ពួកមន្រ្តីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិកមានគម្រោងផ្តល់សក្ខីកម្មនៅពីមុខគណៈកម្មការសភានៅថ្ងៃអង្គារនេះជាផ្នែកមួយនៃការស្វែងរកមធ្យោបាយដោះស្រាយការកើនឡើងនូវករណីមេរោគកូរ៉ូណាថ្មី និងការចូលសម្រាកក្នុងមន្ទីរពេទ្យ។
ក្នុងចំណោមអ្នកដែលមានគម្រោងថ្លែងទៅកាន់សមាជិកសភានៅគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មអំពីការឆ្លើយតបរបស់រដ្ឋបាលប្រធានាធិបតីត្រាំដល់វិបត្តិនោះមានលោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិជំងឺឆ្លង លោកវេជ្ជបណ្ឌិត Robert Redfield នាយកមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺ និងលោកវេជ្ជបណ្ឌិត Stephen Hahn ប្រធានរដ្ឋបាលចំណីអាហារ និងឱសថ និងលោកវេជ្ជបណ្ឌិត Robert Giroir ប្រធានសេវាកម្មសុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិត Fauci ស្ថិតនៅក្នុងចំណោមពួកអ្នកជំនាញសុខាភិបាលដែលនិយាយថា ពលរដ្ឋមិនគួរផ្តោតលើការផ្ទុះឡើងនូវរលកទី២នៃមេរោគកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិកទេ ពីព្រោះតែសហរដ្ឋអាមេរិកមិនទាន់ចេញផុតពីរលកទីមួយនៃការផ្ទុះឡើងមេរោគកូរ៉ូណាទេ។
រដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការរឹតត្បិតដើម្បីបញ្ឈប់ការរាលដាលនៃវីរុស។
លោក Greg Abbott អភិបាលរដ្ឋតិចសាសបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ការរឹតត្បិតឡើងវិញនឹងត្រូវធ្វើឡើងជាជម្រើសចុងក្រោយបង្អស់ខណៈដែលលោកនិយាយថា វីរុសនោះ «បានរាលដាលក្នុងអត្រាមួយដែលមិនអាចទទួលយកបាន» ហើយបានបដិសេធពុំព្រមដាក់បទបញ្ជាដែលតម្រូវឱ្យពាក់ម៉ាសក្នុងកន្លែងសាធារណៈ។ រដ្ឋតិចសាសមានការឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេជិតរយៈពេល២សប្តាហ៍នៅពេលដែលអត្រានៃការចូលសម្រាកក្នុងមន្ទីរពេទ្យបានកើនឡើង។
រដ្ឋ Louisiana ជារដ្ឋនៅក្បែរនោះមានចំនួនមនុស្សស្លាប់លើស៣ពាន់នាក់បណ្តាលមកពីជំងឺកូវីដ១៩ ហើយមានករណីឆ្លងកើនឡើងដែរ៕