សប្រជាធិបតេយ្យ ហើយពួកអ្នកគាំទ្រគណបក្សសាធារណរដ្ឋនឹងស្វែងរកប្រភពព័ត៌មានពីសមាជិកគណបក្សសាធារណរដ្ឋ»។
ការគាំទ្រពីសាធារណជនចំពោះការចោទប្រកាន់ដកតំណែងលោក ត្រាំ បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សមាជិកគណបក្សប្រជាធិបតេយ្យសង្ឃឹមថា និន្នាការនេះនឹងបន្ដ ខណៈដែលពួកគេត្រៀមខ្លួនដើម្បីបន្តទៅបោះឆ្នោតនៅក្នុងរដ្ឋសភាទៅលើសេចក្ដីព្រាងសំណើដែលផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងនេះ ហើយសវនាការនៅក្នុងព្រឹទ្ធសភាទំនងជានឹងធ្វើឡើងនៅដើមឆ្នាំក្រោយ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា