ចំនួនករណីឆ្លងវីរុសដែលបង្កជំងឺកូវីដ១៩ បន្តកើនឡើងនៅទូទាំងពិភពលោក ដោយកាលពីថ្ងៃសុក្រ កូវីដ១៩ បានឆ្លងដល់មនុស្សជាង ៨,៥ លាននាក់ នេះបើតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins។
សហរដ្ឋអាមេរិកនៅតែមានករណីឆ្លងច្រើនជាងគេក្នុងពិភពលោក ដោយមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ២លាននាក់ ហើយប្រទេសប្រេស៊ីល មានករណីច្រើនជាងគេទី២ ចំនួនជិត ១លាននាក់(៩៧៨.០០០) ខណៈប្រទេសរុស្ស៊ីមានការឆ្លងច្រើនជាងគេទី៣ ដល់ពលរដ្ឋខ្លួនចំនួនជាង ៥៦០.០០០នាក់។
ចំណែកចំនួនអ្នកស្លាប់ពីជំងឺកូវីដ១៩វិញ សហរដ្ឋអាមេរិកនៅតែនាំមុខគេ ដោយមានអ្នកស្លាប់សរុបជាង ១១៨.០០០នាក់ គិតត្រឹមថ្ងៃសុក្រ ខណៈប្រទេសប្រេស៊ីលមានអ្នកស្លាប់ច្រើនជាងគេទី២ ចំនួនជាង ៤៧.០០០នាក់។
នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងធ្វើការជួបប្រជុំ សម្រាប់ការឃោសនាបោះឆ្នោតក្នុងថ្ងៃសៅរ៍ នៅពហុកីឡាដ្ឋានមួយ នៅក្នុងទីក្រុង Tulsa រដ្ឋ Oklahoma។ នៅពេលនេះ អ្នកគ្រប់គ្រង់ពហុកីឡាដ្ឋានបានស្នើឲ្យក្រុមយុទ្ធនាការលោកប្រធានាធិបតី ផ្តល់ផែនការសុវត្ថិភាពសុខភាព សម្រាប់ការជួបប្រជុំមនុស្សដ៏ច្រើននេះ ក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតជាសាកល។ អ្នកគ្រប់គ្រងបានស្នើដូច្នេះដោយសារទីក្រុង Tulsa នៅពេលថ្មីៗនេះ មានកើនឡើងនូវការឆ្លងវីរុសកូរ៉ូណា។
ទោះបីសហរដ្ឋអាមេរិកកំពុងមានការស្លាប់ច្រើនជាងគេក្តី ក៏ការសិក្សាមួយរបស់សាកលវិទ្យាល័យWashington ចំនួនអ្នកស្លាប់នៅប្រេស៊ីល អាចនឹងកើនលើសសហរដ្ឋអាមេរិក នៅក្នុងដើមខែកក្កដា។
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កន្លងមកបានមើលស្រាលជំងឺកូវីដ១៩ថា ប្រហាក់ប្រហែលនឹងផ្តាសាយធំប៉ុណ្ណោះ ហើយលោកបានលើកទឹកចិត្តឲ្យអាជីវកម្មប្រេស៊ីលបើកឡើងវិញ និងឲ្យអាជ្ញាធររដ្ឋនានាដកការដាក់កំហិតសង្គមវិញ៕