ក្នុងពេលប្រមាណជាងមួយខែទៀត មុនថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងឈានមកដល់នោះ លោកប្រធានាធិបតី Donald Trump បានប្រកាសតាមបណ្តាញសង្គម Twitter កាលពីព្រឹកថ្ងៃសុក្រថា លោក និងភរិយាគឺលោកស្រី Melania Trump បានឆ្លងជំងឺកូវីដ១៩ ហើយថាលោកនិងលោកស្រី បានចាប់ផ្តើមនៅដាច់ដោយឡែកពីគេ (ធ្វើចត្តាឡីស័ក)។
ជាការឆ្លើយតបទៅនឹងការប្រកាសរបស់លោកប្រធានាធិបតីនេះ លោកអនុប្រធានាធិបតី Mike Pence បានសរសេរសារតាមបណ្តាញ Twitter ថា៖
«លោកស្រី Karen ដែលជាភរិយាខ្ញុំនិងរូបខ្ញុំសូមផ្ញើសេចក្តីស្រឡាញ់ និងការបន់ស្រន់សូមឲ្យមិត្តភក្តិជាទីស្រឡាញ់របស់យើង គឺលោកប្រធានាធិបតី Donald Trump និងភរិយាគឺលោកស្រីMelania Trump ឆាប់បានជាសះស្បើយ។ យើងរួមជាមួយនឹងមនុស្សរាប់លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក សូមបន់ស្រន់ឲ្យលោកនិងលោកស្រី ឆាប់ជាសះស្បើយ។ សូមព្រះប្រទានពរដល់លោកប្រធានាធិបតី Trump និងលោកស្រី Melania ដ៏អស្ចារ្យរបស់យើង»។
អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតី Mike Pence គឺលោក Devin O’Malley បានសរសេរនៅលើបណ្តាញ Twitter នៅថ្ងៃសុក្រថា លោកអនុប្រធានាធិបតី «ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ»។
លោក Devin O’Malley បានសរសេរក្នុងន័យដើមថា៖ «កាលពីព្រឹកមិញនេះ លោកអនុប្រធានាធិបតី និងភរិយាបានធ្វើតេស្តរកជំងឺកូវីដ១៩ ហើយលទ្ធផលគឺអវិជ្ជមាន។ លោកអនុប្រធានាធិបតីនៅតែមានសុខភាពល្អ ហើយសូមបួងសួងឲ្យលោក Trump និងលោកស្រី Melania ឆាប់ជាសះស្បើយ»។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយធានាដល់ក្រុមអ្នកសារព័ត៌មាន ដែលបានធ្វើដំណើរជាមួយលោក កាលពីថ្ងៃសុក្រ ទៅកាន់ប្រទេសក្រូអាស៊ីថា លោកមានសុខភាពល្អជាធម្មតា ហើយលោកមិនបានឆ្លងជំងឺកូវីដ១៩ទេ ដោយលោកបញ្ជាក់ថា លោកបានធ្វើតេស្តរកជំងឺកូវីដ១៩ ជាប្រចាំ។
លោក Mike Pompeo បាននិយាយថា៖ «យើងសូមបួងសួងឲ្យលោក Trump និងលោកស្រី Melania ឆាប់ជាសះស្បើយ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានផ្ញើ «សារបួងសួងឲ្យលោក Trump និងលោកស្រី Melania ឲ្យឆាប់ជាសះស្បើយ»។
ផ្សារភាគហ៊ុនពិភពលោកបានធ្លាក់ចុះ ក្រោយពីមានព័ត៌មានថាលោក Trump បានឆ្លងជំងឺកូវីដ១៩។
លោក Naoya Oshikubo សេដ្ឋវិទូជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុន Sumitomo Mitsui Trust Asset Management នៅទីក្រុងតូក្យូ បានប្រាប់សារព័ត៌មាន Reuters ថា លោកមានការព្រួយបារម្ភថា លោក Trump នឹង«កាន់តែប្រទូសរ៉ាយខ្លាំងឡើងប្រឆាំងនឹងប្រទេសចិន» បន្ទាប់ពីលោកឆ្លងវីរុសកូរ៉ូណានេះ»។
លោក Naoya Oshikubo បានថ្លែងបន្ថែមថា៖ «ខ្ញុំបានសម្គាល់ឃើញថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រឆាំងនឹងប្រទេសចិនកាន់តែខ្លាំងឡើង បន្ទាប់ពីលោកបានឆ្លងជំងឺកូវីដ១៩»។
វីរុសកូរ៉ូណាបានផ្ទុះឡើងនៅប្រទេសចិនកាលពីចុងឆ្នាំ២០១៩។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យលោកJoaquin Castro នៃរដ្ឋតិចសាស់បានសម្តែងការព្រួយបារម្ភដោយសរសេរលើបណ្តាញTwitter ថា៖ «នេះមិនមែនត្រឹមតែជាបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីប៉ុណ្ណោះទេ វាជាបញ្ហាសន្តិសុខជាតិផងដែរ។ វីរុសនេះបានឆក់យកជីវិតពលរដ្ឋអាមេរិកាំងជាង ២ សែននាក់ ក្នុងរយៈពេល ៦ ខែនេះ»។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi គឺស្ថិតក្នុងចំណោមមេដឹកនាំបរទេសដំបូងគេ ដែលបានផ្ញើសារបន់ស្រន់ដល់លោក Trump និងភរិយា។ លោក Modi បានសរសេរលើបណ្តាញTwitter ថា៖ «សូមបន់ស្រន់មិត្តភក្តិរបស់ខ្ញុំគឺលោក Donald Trump និងលោកស្រី Melania ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អ»។
លោក Abdullah Abdullah ជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់ការផ្សះផ្សារជាតិរបស់ប្រទេសអាហ្គានីស្ថាន បានសរសេរលើបណ្តាញ Twitter ថា៖ «សូមបន់ស្រន់ឲ្យលោកប្រធានាធិបតី Donald Trump និងលោកស្រី Melania ឲ្យឆាប់ជាសះស្បើយ»។
លោក Abdullah Abdullah បានសរសេរទៀតថា៖ «ខ្ញុំក៏សូមបន់ស្រន់ឲ្យប្រជាពលរដ្ឋអាមេរិកាំង នឹងឈ្នះជំងឺរាតត្បាតកូវីដ១៩នេះបាន»។
អ្នករិះគន់លោកប្រធានាធិបតីមួយចំនួន រួមទាំងមេដឹកនាំសិទ្ធិពលរដ្ឋអាមេរិកាំងដ៏លេចធ្លោមួយរូប គឺលោក Jesse Jackson ក៏បានសរសេរលើបណ្តាញ Twitter ផងដែរ។
លោក Jesse Jackson បានសរសេរថា៖ «យើងសូមបួងសួងសូមកុំឲ្យលោកប្រធានាធិបតីនិងលោកស្រី មានអាការៈធ្ងន់ធ្ងរ។ យើងទាំងអស់គ្នាត្រូវតែបួងសួងសូមឲ្យលោកប្រធានាធិបតីនិងភរិយារបស់លោក ឆាប់ជាសះស្បើយទាំងស្រុង។ ទោះជាអ្នកបដិបត្តិសាសនាអ្វីក៏ដោយ និងមាននិន្នាការនយោបាយទៅខាងគណបក្សណាក៏ដោយ យើងត្រូវតែបួងសួង នៅពេលដែលមនុស្សរាប់លាននាក់រងផលប៉ះពាល់ដោយសារជំងឺនេះ»។
ប្រតិកម្មពីមេដឹកនាំផ្សេងៗទៀតក្នុងពិភពលោក រួមមានពីប្រទេសអ៊ីស្រាអ៊ែល និងពីប្រធានអង្គការសុខភាពពិភពលោកជាដើម៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់