ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក ប្តឹង​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ខណៈ​លោក Trump នៅ​ស្ងៀមស្ងាត់


ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi ធ្វើជា​អធិបតី​ក្នុង​ការបោះឆ្នោត​ដើម្បី​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ជា​លើក​ទី២ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​អ្នកគាំទ្រ​របស់​លោក​បាន​សម្រុក​ចូល​អគារ​សភា​កាពីតូល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi ធ្វើជា​អធិបតី​ក្នុង​ការបោះឆ្នោត​ដើម្បី​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ជា​លើក​ទី២ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​អ្នកគាំទ្រ​របស់​លោក​បាន​សម្រុក​ចូល​អគារ​សភា​កាពីតូល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ បាន​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ចេញពី​តំណែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​បាន​ប្រកាស​ថា លោក​ប្រធានាធិបតី​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​កាល​ពី​សប្តាហ៍​មុន ​នៅ​ពេល​ដែល​លោក​បាន​អង្វរសុំ​ពួក​អ្នក​គាំទ្រ​លោក​រាប់​ពាន់​នាក់​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​កាន់​វិមាន​សភា​ ដើម្បី​ព្យាយាម​ប្រែក្រឡាស់​ការ​ចាញ់ឆ្នោត​របស់​លោក​ ហើយ​ដែល​ព្រឹត្តិការណ៍​នេះ ​បាន​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ដែល​បាន​ក្លាយ​ជា​ការ​វឹកវរ​ដ៏​ប្រល័យ។​

ការ​បោះឆ្នោត​ដោយ​សំឡេង​ភាគ​ច្រើន ​២៣២ ​ទល់​នឹង ​១៩៧ ​សំឡេង​ដើម្បី​ប្តឹង​ទម្លាក់​លោកចេញ​ពី​តំណែង ដែលនៅ​សល់​តែ​មួយ​សប្តាហ៍​ទៀតនៃ​ការ​កាន់​តំណែង​របស់​លោក Trump ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ចូលរួម​ដោយ​ក្រុម​គណបក្ស​សាធារណរដ្ឋ​ចំនួន​១០​រូប។ ​

ការ​បោះឆ្នោត​របស់​រដ្ឋសភា​នេះ បាន​ធ្វើ​ឲ្យ​លោក Trump មាន​កេរ្តិ៍​ឈ្មោះ​ខុស​ពី​គេ ​និង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​លើក​ទី១​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ​២៤៥ ​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​ប្តឹង​ទម្លាក់​ចេញពី​តំណែង​ចំនួន​២​លើក។

កាល​ពី​ឆ្នាំ​ទៅ​ លោក​បាន​ត្រូវព្រឹទ្ធសភា​ឱ្យរួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​រឿងក្តី​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង​ដាច់​ដោយ​ពី​គ្នា ហើយ​ឥឡូវ​នេះ នឹង​ប្រឈម​ការ​កាត់ទោស​ថ្មី​ក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត ​បន្ទាប់ពី​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។ គេ​ត្រូវការ​សំឡេង​ឆ្នោ​ត​ ២ភាគ៣​ នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​បែក​បាក់​ខាងនយោបាយរបស់​អាមេរិក ដើម្បី​អាចកាត់ទោសលោក​បាន។ ប្រសិន​បើ​មាន​ទោស ​លោក​អាច​ត្រូវរារាំង​មិន​ឲ្យ​កាន់​តំណែង​សហព័ន្ធទៅ​អនាគត។​

ភ្លាមៗ​បន្ទាប់​ពី​ការ​បោះឆ្នោត មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ព្រឹទ្ធសភា​លោក Mitch McConnell បាន​ច្រាន​ចោល​ម្តង​ទៀត​ពី​លទ្ធភាព​នៃ​ការកាត់​ទោស​ភ្លាមៗ។

ដោយ​ឡែក ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី Donald Trump ដែល​ត្រូវ​បានគេ​សរសេរ​ឡើង​វិញ​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ថា ​ជា​ប្រធានាធិបតី​ត្រូវ​បាន​គេ​ប្តឹង​ទម្លាក់​ចេញពី​តំណែង​លើក​ទី២​នោះ ភាគ​ច្រើនបាន​ស្ថិត​នៅ​តែ​ម្នាក់​ឯង និង​រក្សា​ការស្ងៀមស្ងាត់។ ​

អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​នេះ លោក Trump បាន​ក្តោបក្តាប់​ចំណាប់​អារម្មណ៍ព័ត៌មានរបស់​ប្រទេសជាតិ ​ជាងប្រធានាធិបតី​អាមេរិក​មុនៗ​ណាទាំង​អស់។ ប៉ុន្តែ​ពេល​ដែល​កេរ្តិ៍​ឈ្មោះ​របស់​លោក ​ត្រូវ​បាន​ចារ​កាល​ពី​ថ្ងៃ​ពុធ​ជា​ប្រធានាធិបតី​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​២​ដង​ពី​បទ​ឧក្រិដ្ឋកម្ម ​ឬ​បទ​ល្មើស​មជ្ឈិម​ដ៏​ធ្ងន់ធ្ងរ​នោះ គេ​មិន​សូវ​បាន​ឮ​ពី​លោក​ទេ។ ពេល​នេះ​គណនី​បណ្តាញ​សង្គម​របស់​លោក​ ក៏​ត្រូវ​បាន​បិទ​ ឬ​ផ្អាក​ដែរ។​

លោក Trump បាន​ស្ថិត​នៅ​ក្នុង​សេតវិមាន​ដែល​ស្ទើរ​តែ​គ្មាន​មនុស្ស​នៅ ពេល​ដែល​ដំណើរការ​នៃ​ប្តឹង​ទម្លាក់​លោក​បាន​ធ្វើ​ឡើង​នៅ​វិមាន​សភា។ នៅ​ទីនោះ ការ​ខូច​ខាត​មក​ពី​កុបកម្ម​កាល​ពី​សប្តាហ៍​មុន​ ជា​ការ​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់ការ​បះបោរ​ដែល​លោក​ប្រធានាធិបតី​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ញុះញង់។

នៅ​ទី​បំផុត ​គេ​បាន​ឮ​ពី​លោក​ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ប៉ុន្មាន​ម៉ោង​មក នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ថ្កោលទោស​ការ​បះបោរ​នៅ​ឯ​វិមាន​សភា ​ហើយ​បាន​ព្រមាន​ពួក​អ្នក​គាំទ្រ​លោក​កុំ​ឲ្យ​ចូលរួម​ក្នុង​អំពើ​ហិង្សា​តទៅ​ទៀត។

លោក Trump បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ខ្ញុំ​ថ្កោលទោស​អំពើ​ហិង្សា​ដែល​យើង​បាន​ឃើញ​កាល​ពី​សប្តាហ៍​មុន»។ លោក​បាន​បន្ថែម​ទៀត​ថា អ្នក​គាំទ្រ​ពិតរបស់​លោក​មិន​អាចគាំទ្រ​អំពើ​ហិង្សា​នយោបាយ​នេះ​ទេ។

វា​ជា​ខ្លឹមសារ​ដែល​លោក Trump ​ភាគ​ច្រើន​មិន​បាន​លើកឡើងទេ​កាល​ពី​មួយសប្តាហ៍​មុន នៅ​ពេល​ដែល​កុបករ សម្រុក​ចូល​ទៅ​កាន់​វិមាន​សភា​ដើម្បី​រារាំង​សភា​មិន​ឲ្យ​ប្រកាស​ជ័យជម្នះ​របស់​លោក Biden៕

XS
SM
MD
LG