ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​​ទម្លាក់​លោក Trump ចេញ​ពី​តំណែង


ប្រធានរដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Nancy Pelosi ដឹកនាំការបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Trump ពី​តំណែង នៅសាលប្រជុំរដ្ឋសភា ក្នុងវិមានសភាសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ប្រធានរដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Nancy Pelosi ដឹកនាំការបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Trump ពី​តំណែង នៅសាលប្រជុំរដ្ឋសភា ក្នុងវិមានសភាសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ភាគច្រើន​បាន​បោះឆ្នោត​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ចេញ​ពី​តំណែង ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយ​ពី​មាន​កុបកម្មដោយ​ហិង្សា​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដោយ​ក្រុម​អ្នក​គាំទ្រ​របស់​លោក។​

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​ប្ដឹង​ទម្លាក់​លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង​ ចំពោះ​បទ​«ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​កុបកម្ម» ដោយ​សំឡេង​ឆ្នោត​គាំទ្រ​២៣២ ទល់​នឹង សំឡេង​ជំទាស់ ១៩៧ ដែល​បាន​ចោទប្រកាន់​លោក Trump ថា «បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក»។

លទ្ធភាព​នៃ​ការ​បើក​សវនាការ​លើ​ករណី​ប្ដឹង​ទម្លាក់​ប្រធានាធិបតី​នេះ​នៅ​ព្រឹទ្ធសភា​ទំនង​ជា​មិន​អាច​ធ្វើ​ឡើង​មុន​ពេលប្រធានាធិបតី​ជាប់​ឆ្នោតលោក Joe Biden ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​របស់​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅព្រឹទ្ធសភា​លោក Mitch McConnell។

អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ នឹង​មិន​យល់​ព្រម​អនុវត្ត​សិទ្ធិ​របស់​លោក ក្នុង​ការ​កោះហៅ​សមាជិក​ព្រឹទ្ធសភា​ដើម្បី​បើក​សវនាការ​បន្ទាន់​នោះ​ទេ។​នេះ​មាន​ន័យ​ថា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នឹងមិន​ជួប​ប្រជុំ​គ្នា​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​មករា គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden មក​ដល់។

ក៏ប៉ុន្តែ មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell ក៏​មិន​ទាន់​ច្រាន​ចោល​ការ​បោះឆ្នោត​នៅព្រឹទ្ធសភា ដើម្បី​ចោទ​ប្រកាន់ទម្លាក់​លោក Trump ចេញ​ពី​តំណែង នៅ​ឡើយ​ដែរ។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ មុន​រដ្ឋសភា​បោះឆ្នោត​សម្រេច​ដក​លោក Trump ចេញ​ពី​តំណែង លោក Mitch McConnell បាន​និយាយ​ថា លោក​មិន​ទាន់​សម្រេច​អំពី​ការ​ប្ដឹង​ទម្លាក់​លោក Trump​ នៅ​ឡើយ​ទេ។

លោក McConnell បាន​សរសេរ​ថា៖ «ខណៈ​សារព័ត៌មានកំពុងផ្សព្វផ្សាយ​បំប៉ោង​ព័ត៌មាន ​ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ចិត្ត​ចុង​ក្រោយ​ទេ​ ថា​តើ​ខ្ញុំ​ត្រូវ​បោះឆ្នោត​យ៉ាង​ដូច្នេះ ហើយ​ថា​តើ​ខ្ញុំ​គួរ​តែ​ស្តាប់​ការ​លើកឡើង​ជា​អំណះអំណាង​តាម​ផ្លូវច្បាប់​ដែរ​ឬ​យ៉ាង​ណា បើ​សិន​ជា​អំណះអំណាង​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ព្រឹទ្ធសភា​នោះ»៕

XS
SM
MD
LG