ប្រមុខរដ្ឋប្រទេសអ៊ីរ៉ង់បានថ្លែងថា ប្រទេសរបស់លោកមិនបោះបង់ចោលកម្មវិធីមីស៊ីលរបស់ខ្លួននោះទេ បន្ទាប់ពីអាមេរិកបានថ្លែងកាលពីសប្តាហ៍មុនថា ខ្លួនស្ម័គ្រចិត្តចរចាជាមួយនឹងអ៊ីរ៉ង់។
លោក Ayatollah Ali Khamenei បានថ្លែងនៅក្នុងសុន្ទរកថាមួយលើទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថា «ល្បិចនយោបាយនេះមិនអាចបោកបញ្ឆោតក្រុមមន្ត្រីអ៊ីរ៉ង់នោះទេ»។
អាត្ថាធិប្បាយរបស់លោក Khamenei ធ្វើឡើងក្នុងគម្រប់ខួបទី៣០ នៃការស្លាប់របស់ស្ថាបនិកសាធារណរដ្ឋឥស្លាមគឺលោក Ayatollah Ruhollah Khameini និងមួយសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើការចរចាលើកិច្ចព្រមព្រៀងថ្មីមួយ។
លោក ត្រាំ បានថ្លែងថា អ៊ីរ៉ង់«មានឱកាសធ្វើជាប្រទេសដ៏ល្អមួយក្រោមការដឹកនាំដដែល»។ ហើយថា «យើងចង់ឃើញការគ្មានអាវុធនុយក្លេអ៊ែរ»។
អ៊ីរ៉ង់ធ្លាប់និយាយថា អាមេរិកត្រូវត្រឡប់ទៅធ្វើតាមកិច្ចព្រមព្រៀង មុននឹងចាប់ផ្តើមធ្វើការចរចាគ្នា។
ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែសភាពខ្លាំងឡើងនៅខែចុងក្រោយនេះ មួយឆ្នាំបន្ទាប់ពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចក្នុងការដាក់កំហិតទៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីជាការដោះដូរនឹងការដកទណ្ឌកម្មអន្តរជាតិ៕