សម្តេចរ៉ូម៉ាំងកាតូលិកប៉ាប Francis មានផែនការយាងទៅកាន់ប្រទេសគុយបានៅខែកញ្ញាមុននឹងយាងបំពេញទស្សនៈកិច្ចមកកាន់សហរដ្ឋអាមេរិកតាមការគ្រោងទុក។
ការណ៍នេះ នឹងធ្វើឲ្យព្រះអង្គក្លាយជាសម្តេចប៉ាបទី៣ដែលយាងបំពេញទស្សនៈកិច្ចប្រទេសកុម្មុយនិស្តមួយនេះ។ ទាំងសម្តេចប៉ាប John Paul II និងសម្តេចប៉ាប Benedict XVI បានយាងទៅកាន់ប្រទេសគុយបាដើម្បីជួបជាមួយអតីតមេដឹកនាំ Fidel Castro។
មន្រ្តីវិមានវ៉ាទីកង់ បានប្រាប់ឲ្យដឹងថា សម្តេចប៉ាប Francis បានដើរតួនាទីខាងការទូតដ៏សំខាន់មួយនៅក្នុងការជួយសហរដ្ឋអាមេរិកនិងប្រទេសគុយបាឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញ ដោយធ្វើជាម្ចាស់ផ្ទះរៀបចំទទួលគណៈប្រតិភូមកពីប្រទេសទាំងពីរកាលពីឆ្នាំទៅ។
ដំណើរយាងបំពេញទស្សនៈកិច្ចរបស់ព្រះអង្គនៅប្រទេសគុយបា កើតមានឡើងមុនដំណើរយាងទស្សនៈកិច្ចរបស់ព្រះអង្គទៅកាន់ទីក្រុងបីរបស់សហរដ្ឋអាមេរិកដោយចាប់ផ្តើមនៅថ្ងៃទី២៣ ខែកញ្ញា។
សម្តេចប៉ាប Francis នឹងថ្លែងសន្ទុរកថាទៅកាន់សភាហើយនឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅឯសេតវិមាន នឹងធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉កហើយនឹងចូលរួមពិធីសូត្រធម៌នៅព្រះវិហារគ្រឹស្តសាសនាសម្រាប់ក្រុមគ្រួសារនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania៕