ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​រដ្ឋសភា​អាមេរិក​បក្ស​សាធារណរដ្ឋ​៩នាក់​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ប្រធាន​រដ្ឋសភា


រូបឯកសារ៖ អ្នកតាក់តែង​ច្បាប់​អាមេរិក​នៅក្នុង​សភា អំឡុងពេល​បោះឆ្នោត​មួយ​នៅ​វិមាន​សភា​អាមេរិក Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកតាក់តែង​ច្បាប់​អាមេរិក​នៅក្នុង​សភា អំឡុងពេល​បោះឆ្នោត​មួយ​នៅ​វិមាន​សភា​អាមេរិក Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ចំនួន​៩​នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេងក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពួក​គេ​នឹង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធាន​រដ្ឋសភា​អាមេរិក។​

រដ្ឋសភា​អាមេរិក​ពុំ​មាន​ប្រធាន​ដឹកនាំ​របស់​ខ្លួន​អស់​ពេល​ជិត​៣​សប្តាហ៍​មកហើយ​ ​បន្ទាប់​ពី​សមាជិក​ស្តាំនិយម​តឹងរ៉ឹង​ចំនួន​៨​នាក់​ បាន​ចូលរួម​ជា​មួយ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បោះឆ្នោត​ទម្លាក់​អតីត​ប្រធាន​រដ្ឋសភា​លោក Kevin McCarthy​ កាល​ពី​ពេល​កន្លង​ទៅនេះ។​

ក្រុម​សមាជិក​រដ្ឋសភា​មួយ​ក្រុម​តូច​ខាង​គណបក្ស​សាធារណរដ្ឋ​ មាន​ការ​ខឹងសម្បារដែល​លោក McCarthy ​បាន​ឯកភាព​យល់ព្រមលើកិច្ចព្រមព្រៀង​ចំណាយ​ថវិកាមួយ​របស់រដ្ឋាភិបាល​ ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ ដែល​គេ​គិត​ថាជា​រឿង​ធំ​ ដែលនឹងបញ្ជៀស​ការ​បិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​អាមេរិក និងទុក​ឱ្យ​រដ្ឋាភិបាល​មាន​ថវិកាដំណើរការរហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ខាង​មុខ។​

តាំងពី​ការ​ទម្លាក់​លោក McCarthy​ ចេញ​ពី​តំណែងប្រធាន​រដ្ឋសភា​មក​ ក្រុម​សមាជិក​រដ្ឋសភា​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​ ​នៅ​មិន​ទាន់​អាចស្រុះស្រួល​គ្នា​ ដើម្បី​រក​អ្នក​ថ្មីមកជំនួស​អតីត​ប្រធាន​រដ្ឋសភា​ចាស់នៅ​ឡើយ​ទេ។ ពេល​នេះសមាជិក​រដ្ឋសភា​ចំនួន​៩​នាក់ខាងគណបក្ស​នេះ​និយាយ​ថា​ ពួក​គេ​កំពុងព្យាយាមដើម្បី​ប្រកួត​ប្រជែងយក​តំណែង​មួយ​នេះ​ ដែល​គេ​រំពឹង​ថា​នឹងលើក​ឡើងពី​បេក្ខភាពរបស់​គេនៅ​ក្នុង​កិច្ចប្រជុំ​របស់​គណបក្សនៅ​យប់​ថ្ងៃ​ចន្ទ​នេះ​។​ ​ប្រសិន​បើ​គណបក្ស​សាធារណរដ្ឋ​យល់​ព្រម​លើជម្រើសមួយ​នេះ​ ​រដ្ឋសភា​អាមេរិក​ទាំង​មូល​អាច​បោះឆ្នោត​ជ្រើសរើសប្រធាន​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ។​

បេក្ខជន​ឈរឈ្មោះជា​ប្រធានរដ្ឋសភា​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​ទាំង៩​នាក់​នេះ​រួម​មាន លោក Jack Bergman ​មក​ពី​រដ្ឋ Michigan លោក​ Tom Emmer មក​ពី​រដ្ឋ Minnesota ​ លោក Byron Donalds មក​ពី​រដ្ឋ​ Florida​ លោក Kevin Hern មក​ពី​រដ្ឋ​ Oklahoma​ លោក​ Pete Sessions​ មក​ពី​រដ្ឋ Texas​ លោក Gary Palmer មក​ពីរដ្ឋ​ Alabama​ លោក​ Austin Scott​ មក​ពី​រដ្ឋ​ Georgia ​ លោក Dan Meuser មក​ពី​រដ្ឋ Pennsylvania និងលោក Mike Johnson នៃ​រដ្ឋ Louisiana។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​បេក្ខជន​ណា​ម្នាក់លេចធ្លោ​ខ្លាំងនៅ​ឡើយ​ទេក្នុង​ចំណោម​បេក្ខជន​ទាំង​៩​រូប​នេះ​ បើ​ទោះ​បី​ជា​លោក​ Tom Emmer​ ដែល​មានឋានៈលំដាប់​លេខ​៣ក្នុង​រដ្ឋសភា​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​មាន​ប្រៀប​លើស​បន្តិច​ ​ដោយសារ​តែអតីត​ប្រធាន​រដ្ឋសភា​លោក​ McCarthy ​គាំទ្រ​លោក​ក្តី។

ការ​ដែល​រដ្ឋសភា​អាមេរិក​មិន​មាន​ប្រធាន​ដឹកនាំ​នេះ​ ​ធ្វើឱ្យ​រដ្ឋសភា​មិន​អាចបើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​ ​ឬ​អនុម័ត​គាំទ្រ​សេចក្តី​សម្រេច​ណាមួយ​ ដូច​ជាការគាំទ្រប្រទេស​អ៊ីស្រាអែល​ ​ក្រោយ​ការវាយ​ប្រហារដ៏​ភ្ញាក់​ផ្អើល​របស់​ក្រុមហាម៉ាស់លើ​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃ​ទី​៧ ខែតុលា កន្លង​ទៅ​នេះ៕​

XS
SM
MD
LG