រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ ដែលដៅលើក្រុមហ៊ុនប៉េត្រូគីមីដ៏ធំបង្អស់របស់ប្រទេសនោះ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មប៉េត្រូគីមីឈូងសមុទ្រពែកឬ Persian Gulf Petrochemical Industries Company (PGPIC) ហើយនិងក្រុមហ៊ុនតូចៗ ៣៩ របស់ក្រុមហ៊ុននោះកាលពីថ្ងៃសុក្ រដោយនិយាយថា ក្រុមហ៊ុននោះបានធ្វើពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយឆ្មាំការពារបដិវត្តិន៍របស់អ៊ីរ៉ង់ ជាផ្នែកមួយនៃយោធារបស់អ៊ីរ៉ង់ដែលទទួលខុសត្រូវកម្មវិធីកាំជ្រួចមីស៊ីលបាលីស្ទិកនិងនុយក្លេអ៊ែរបស់ប្រទេសនោះ។
កាលពីខែមុន រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ បានចាត់ទុកឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ជា «អង្គការភេរវជនបរទេស» ជាលើកទីមួយដែលជាចំណាត់ការប្រឆាំងនឹងផ្នែកមួយនៃរដ្ឋាភិបាលបរទេស។ វិធានការណ៍នេះ អនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលផ្តល់ការគាំទ្រខាងសំភារៈដល់ឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់។
រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោក Steven Mnuchin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មថ្មី ជាការព្រមានមួយថា យើងនឹងបន្តដៅលើក្រុមនិងក្រុមហ៊ុននានានៅក្នុងផ្នែកប៉េត្រូគីមីនិងផ្នែកផ្សេងៗទៀតដែលផ្តល់ហិរញ្ញវត្ថុដល់ឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់។
ការដាក់ទណ្ឌកម្មថ្មីកើតមានឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ ស្វះស្វែងរកបង្កើនការដាក់សម្ពាធខាងសេដ្ឋកិច្ចនិងយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ការតានតឹងរវាងប្រទេសទាំង២ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីការប្រហារលើនាវាដឹកប្រេងនៅផ្ទៃទឹកទល់មុខឆ្នេសមុទ្រប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសលើរដ្ឋាភិបាលអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់បានបដិសេធពុំទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕