មន្ត្រីជាន់ខ្ពស់សុខាភិបាលអឺរ៉ុបមួយរូបនិយាយថា រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបសំខាន់ៗកំពុងធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងផែនការរុះរើរចនាសម្ព័ន្ធអង្គការសុខភាពពិភពលោក WHO ដែលនេះបង្ហាញថាអឺរ៉ុបក៏មានការបារម្ភខ្លះៗអំពីអង្គការនេះ ដែលបាននាំឲ្យសហរដ្ឋអាមេរិកសម្រេចដកខ្លួនចេញនោះ។
មន្ត្រីរូបនោះបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី កំពុងពិភាក្សាថ្នាក់បច្ចេកទេសជាមួយសហរដ្ឋអាមេរិកអំពីកំណែទម្រង់អង្គការសុខភាពពិភពលោក។
មន្ត្រីនោះថាគោលដៅនៃកំណែទម្រង់នេះគឺដើម្បីធានាឯករាជ្យភាពនៃអង្គការ WHO ដែលនេះទំនងជាការសំដៅទៅលើការចោទប្រកាន់ដែលថាអង្គការនេះស្និទ្ធស្នាលពេកនឹងប្រទេសចិននៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩នៅដើមឆ្នាំនេះ។
មន្ត្រីនោះថាកំណែទម្រង់មួយគឺការផ្លាស់ប្តូរប្រព័ន្ធថវិកានៃអង្គការនេះឲ្យយូរអង្វែង ដោយកន្លងមក WHO មានកញ្ចប់ថវិការយៈពេល២ឆ្នាំម្តង ដែលធ្វើឲ្យអង្គការនេះពិបាករៃអង្គាសប្រាក់ក្នុងអំឡុងពេលមានវិបត្តិ។
ប្រធានាធិបតីសហរដ្ឋលោក ដូណាល់ ត្រាំ កន្លងមកបានចោទប្រកាន់អង្គការ WHO ថា ជិតស្និតនឹងប្រទេសចិនពេក ហើយលោកបានប្រកាសពីផែនការផ្តាច់សមាជិកភាព និងថវិការបស់អាមេរិក៕