សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃចន្ទនូវច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជានិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយពីមានការធ្លាក់ចុះក្នុងរយៈពេលជាង២ឆ្នាំមកនេះ។
លោក អេលៀត អ៊ីងហ្គល ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងរាស្ត្របានបញ្ជាក់នៅក្នុងសម័យប្រជុំពេញអង្គថា៖
«សេចក្តីព្រាងច្បាប់នេះបញ្ជូនសារយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកឈរប្រកៀកស្មារគ្នាជាមួយនឹងពលរដ្ឋនៃប្រទេសកម្ពុជា និងថាសភាសហរដ្ឋអាមេរិក នឹងឱ្យមេដឹកនាំកម្ពុជាទទួលខុសត្រូវចំពោះការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស»។
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដែលមានការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក មានគោលបំណងជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទិដ្ឋាការលើមន្ត្រីយោធានិងស៊ីវិលកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។
លោកថេត យូហូ អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋ បានស្នើសេចក្តីព្រាងច្បាប់នេះកាលពីខែមករា បន្ទាប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើយុទ្ធនាការបង្ក្រាបលើក្រុមអង្គការសង្គមស៊ីវិលនិងបណ្តាញសារព័ត៌មានឯករាជ្យ ព្រមទាំងចាប់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលជាអតីតគណបក្សប្រឆាំងដ៏ធំ ដាក់ពន្ធនាគារនិងបន្តឃុំខ្លួននៅលំនៅដ្ឋាន ហើយរំលាយគណបក្សនេះចោល និងរៀបចំការបោះឆ្នោតដោយមិនមានគូប្រជែងដែលមានកម្លាំងប្រហាក់ប្រហែល។
លោកថេត យូហូ បានបញ្ជាក់ប្រាប់វីអូអេ ក្រោយពីការអនុម័តសេចក្តីព្រាងច្បាប់នេះថា៖
«នេះគឺជាជំហានមួយបង្ហាញថា សហរដ្ឋអាមេរិកជឿថា ពលរដ្ឋកម្ពុជាគួរតែមានប្រជាធិបតេយ្យ។ វាគឺជាជំហានមួយឆ្ពោះទៅទិសដៅត្រឹមត្រូវដើម្បីដាក់ទណ្ឌកម្មលើមនុស្សដែលបដិសេធមិនឱ្យពួកគេមានប្រជាធិបតេយ្យដែលរាប់ពីលោកហ៊ុន សែន ចុះក្រោមរហូតដល់ក្រុមឧត្តមសេនីយ៍របស់គាត់ដែលជាអ្នករារាំងសិទ្ធិសេរីភាពក្នុងការនិយាយស្តីនៅក្នុងប្រទេសនោះ និងការបោះឆ្នោតដោយត្រឹមត្រូវនិងបើកចំហរ»។
សហគមន៍អន្តរជាតិបានវាយតម្លៃថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយ ហើយបានអំពាវនាវជាបន្តបន្ទាប់ឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កែប្រែស្ថានការណ៍ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែលោកហ៊ុន សែន តែងតែវាយបកមកវិញដោយឈរលើហេតុផលអធិបតេយ្យភាពជាតិដែលមិនឱ្យលោកស្តាប់តាមការស្នើសុំរបស់បរទេសទេ។
ចាប់ពីដើមឆ្នាំ២០១៧មក អាជ្ញាធរកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបលើអ្នករិះគន់ដែលនាំឱ្យសកម្មជនសិទ្ធិមនុស្សនិងអ្នកនយោបាយប្រឆាំងមួយចំនួន ត្រូវចាកចេញពីប្រទេសកម្ពុជា បណ្តាញសារព័ត៌មានមួយចំនួនត្រូវបិទទ្វារ ហើយរដ្ឋាភិបាលក៏បានបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិកផងដែរ។
លោកអាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ា មកពីខាងគណបក្សប្រជាធិបតេយ្យបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«តាំងពីការបិទនិងការបង្វែរទិសនៃសារព័ត៌មានសេរីរហូតដល់ការហាមឃាត់ និងសម្លាប់អ្នកនយោបាយប្រឆាំង ព្រមទាំងរៀបចំការបោះឆ្នោតក្លែងបន្លំដែលប្រកាសខ្លួនគាត់ថាជាជម្រើសរបស់ពលរដ្ឋ គឺរបបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើកិច្ចការគ្រប់យ៉ាងតាមអំណាចដែលខ្លួនមានដើម្បីបំផ្លាញក្តីសង្ឃឹមលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការបន្តរបបផ្តាច់ការរបស់លោកហ៊ុន សែន ដើរផ្ទុយទៅនឹងការសន្យាដែលខ្លួនមានចំពោះពលរដ្ឋកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ទណ្ឌកម្មតាមច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាគឺជាតម្លៃដែលលោកហ៊ុន សែន និងរបបរបស់គាត់ត្រូវសងថ្លៃចំពោះការវាយប្រហារឥតឈប់ឈរលើសេរីភាពរបស់ពលរដ្ឋកម្ពុជា»។
លោកស្ទីវ ឆាបុត្រ អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋអូហៃយូ បានបញ្ជាក់ថា៖
«ដូចមេដឹកនាំផ្តាច់ការដទៃទៀតដែរគឺលោកហ៊ុន សែន ខ្លាចដល់ថ្ងៃណាមួយលោកនឹងលែងមានអំណាចទៀតហើយ»។
មានតំណាងពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនបានមកដល់សភាតំណាងរាស្ត្រដើម្បីធ្វើជាសាក្សីដល់ការអនុម័តច្បាប់នេះផងដែរ។
លោករិទ្ធី អ៊ុង ប្រធានគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានបញ្ជាក់ប្រាប់វីអូអេថា លោកមានក្តីរំភើបដែលការតស៊ូមតិរបស់សហគមន៍ខ្មែរទទួលបានការយកចិត្តទុកដាក់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក៖
«ចំពោះខ្ញុំផ្ទាល់នេះជាលើកទីមួយហើយដែលខ្ញុំជាសាក្សីនៅសភាអាមេរិក ដែលបានដាក់សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មនូវអ្វីៗដែលលោកហ៊ុន សែន បានធ្វើនៅក្នុងសភារបស់សហរដ្ឋអាមេរិក។ ខ្ញុំមានការរំភើបនិងមោទនភាពយ៉ាងខ្លាំង ចំពោះលទ្ធិប្រជាធិបតេយ្យពិតៗដែលកើតមាននៅប្រទេសអាមេរិក ហើយសង្ឃឹមថា លទ្ធិប្រជាធិបតេយ្យនេះនឹងកើតមានឡើងពិតៗនៅប្រទេសកម្ពុជាផងដែរ»។
តំណាងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកក៏ធ្លាប់បានទៅជួបនឹងលោកថេត យូហូ ដើម្បីពន្យល់ពីស្ថានការណ៍នៃប្រទេសកម្ពុជាដែរ។ នេះបើតាមការបញ្ជាក់របស់លោកថេត យូហូ ប៉ុន្តែត្រូវបានលោកឆ្លើយតបវិញ ដោយតម្រូវឱ្យគោរពសិទ្ធិមនុស្សនិងរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវ។
លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកមិនទាន់បានបញ្ចេញប្រតិកម្មអ្វីនៅឡើយទេនៅពេលដែលវីអូអេទាក់ទងសួរនៅថ្ងៃចន្ទ។
ក្រោយពីអនុម័តរួចហើយ សេចក្តីស្នើច្បាប់នេះនឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាដើម្បីពិភាក្សានិងអនុម័តមុននឹងដាក់ជូនការិយាល័យលោកប្រធានាធិបតីប្រកាសឱ្យប្រើប្រាស់។
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាក៏ត្រូវបានលោកថេត យូហូ ស្នើឡើងម្តងដែរ ដែលពេលនោះមានលេខ H.R. 5754 ហើយត្រូវបានសភាតំណាងរាស្ត្រអនុម័តដោយសំឡេងជាឯកច្ឆ័ន្ទកាលពីខែកក្កដា ឆ្នាំ២០១៨ គឺរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលកម្ពុជារៀបចំការបោះឆ្នោតជាតិ។ ប៉ុន្តែព្រឹទ្ធសភាមិនបានយកច្បាប់នោះមកពិនិត្យអនុម័តទេ ហើយរដ្ឋសភាក៏បានផុតអាណត្តិ។
សកម្មជនខ្មែរអាមេរិកាំងប្តេជ្ញាថា ពួកគេនឹងធ្វើសកម្មភាពបន្ថែមទៀតដើម្បីបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាឱ្យគាំទ្រច្បាប់នេះដោយមិនឱ្យមានការខកខានដូចកាលពីសភាអណត្តិមុនទេ។
រហូតមកដល់ពេលនេះ មានសេចក្តីស្នើច្បាប់ចំនួនបួនដែលសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកបានស្នើឡើងដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
សេចក្តីស្នើច្បាប់ចំនួនបីទៀតគឺសេចក្តីស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រ និងសេចក្តីស្នើច្បាប់ស្តីពីការធ្វើឱ្យវិលត្រឡប់វិញនៃការវិនិយោគនៅកម្ពុជាហៅថា CARI Act ឬសេចក្តីស្នើច្បាប់ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕