កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ទីប្រឹក្សាកំពូលរបស់លោកប្រធានាធិបតី Joe Biden ពីរនាក់បានស្នើឱ្យសមាជិករដ្ឋសភាអាមេរិកផ្តល់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ីស្រាអែលនៅឯសវនាការសភាដែលត្រូវបានរំខានម្តងហើយម្តងទៀតដោយក្រុមបាតុករដែលចោទប្រកាន់មន្រ្តីអាមេរិកទាំងនោះថា គាំទ្រ«អំពើប្រល័យពូជសាសន៍»ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានផ្តល់សក្ខីកម្មដល់គណៈកម្មាធិការវិភាជថវិកានៃព្រឹទ្ធសភាលើសំណើរបស់លោក Biden នូវប្រាក់ចំនួន ១០៦ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆតាសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសន្តិសុខព្រំដែនសហរដ្ឋអាមេរិក។
ដោយលើកហេតុផលថា ការគាំទ្រដៃគូអាមេរិកមានសារៈសំខាន់ចំពោះសន្តិសុខជាតិ លោកប្រធានាធិបតី Joe Biden បានស្នើសុំប្រាក់ចំនួន ៦១ពាន់ ៤រយ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលប្រហែលជាស្មើនឹងពាក់កណ្តាលនៃចំនួនទឹកប្រាក់ដែលត្រូវ ចំណាយនៅសហរដ្ឋអាមេរិកដើម្បីបំពេញស្តុកអាវុធដែលបានចំណាយក្នុងការគាំទ្រពីពេលមុនដល់រដ្ឋាភិបាលក្រុងកៀវ។
លោក Biden ក៏បានស្នើសុំផងដែរនូវប្រាក់ចំនួន ១៤ពាន់ ៣រយ លានដុល្លារសម្រាប់ជួយដល់អ៊ីស្រាអែល ប្រាក់ចំនួន ៩ ពាន់លានដុល្លារសម្រាប់ជាជំនួយផ្នែកមនុស្សធម៌ រួមទាំងសម្រាប់អ៊ីស្រាអែល និងតំបន់ហ្កាហ្សា ប្រាក់ចំនួន ១៣ពាន់ ៦រយ លានដុល្លារសម្រាប់សន្តិសុខព្រំដែនសហរដ្ឋអាមេរិក ប្រាក់ចំនួន ៤ ពាន់លានដុល្លារសម្រាប់ជំនួយយោធានិងហិរញ្ញប្បទានរបស់រដ្ឋាភិបាលដើម្បីទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់ចិននៅតំបន់អាស៊ី។
នៅពេលសវនាការបានចាប់ផ្តើម ក្រុមបាតុករមួយជួរបាននាំគ្នាលើកដៃប្រឡាក់ពណ៌ក្រហមឡើងទៅលើដើម្បីជាការតវ៉ាប្រឆាំងនឹងសង្គ្រាម។ ក្រោយមកប៉ូលិសនៃវិមានសភាអាមេរិកបាននាំខ្លួនពួកគេចេញពីបន្ទប់សវនាការ បន្ទាប់ពីពួកគេបានស្រែកតវ៉ា ដោយរួមទាំងស្រែកថា «សូមឱ្យមានបទឈប់បាញ់គ្នាឥឡូវនេះ!» និង«ការពារកុមារនៅតំបន់ហ្កាហ្សា!»។
លោក Blinken បាននិយាយថា ការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនបានធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្លាយជា«ជម្លោះជាយុទ្ធសាស្ត្រ» ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួយសន្តិសុខសម្រាប់អ៊ីស្រាអែល និងជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់