ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​ថា ជំងឺ​កូវីដ១៩ មាន​រោគ​សញ្ញា ៦ ផ្សេង​ទៀត


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

រដ្ឋ​បន្ថែម​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចាត់​វិធានការ​នានា​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​មួយ​ចំនួន​ទាក់ទិន​ទៅ​នឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។ ចំណែក​ឯ​មន្ត្រី​សុខាភិបាល​រដ្ឋាភិបាល​សហព័ន្ធ​វិញ​បាន​ប្រកាស​ថា ជំងឺ​កូវីដ១៩ មាន​រោគ​សញ្ញា ៦ ផ្សេង​ទៀត។

មន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា គ្រុន​រងា ញ័រ​ខ្លួន​ព្រឺ​រងា​ជា​បន្ត ឈឺ​សាច់ដុំ ឈឺ​ក្បាល ឈឺ​បំពង់ក និង​ការ​បាត់បង់​សមត្ថភាព​ហិត​ដឹង​ក្លិន និង​ដឹង​រសជាតិ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក កាល​ពី​មុន​បាន​បញ្ជាក់​ថា មាន​រោគ​សញ្ញា ៣ សំខាន់​នៃ​ជំងឺ​កូវីដ១៩ ដែល​នោះ​គឺ​គ្រុន​ក្ដៅ ពិបាក​ដក​ដង្ហើម និង​ក្អក។

ថ្នាក់​ដឹកនាំ​នៃ​រដ្ឋ Colorado​ រដ្ឋ Mississippi រដ្ឋ Montana និង​រដ្ឋ Tennessee បាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​មួយ​ចំនួន​បើក​ដំណើរការ​ឡើង​វិញ​ជា​ធម្មតា​នៅ​ថ្ងៃ​ចន្ទ​នេះ។ រដ្ឋ​ទាំង​នេះ រួម​ទាំង​រដ្ឋ Georgia រដ្ឋ Oklahoma រដ្ឋ Alaska និង​រដ្ឋ South Carolina បាន​ចាត់​វិធានការ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​ធ្វើ​ការ​វិញ និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​ជីវិត​មួយ​ចំនួន​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ កើត​ឡើង។

អ្នក​ជំនាញ​ខាង​សុខាភិបាល​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​ឆាប់​ពេក ហើយ​អភិបាល​រដ្ឋ​ជា​ច្រើន​បាន​បញ្ជាក់​ថា វិធានការ​នានា​នឹង​នៅ​ជា​ធរមាន​ដដែល​ដើម្បី​ការពារ​សុវត្ថិភាព​របស់​សាធារណជន។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ យ៉ាង​តិច ៩ សែន ៨ ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​យ៉ាង​តិច ៥ ម៉ឺន ៥ ពាន់​នាក់៕

XS
SM
MD
LG