សហរដ្ឋអាមេរិកសម្រេចចិត្តពិភាក្សាដោយឥតលក្ខខណ្ឌជាមួយនឹងអ៊ីរ៉ង់ដើម្បីសម្រាលភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ដែលបានថ្លែងកាលពីថ្ងៃអាទិត្យ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់ថា មានសង្ឃឹមតិចតួចប៉ុណ្ណោះដែលអាចនឹងមានកិច្ចចរចាថ្មីកើតឡើង។
លោក Pompeo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសស្វ៊ីសថា៖ «យើងបានត្រៀមលក្ខណៈដើម្បីចូលរួមក្នុងកិច្ចសន្ទនាដោយគ្មានលក្ខខណ្ឌទុកជាមុននោះរួចហើយ។ យើងត្រៀមខ្លួនរួចរាល់ដើម្បីអង្គុយពិភាក្សាជាមួយនឹងពួកគេ»។ ប៉ុន្តែមន្ត្រីការទូតកំពូលរូបនេះបានថ្លែងបន្ថែមថា៖ «កិច្ចប្រឹងប្រែងរបស់អាមេរិកដើម្បីបញ្ច្រាសសកម្មភាពគ្រោះថ្នាក់ទៅលើសាធារណរដ្ឋឥស្លាមមួយនេះនឹងបន្តធ្វើឡើង»។
លោកបានថ្លែងថា សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈយ៉ាងពិតប្រាកដ ដើម្បីធ្វើកិច្ចសន្ទនា នៅពេលដែលអ៊ីរ៉ង់អាចបង្ហាញឲ្យឃើញថា ពួកគេចង់ធ្វើខ្លួនដូចប្រទេសធម្មតាមួយ»។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ថ្លែងនៅក្នុងបទសម្ភាសមួយជាមួយនឹងបណ្តាញសារព័ត៌មាន ABC នៅអាមេរិកថា កិច្ចពិភាក្សាថ្មីជាមួយនឹងរដ្ឋភិបាលក្រុងវ៉ាស៊ីនតោន «មិនទំនងនឹងកើតមានឡើងនោះទេ»។
លោក Zarif ថ្លែងបន្ថែមថា៖ «ការពិភាក្សាគឺជាការបន្តដាក់សម្ពាធ។ វាប្រហែលជាមានប្រសិទ្ធភាពនៅក្នុងទីផ្សាអចលនទ្រព្យ ប៉ុន្តែវាមិនមានប្រសិទ្ធភាពក្នុងការចរចាជាមួយនឹងអ៊ីរ៉ង់នោះទេ៕