ពលរដ្ឋរស់នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក នៅក្នុងពេលឆាប់ៗខាងមុខនេះនឹងអាចធ្វើតេស្តរកជំងឺកូវីដ១៩ បាននៅតាមឱសថស្ថាននានា។ នេះបើតាមការបញ្ជាក់របស់អភិបាលក្រុង New York លោក Andrew Cuomo កាលពីថ្ងៃសៅរ៍ម្សិលមិញ។
លោក Cuomo បាននិយាយថា ឱសថស្ថានចំនួន ៥ ពាន់កន្លែងនឹងត្រូវបានអនុញ្ញាតឲ្យផ្ដល់ការធ្វើតេស្តនេះ ក្នុងគោលបំណងផ្ដល់ការធ្វើតេស្តឲ្យបាន ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ។
បន្ថែមពីនេះទៀត បុគ្គលិកសុខាភិបាលនៅជួរមុខនៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុង New York នឹងទទួលបានការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ នេះ។ នេះបើតាមការបញ្ជាក់របស់លោក Cuomo។
ទីក្រុង New York គឺជាទីក្រុងដែលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ច្រើនជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក។ ករណីស្លាប់ដោយសារជំងឺនេះនៅក្នុងទីក្រុង New York ស្មើនឹងប្រហែល ១ ភាគ ៣ នៃការស្លាប់ដោយសារជំងឺនេះទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនជិត ៥ ម៉ឺន ៤ ពាន់នាក់។
អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃសៅរ៍ម្សិលមិញថា «គ្មានភស្តុតាង» ណាមួយបង្ហាញថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ដែលមានអង់ទីគ័រការពារពីជំងឺនេះ នឹងមិនឆ្លងជំងឺនេះជាលើកទីពីរនោះទេ។
អង្គការសុខភាពពិភពលោកបានចេញការព្រមាននេះនៅក្នុងការជូនដំណឹងបែបវិទ្យាសាស្ត្រសង្ខេបមួយ ស្របពេលដែលអង្គការនេះបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នេះនៅលើពិភពលោកមានជាង ២ លាន ៨ សែននាក់។
បើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ អ្នកស្លាប់ដោយសារជំងឺនេះសរុបនៅលើពិភពលោកមានចំនួន ២ សែន ៣ ពាន់ ៣៣២ នាក់៕