ពួកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរបានសម្តែងការងឿងឆ្ងល់កាលពីថ្ងៃអង្គារអំពីផែនការរបស់ពួកសាធារណរដ្ឋក្នុងរដ្ឋសភាដើម្បីផ្តល់ជំនួយចំនួន១៤,៣ពាន់លានដុល្លារឱ្យអ៊ីស្រាអែលដោយកាត់បន្ថយប្រាក់សម្រាប់សេវាប្រាក់ចំណូលក្នុងប្រទេស (IRS) ដោយមិនបានផ្តល់ជំនួយឱ្យអ៊ុយក្រែន ហើយលោកប្រធានាធិបតី Joe Biden ខាងគណបក្សប្រជាធិបតេយ្យបានគំរាមវ៉េតូសេចក្តីព្រាងច្បាប់នេះនៅពេលវាត្រូវអនុម័ត។
នៅក្នុងសកម្មភាពនីតិបញ្ញត្តិធំទីមួយនៅក្រោមប្រធានរដ្ឋសភាថ្មីលោក Mike Johnson ក្រុមសាធារណរដ្ឋក្នុងរដ្ឋសភាបានលាតត្រដាងសេចក្តីព្រាងច្បាប់ចំណាយបន្ថែមសម្រាប់តែអ៊ីស្រាអែលកាលពីថ្ងៃចន្ទ។
ការណ៍នេះមានឡើងទោះជាលោកប្រធានាធិបតី Joe Biden បានសុំឱ្យមានកញ្ចប់ជំនួយចំនួន១០៦ពាន់លានដុល្លារដែលមានរួមជំនួយសម្រាប់អ៊ីស្រាអែលនិងអ៊ុយក្រែននិងការផ្តល់ប្រាក់សម្រាប់បង្កើនការប្រកួតប្រជែងជាមួយប្រទេសចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសម្រាប់សន្តិសុខនៅតាមព្រំដែនសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក។
អ្នកប្រជាធិបតេយ្យជាន់ខ្ពស់ក្នុងព្រឹទ្ធសភាលោក Chuck Schumer បាននិយាយថាសេចក្តីព្រាងច្បាប់នេះរបស់ពួកសាធារណរដ្ឋនឹងត្រូវបដិសេធនៅពេលបញ្ជូនទៅដល់សភាជាន់ខ្ពស់ ទោះជាវាត្រូវអនុម័តក្នុងរដ្ឋសភាក៏ដោយ។
រដ្ឋបាលលោកBiden បាននិយាយថាលោកប្រធានាធិបតីនឹងវ៉េតូសេចក្តីព្រាងច្បាប់មួយបែបនេះនៅពេលវាទៅដល់តុរបស់លោក។
លោក Mitch McConnell មេដឹកនាំក្រុមសាធារណរដ្ឋក្នុងព្រឹទ្ធសភាបាននិយាយថាលោកយល់ថាបញ្ហាបួនគឺបញ្ហាអ៊ុយក្រែន អ៊ីស្រាអែល តៃវ៉ាន់និងបញ្ហាព្រំដែនត្រូវការឱ្យមានការដោះស្រាយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយលោក Johnson កាលពីថ្ងៃអង្គារនៅក្រោយធ្វើសវនកម្មនៅក្នុងព្រឹទ្ធសភា។ នៅក្នុងសវនកម្មនោះលោក Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយថាអ៊ុយក្រែនត្រូវការជំនួយសហរដ្ឋអាមេរិកតទៅទៀតដើម្បីទទួលជ័យជម្នះនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងពួករុស្ស៊ីឈ្លានពាន៕