សមាជិករដ្ឋសភានៃគណបក្សសាធារណរដ្ឋលោក Mike Johnson បានជាប់ឆ្នោតជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដោយបញ្ចប់រយៈពេល២២ថ្ងៃដែលក្រុមសមាជិករដ្ឋសភាបានប្រឹងប្រែងបំពេញតំណែងជាន់ខ្ពស់មួយក្នុងបណ្តាតំណែងកំពូលក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Johnson អាយុ៥១ឆ្នាំជាសមាជិករដ្ឋសភាបីអាណត្តិនិងជាសមាជិកកម្រិតទាបនៃក្រុមមេដឹកនាំសាធារណរដ្ឋ បានឈ្នះឆ្នោតដោយមានសំឡេងឆ្នោតគាំទ្រ២២០ទល់នឹង២០៩។ នៅពេលនេះលោកមានតំណែងជាន់ខ្ពស់ទីពីរសម្រាប់បន្តតំណែងពីប្រធានាធិបតី។
សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យទាំងអស់២០៩នាក់បានបោះឆ្នោតឱ្យលោក Hakeem Jeffries មេដឹកនាំក្រុមភាគតិចក្នុងរដ្ឋសភា។
លោក Johnson ជាសមាជិករដ្ឋសភាមកពីរដ្ឋ Louisiana នាប៉ែកខាងត្បូងប្រទេសអាមេរិកដែលបានប្រមែប្រមូលពួកសាធារណរដ្ឋនៅជុំវិញការប្រឹងប្រែងរបស់អតីតប្រធានាធិបតីលោក Donald Trump ដើម្បីប្រែក្រឡះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។
នៅក្នុងសុន្ទរកថាទីមួយរបស់លោកក្នុងឋានៈជាប្រធានរដ្ឋសភា លោក Johnson បានគូសបញ្ជាក់ជំនឿលើគ្រឹស្តសាសនារបស់លោក ដោយលោកបាននិយាយថា៖«ខ្ញុំមានជំនឿថាយើងម្នាក់ៗមានការទទួលខុសត្រូវធំមួយនៅថ្ងៃនេះ ដើម្បីប្រើអំណោយដែលព្រះអាទិទេពប្រទានដល់យើងសម្រាប់បម្រើប្រជារាស្ត្រនៃប្រទេសដ៏អស្ចារ្យនេះសមតាមដែលពួកគេសក្តិសមនឹងមាននិងដើម្បីធ្វើឱ្យប្រាកដប្រជាថាសាធារណរដ្ឋរបស់យើងនៅតែជាមហាប្រទីបមួយនៃពន្លឺនិងសេចក្តីសង្ឃឹមនិងសេរីភាពនៅក្នុងពិភពលោកមួយដែលត្រូវការវា»។
លោកប្រធានាធិបតី Joe Biden បានអបអរសាទរលោក Johnson នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃពុធ។
ការខ្វែងគំនិតគ្នាខ្លាំងក្លារវាងសមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋច្រើនសប្តាហ៍មកហើយបានធ្វើឱ្យរដ្ឋសភាមិនអាចឆ្លើយតបនឹងបញ្ហាថវិកាបានទេ។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកត្រូវតែពិចារណាសំណើសុំជំនួយបន្ថែមចំនួន៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននិង១៤ពាន់លានដុល្លារថែមទៀតសម្រាប់អ៊ីស្រាអែល៕