ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បាននិយាយថា លោកប្រធានាធិបតី Donald Trump តំណាងឲ្យ «គ្រោះថ្នាក់យ៉ាងច្បាស់និងជាគ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះ» ដល់ប្រទេសជាតិ ហើយថា គេត្រូវតែទម្លាក់លោកពីតំណែង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អ្នកស្រី Pelosi បានថ្លែងនៅក្នុងសាលប្រជុំរបស់រដ្ឋសភាថា សមាជិកសភាសហរដ្ឋអាមេរិកនិងប្រទេសជាតិទាំងមូល «បានឆ្លងកាត់បទពិសោធន៍នៃកុបកម្មដែលបានរំលោភបំពានសន្តិភាពរបស់វិមានសភាសហរដ្ឋអាមេរិក ជាទីតំណាងឲ្យប្រជាពលរដ្ឋ ហើយដែលបានព្យាយាមបំផ្លាញឆន្ទៈរបស់ពលរដ្ឋអាមេរិកាំង ដែលធ្វើឡើងស្របច្បាប់» នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
អ្នកស្រី Pelosi ថ្លែងថា៖ «យើងដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកបានញុះញង់ឲ្យមានកុបកម្ម និងការបះបោរប្រដាប់ដោយអាវុធប្រឆាំងនឹងផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ លោក [Trump] ត្រូវតែចេញ។ លោកគឺជាគ្រោះថ្នាក់យ៉ាងច្បាស់និងជាគ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះ ដល់ប្រទេសជាតិដែលយើងទាំងអស់គ្នាស្រឡាញ់»។
អ្នកស្រីបានបន្ថែមថា លោក Trump បាន«កុហកម្តងហើយម្តងទៀត» អំពីលទ្ធផលនៃការបោះឆ្នោតដែលលោកបានចាញ់លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ។
រដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃពុធ ទី១៣ ខែមករានេះ ម៉ោងក្នុងសហរដ្ឋអាមេរិកដើម្បីដកលោក Trump ចេញពីតំណែង ដោយចោទប្រកាន់លោកថាបានប្រមូលផ្តុំក្រុមអ្នកគាំទ្របែបហិង្សាមួយដើម្បីវាយប្រហារលើវិមានសភាសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន៕