ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​ថ្មី​រកឃើញ​ថា​ការ​វាយ​ប្រហារ​របស់​លោក​ត្រាំ​លើ​ប្រព័ន្ធផ្សព្វផ្សាយ មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​ភ្ញាក់​ផ្អើល


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី៣ មីនា ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី៣ មីនា ២០២០។

ការ​វាយប្រហារ​របស់​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ​ទៅ​លើ​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ បាន​ធ្វើ​ឲ្យ​ខ្សោយ​​ដល់​ឯកភាព​នៃ​ស្ថាប័ន​ព័ត៌មាន ខណៈដែល​ជំងឺ​រាតត្បាត​កូវីដ១៩ បាន​គំរាម​អាយុជីវិត​ពលរដ្ឋ​អាមេរិកាំង​រាប់​សែន​នាក់។

ការ​វាយប្រហារ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ទៅលើ​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ចុះខ្សោយ​នូវ​កិត្តិនាម​នៃ​ស្ថាប័ន​នេះ ហើយ​ធ្វើ​ឲ្យ​ខ្វះឯកភាពគ្នា​រវាង​ស្ថាប័ន​សារព័ត៌មាន​នៅពេល​ដែល​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ​១៩ នៅ​តែ​បន្ត​ឆក់យកជីវិត​ពលរដ្ឋ​អាមេរិកាំង​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ។ នេះ​បើយោង​តាម​ការ​សិក្សា​ថ្មីមួយ​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែតCommittee to Protect Journalists (CPJ)។

អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក​នេះ បាន​កត់ត្រា​ករណី​កើនឡើង​នូវ​ការ​ប្តឹង​ផ្តល់​ប្រភព​ព័ត៌មាន ករណី​ប្តឹងផ្តល់​ពី​បទ​បរិហារកេរ្តិ៍ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញអ្នក​កាសែត​ដែល​ចុះ​បំពេញ​ការងារ និង​នៅ​តាម​ច្រក​ព្រំដែន​សហរដ្ឋអាមេរិក។

អង្គការ​នេះ ក៏​បាន​ស្រង់​សម្តី​ដើម​របស់​អ្នក​កាសែត​ជាង​៤០​នាក់ អ្នក​ជំនាញ​ខាង​ច្បាប់​ស្តី​ពី​ប្រព័ន្ធផ្សព្វផ្សាយ អ្នក​សិក្សា​និង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ផងដែរ។​

ការ​សិក្សា​ដែល​ពិនិត្យ​មើល​អំពី​របៀប​ដែល​ការ​វាយប្រហារ«បាន​ផ្តល់អំណាច​ដល់​មេដឹកនាំ​ផ្តាច់ការ​បរទេស ក្នុងការ​បង្ខូច​កិត្តិនាម និង​រឹតត្បិត​សារព័ត៌មាន​ក្នុង​ប្រទេស​របស់​ពួកគេ» បាន​សរសេរ​ថា៖ «អ្នក​ជំនាញ​មួយ​ចំនួន​ដែល​ឃ្លាំមើល​ការ​វាយប្រហារ​នេះ បារម្ភ​អំពី​ការ​គំរាមកំហែង​ដែល​មាន​ស្រាប់​ចំពោះ​សេរីភាព​សារព័ត៌មាន​អាមេរិកាំង»។

អ្នក​និពន្ធ​របាយការណ៍​សិក្សា​នេះ គឺ​លោក Leonard Downie Jr ដែល​ជា​អតីត​និពន្ធ​នាយក​ប្រតិបត្តិ​នៃ​កាសែត The Washington Post បាន​ប្រាប់ VOAថា៖ «លោក​អ្នក​បាន​ឃើញ​ស្រាប់​ហើយ​ពី គំរូ​នៃ​ការ​វាយប្រហារ​នេះ។ លោក​អ្នក​មើលឃើញ​ពី​របៀប​ដែល​មេដឹកនាំ​ផ្តាច់​ការ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុង​ទៅ​ហួស​ពី​អ្វី​ដែល​លោក​ត្រាំ បាន​ធ្វើ​ទៅ​ទៀត ដោយ​ដាក់​ការ​រឹតត្បិត​ទៅលើ​សារព័ត៌មាន និង​ចាប់ខ្លួន​អ្នក​យក​ព័ត៌មាន​ជាដើម»។

លោក Downie​ បន្ត​ទៀតថា៖ «ក្នុង​ករណី​ជាច្រើន មេដឹកនាំ​ទាំង​នោះ បាន​ប្រើប្រាស់​ភាសា​ដូច​ភាសា​លោក​ត្រាំ​បេះបិទ​តែម្តង​គឺ​ពួកគេ​និយាយ​អំពី​«ព័ត៌មាន​ក្លែងក្លាយ»។

លោក Downie​ ដែល​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​សារព័ត៌មាន​នៃ​មហាវិទ្យាល័យ​វិជ្ជាជីវៈ​សារព័ត៌មាន​និង​សារគមនាគមន៍​មហាជន (Walter Cronkite School of Journalism​and Mass Communication) នៃ​សាកលវិទ្យាល័យ​Arizona State បាន​បន្ថែម​ទៀត​ថា៖ «អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​អំពី​ប្រទេស​ទាំង​នោះ​ដែល​ប្រើប្រាស់​សហរដ្ឋ​អាមេរិក​ជា​ឧទាហរណ៍​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​នេះ​គឺ​ថា នៅ​សហរដ្ឋ​អាមេរិក យើង​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១​ដែល​ការពារ​សេរីភាព​សារព័ត៌មាន​ តែ​ប្រទេស​ទាំង​នោះ​គ្មាន​ទេ»។

ការ​សិក្សា​ដែល​រួម​បញ្ចូល​ទាំង​ការ​ស្រាវជ្រាវ​របស់​លោក Stephanie Sugarsនៃ​អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​សហរដ្ឋ​អាមេរិក ​(U.S. Press Freedom Tracker) ដែល​ជា​សម្ព័ន្ធ​អង្គការ​សារព័ត៌មាន​ដែល​បាន​ចងក្រង​ការ​វាយប្រហារ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ លើ​ប្រព័ន្ធផ្សព្វផ្សាយ​ផងដែរ​នោះ ក៏​បាន​រ៉ាយរាប់​លម្អិត​អំពី​ការ​រឹតត្បិត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ ទៅលើ​ការ​ទទួល​បាន​ព័ត៌មាន​អំពី​រដ្ឋាភិបាល។

ការ​សិក្សានេះ ​ក៏​បាន​រៀបរាប់​អំពី​ការ​តទប់​ផ្លូវ​ច្បាប់​របស់​សេតវិមាន ប្រឆាំង​នឹង​សារព័ត៌មាន និង​ការ​អំពាវនាវ​របស់​លោក​ត្រាំ ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​ការ​បរិហារកេរ្តិ៍ និង​ ការ​ចោទប្រកាន់​ថា «លោក​ប្រធានាធិបតី ប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​ក្នុង ឯករាជ្យភាព​ហិរញ្ញវត្ថុ​របស់​ម្ចាស់​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ផងដែរ»។

សេតវិមាន មិន​បាន​ឆ្លើយតប​នឹង​សំណើរ​សុំ​អត្ថាធិប្បាយ​របស់​វីអូអេ​ទេ។

របាយការណ៍​នេះ ក៏​បាន​ដកស្រង់​ករណី​អ្នក​កាសែត​ដែល​ត្រូវ​រង​ការ​គំរាមកំហែង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ។​ ក្នុង​នោះ អ្នក​យកព័ត៌មាន​របស់​ស្ថាប័ន​កាសែត Boston Globeនិង​ទូរទស្សន៍CNN បាន​រងការគំរាម​សម្លាប់ ហើយ​នៅ​ឆ្នាំ​២០១៨ មាន​ការ​ផ្ញើ​គ្រាប់បែក​ច្នៃ ទៅ​កាន់​ការិយាល័យ CNN ប្រចាំ​នៅ​បុរី​ញូវយ៉ក និង​ទៅ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ ព្រមទាំង​មន្ត្រី​ផ្សេងៗ​ទៀត​ផងដែរ។

អតីត​នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សេតវិមាន​គឺ​លោក Michael Dubke ក៏​ត្រូវ​បាន​ស្រង់​សម្តី​នៅក្នុង​របាយការណ៍​សិក្សា​នេះ​ផងដែរ ដោយ​លោក​និយាយ​ថា លោក​ប្រធានាធិបតី ព្រលះ​ដោយ​ប្រើពាក្យ​សម្តី​ធ្ងន់ធ្ងរ​ដាក់​ស្ថាប័ន​សារព័ត៌មាន ដោយ​សារ​តែ​ការ​រាយការណ៍​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​នោះ ជា​ញឹកញាប់​មាន​លក្ខណៈ​អវិជ្ជមាន​ពេក។

លោក Dubke ត្រូវ​បាន​ស្រង់​សម្តី​ ដោយ​និយាយ​ថា៖ «គ្មាន​រឿង​ណាមួយនិយាយ​អំពី​ការ​រីកចម្រើន​ដែល​លោក​ប្រធានាធិបតី​បាន​សម្រេចបាន​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​គោលនយោបាយ​ការបរទេស​សោះ»។

លោក​បន្ថែម​ថា​ការ​រាយការណ៍​រិះគន់ បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ភ្ញាក់ផ្អើល ដោយ​សារ​លោក​ត្រាំ «មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ជាយូរ​ណាស់​មក​ហើយ ក្នុងនាម​លោក​ជា​អ្នក​ជំនួញ​ខាង​អចលនទ្រព្យ​ក្នុង​បុរី​ញូវយ៉ក»។

លោក Dubke និយាយ​ថា៖ «លោក​ត្រាំ តែង​តែ​មាន​ពេល​និយាយ​ជាមួយ​សារព័ត៌មាន​ជានិច្ច»។

ប៉ុន្តែ នៅ​ក្នុង​របាយការណ៍​សិក្សា​ដដែល​ លោក Dubke ក្រោយ​មក​ ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​មេដឹកនាំ​ផ្តាច់ការ ដែល​ប្រើប្រាស់​«ពាក្យសម្តី​របស់​លោក​ត្រាំ ដើម្បី​ធ្វើ​ជា​សំអាង​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដាក់​អ្នក​កាសែត​ក្នុង​ប្រទេស​របស់​ពួកគេ​ផ្ទាល់»។

លោក Downie ដែល​បាន​សរសេរ​របាយការណ៍​កាល​ពី​ឆ្នាំ​២០១៣ របស់​អង្គការ CPJ ស្តីពី​ទំនាក់ទំនង​របស់​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ ក៏​បានប្រៀបធៀប​ទៅ​នឹង​រដ្ឋបាល​មុនៗ​ផងដែរ។

ការ​ចោទប្រកាន់របស់​លោក​ត្រាំ​ ទៅលើ មន្ត្រី​រដ្ឋាភិបាល​ចំនួន​៨​នាក់​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ ពីបទ​ធ្វើ​ឲ្យ​លេចធ្លាយ​ការ​សម្ងាត់​របស់​រដ្ឋាភិបាល​ដល់​បណ្តាញ​សារព័ត៌មាន គឺ​មាន​ល្បឿន​លឿន​ជាង​ចំនួន​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ពីបទ​លួច​បញ្ចេញ​ការណ៍សម្ងាត់​ក្នុង​សម័យ​លោក​ អូបាម៉ា (ដែល​មាន​មន្ត្រី​រដ្ឋាភិបាល​និង​បុគ្គលិក​ជាប់កិច្ចសន្យា​១០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​កាត់​ទោស​ក្នុង​រយៈពេល​៨​ឆ្នាំ)។​

អ្នក​សរសេរ​ខ្ទង់​អត្ថាធិប្បាយ​នៃ​កាសែត Washington Post​គឺ​អ្នកស្រី Margaret Sullivan បាន​និយាយ​ក្នុង​របាយការណ៍​សិក្សា​របស់​អង្គការCPJ ថា៖ «ចំនួន​នៃ​ការ​កាត់​ទោស​ដ៏​ច្រើនដោយ​ក្រសួង​យុត្តិធម៌​ក្នុង​រដ្ឋបាល​លោក​ត្រាំ ​លើ​ប្រភព​ផ្តល់​ព័ត៌មាន​ គឺ​ជា​កំហុស​របស់​រដ្ឋបាល​លោក​អូបាម៉ា។ រដ្ឋបាល​នោះ បាន​បង្កើត​គំរូ​មួយ​ដែល​ងាយ​ស្រួលឲ្យ​រដ្ឋបាល​លោក​ត្រាំ ធ្វើ​តាម»។

លោក​Michael Conway ដែល​ជា​មេធាវី​តំណាង​គណៈកម្មការ​យុត្តិធម៌​នៃ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​សួរដេញ​ដោល​ក្នុង​សវនាការ​ដកតំណែង​អតីត​ប្រធានាធិបតី Richard Nixon​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​បាន​ហៅ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​ទៅ​លើ​ស្ថាប័ន​សារព័ត៌មាន​ថា​«គ្រោះ​ថ្នាក់​និង​អន្តរាយ​ចំពោះ​សារព័ត៌មាន​សេរី» ជាង​ការ​វាយប្រហារ​របស់​លោក Nixon​ទៅ​ទៀត។

លោក Downieដែល​បាន​ជួយ​កែសម្រួល​របាយការណ៍​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿង​អាស្រូវ Watergate ឲ្យ​កាសែតWashington Post​ បាន​និយាយ​ថា ការ​វាយប្រហារ​របស់​លោក មាន​លក្ខណៈ​អាក្រក់​ជាង។

លោក Downie បាន​ប្រាប់​វីអូអេ​ថា៖ «អស់​រយៈ​ពេល​ជាច្រើន​ខែ ការ​វាយប្រហារ​ភាគច្រើន​ទៅលើ​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​រជ្ជកាល​លោក Nixon​ ផ្តោត​តែ​លើ​កាសែត Washington Postតែប៉ុណ្ណោះ»។

លោក​បន្ថែម​ថា៖ «វា​ជា​រឿង​អកុសល​សម្រាប់​ពួកយើង​នៅ​គ្រា​នោះ ប៉ុន្តែ ការ​វាយប្រហារ​នោះ គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណមតិ​អំពី​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់​ដូច​ពេល​នេះ​ទេ»។

លោក Downie និយាយ​ថា កាសែត Washington Post មិន​ទាន់​ត្រូវ​បាន​ចែកចាយ​ទូ​ទាំង​ប្រទេស​ទេ​នៅ​ពេល​នោះ ហើយ​ប្រជាជន​ពិបាក​ក្នុង​ការ​វិនិច្ឆ័យ​រវាង​អ្វី​ដែល​លោក Nixon បាន​និយាយ​និង​អ្វី​ដែល​កាសែតWashington Post បាន​រាយការណ៍។

​លោក Downie បាន​ប្រាប់​វីអូអេ​ថា ដោយសារ​កត្តា​នោះ​ហើយ​ដែល​លោក​ «មិន​បាន​ឃើញ​មាន​ការ​រីកសាយភាព​ដូច​គ្នា​នូវ​ការ​មិន​ទុកចិត្ត​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ជាទូទៅ​នោះ»។

លោក Downie និយាយ​ថា៖ «ពិតណាស់ មាន​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Nixonដែល​មិន​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន ប៉ុន្តែ មិន​មាន​ការ​សង្ស័យ​ច្រើនទៅ​លើ​ភាព​គួរ​ឲ្យ​ទុកចិត្ត​បាន​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន ដូច​ពេល​នេះ​ទេ»។

លោក​បន្ត​ថា «សម្តី​អាក្រក់​បំផុត​ដែល​លោក​ប្រធានាធិបតី​ បាន​និយាយ​អំពី​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន មិន​ត្រូវ​បាន​និយាយ​ជាសាធារណៈ​នោះ​ទេ។ នៅ​ពេល​ដែល​ពាក្យសម្តី​ទាំង​នោះ ត្រូវ​បាន​និយាយ​ចេញ ឥឡូវ យើង​ដឹង​តាម​រយៈ​ខ្សែ​អាត់​របស់​សេតវិមាន ក្នុង​រង្វង់​ការិយាល័យ​របស់​ប្រធានាធិបតី»៕

ប្រែ​សម្រួល​ដោយ លោក សាយ មុន្នី

XS
SM
MD
LG