ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សវនាការ​ស៊ើប​អង្កេតរឿង​លោកត្រាំជា​ប្រធាន​បទ​ក្ដៅ​គគុក​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី​៥​នៃ​បេក្ខជន​ឈរឈ្មោះ​ពីគណបក្ស​ប្រជាធិបតេយ្យ​


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យលោក Joe Biden លោកស្រី Elizabeth Warren និងលោក Pete Buttigieg ស្ថិតនៅក្នុងការជជែកដេញដោល។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យលោក Joe Biden លោកស្រី Elizabeth Warren និងលោក Pete Buttigieg ស្ថិតនៅក្នុងការជជែកដេញដោល។

ការ​បោះឆ្នោត​ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ នៅ​ទីក្រុង Atlanta រដ្ឋ Georgia។ នៅ​ទីនោះ​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ដេញដោល​គ្នា​ជា​លើក​ទី​៥។

មាន​បេក្ខជន​ឈរឈ្មោះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​១០​នាក់​ដែល​ឈរ​ជជែក​ដេញដោល​គ្នា​នៅ​លើ​ឆាក​ក្នុង​ទីក្រុង Atlanta កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ ការ​ជជែក​ដេញ​ដោល​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ស្ថានីយ៍​ទូរទស្សន៍ MSNBC និង​សារព័ត៌មាន​ The Washington Post។

បេក្ខជន​ប្រធានាធិបតី​ទាំង​អស់​រួម​ទាំង​លោក Joe Biden ​អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ផង​ដែរ គាំទ្រ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ ត្រាំ ពី​តំណែង​ដែល​កំពុង​តែ​ដំណើរការ​នៅ​ក្នុង​រដ្ឋសភា។

លោក Joe Biden បាន​ថ្លែង​ថា៖ «តើ​នរណា​ទំនង​ជា​នឹង​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​ដើម្បី​ទៅ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ ហើយ​តើ​នរណា​ទំនង​ជា​នឹង​អាច​បង្កើន​ចំនួន​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា​និង​ព្រឹទ្ធសភា?»

លោក Biden គឺ​ជា​អ្នក​នាំ​មុខ​គេ​ម្នាក់​នៅ​ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​លោកស្រី Elizabeth Warren ដែល​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Massachusetts ក៏​ជា​អ្នក​នាំ​មុខ​គេ​ម្នាក់​ដែរ។

លោកស្រី Elizabeth Warren បាន​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​បង្កើត​គោលការណ៍​មួយ​ដែល​ថា គ្មាន​នរណា​ដែល​អាច​បំពាន​ច្បាប់​បាន​ទេ។ យើង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋធម្មនុញ្ញ​ ហើយ​យើង​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​ខាង​តែ​បាន»។

លោកស្រី Amy Klobuchar ដែល​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Minnesota គាំទ្រ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​នេះ ប៉ុន្តែ​លោកស្រី​ក៏​នឹង​ក្លាយ​ជា​គណៈវិនិច្ឆ័យ​ម្នាក់​ដែរ ប្រសិន​បើ​មាន​សវនាការ​កាត់​ទោស​ប្រធានាធិបតី​នៅ​ព្រឹទ្ធសភា​នោះ។

លោកស្រី Amy Klobuchar បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «នីតិវិធី​ចោទប្រកាន់​ដក​ហូត​ប្រធានាធិបតី​ចេញ​ពី​តំណែង​នេះ​គឺ​ជា​ការ​ស​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​របស់​យើង​កំពុង​តែ​ជួប​នឹង​បញ្ហា»។

លោក Bernie Sanders ដែល​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Vermont បាន​រំឭក​ដល់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មិនឲ្យ​ផ្ដោត​ខ្លាំង​ហួស​ហេតុ​ពេក​ទៅ​លើ​លោក ត្រាំ។

លោក Bernie Sanders បាន​លើកឡើង​ថា៖ «លោក ត្រាំ ​ប្រហែល​ជា​ប្រធានាធិបតី​ដែល​ពុករលួយ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​សហរដ្ឋអាមេរិក។ ប៉ុន្តែ​យើង​មិន​អាច​ផ្ដោត​លើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខ្លាំង​ហួស​ហេតុ​ពេក​នោះ​ទេ ព្រោះ​ថា បើ​សិន​ជា​យើង​ផ្ដោត​ខ្លាំង​ហួសហេតុ​ពេក យើង​នឹង​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នា​ពេល​ខាង​មុខនេះ»។

លោក Pete Buttigieg ដែល​ជាអភិបាល​ក្រុង South Bend រដ្ឋ Indiana ក៏​កំពុង​តែ​នាំ​មុខ​គេ​ម្នាក់​ដែរ។

ការ​ស្ទង់​មតិ​សាធារណជន​ក្នុង​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា ការ​គាំទ្រ​ចំពោះ​លោក Pete Buttigieg បានកើនឡើង​ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​គេ​ម្នាក់​ផង​ដែរ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ Iowa និង​រដ្ឋ New Hampshire ខាង​មុខ​នេះ។

លោក Pete Buttigieg បាន​ថ្លែង​ថា៖ «ប្រាកដ​ណាស់ យើង​នឹង​តតាំងជាមួយ​នឹង​លោក​ប្រធានាធិបតី​ចំពោះ​ការ​ប្រព្រឹត្ត​ខុសឆ្គង​របស់​លោក។ ប៉ុន្តែ​យើង​ម្នាក់ៗ​ក៏​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ដើម្បី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ដែល​នឹង​ដឹកនាំ​ប្រទេស​នេះ បន្ទាប់​ពី​អាណត្តិ​របស់​លោក​ប្រធានាធិបតី ត្រាំ ដល់​ទី​បញ្ចប់​ផង​ដែរ»។

លោកស្រី Kamala Harris ដែល​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ កាលីហ្វ័រញ៉ា បាន​និយាយ​ថា លោកស្រី​មើល​ឃើញ​ពី​ចំណុច​មួយ​ដែល​ធំ​ជាង​នេះ​នៅ​ក្នុង​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ត្រាំ ពី​តំណែង​នេះ។

លោកស្រី Kamala Harris បាន​ថ្លែង​ថា៖ «ច្បាស់​ណាស់ ការ​អនុវត្ត​ច្បាប់​មាន​ស្ដង់ដារ​ពីរ​សម្រាប់​មនុស្ស​ពីរ​ក្រុម​ផ្សេង​គ្នា​នៅ​ក្នុង​សហរដ្ឋអាមេរិក​នេះ។ មួយ​ក្រុម​គឺ​ជា​ក្រុម​មនុស្ស​ដែល​មាន​អំណាច ដែល​មាន​ភាព​ក្រអឺតក្រទម​និង​គិត​ថា ពួកគេ​អាច​រួច​ខ្លួន​ពី​ស្ថានភាព​នេះ​បាន ហើយ​មួយ​ក្រុម​ទៀត​គឺ​ជា​ក្រុម​មនុស្ស​សាមញ្ញ​ធម្មតា​ទូទៅ»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​ជជែក​ដេញដោល​គ្នា​ទៅ​លើ​សំណើ​ធ្វើ​កំណែ​ទម្រង់​វិស័យ​ថែទាំ​សុខភាព​ផងដែរ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​អ្នក​សេរីនិយម​ដូចជា​លោកស្រី Warren និង​លោក Sanders ជាមួយ​នឹង​អ្នក​កណ្ដាល​និយម​ដូចជា​លោក Biden លោក Buttigieg និង​លោកស្រី Klobuchar ជាដើម។

សមាជិក​គណបក្សប្រជាធិបតេយ្យ​នឹង​ធ្វើ​ការ​ជជែក​ដេញដោល​គ្នា​លើក​ទី​៦​នៅ​ខែ​ធ្នូ​ ក្នុង​ទីក្រុង Los Angeles៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG