នេះគឺជាលើកទីមួយហើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានកាត់បន្ថយរយៈពេលនៃការធ្វើសន្និសីទកាសែតរបស់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណារបស់លោកកាលពីថ្ងៃសុក្រ ដោយមិនឲ្យអ្នកកាសែតសួរសំណួរនោះទេ។ ការធ្វើដូច្នេះប្រហែលជានឹងបន្ដអនុវត្តតទៅទៀត។
មានការពិភាក្សាគ្នានៅក្នុងសេតវិមានអំពីការកែប្រែទម្រង់នៃការធ្វើសន្និសីទកាសែតនេះ ដើម្បីកាត់បន្ថយតួនាទីរបស់លោក ត្រាំ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីសេតវិមានចំនួន ៤ នាក់ និងសមាជិកគណបក្សសាធារណរដ្ឋដែលជិតស្និទ្ធនឹងសេតវិមាន ដែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនអាចនិយាយអំពីរឿងនេះជាសាធារណៈបាន។ សន្និសីទកាសែតនេះតែងតែប្រព្រឹត្តទៅរយៈពេលជាងមួយម៉ោង និងមានការសួរសំណួរពីអ្នកកាសែតទៅកាន់លោក ត្រាំ។
លោក ត្រាំ ខឹងសម្បារនឹងចំណងជើងអត្ថបទកាសែតដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដែលភាគច្រើននិយាយអំពីអត្ថាធិប្បាយបែបចំអករបស់លោកនៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលថា តើនឹងមានប្រសិទ្ធភាពជាងមុនដែរឬទេ ប្រសិនបើចាក់ទឹកកម្ចាត់មេរោគទៅក្នុងខ្លួនមនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ គំនិតនេះធ្វើឲ្យអ្នកជំនាញខាងសុខភាពចេញការព្រមានខ្លាំងៗដល់សាធារណជនថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយសមាជិកគណបក្សប្រជាធិបតេយ្យក៏បានរិះគន់ខ្លាំងៗផងដែរ។
លោក ត្រាំ បានឆ្លើយនឹងសំណួររបស់អ្នកកាសែតកាលពីព្រឹកថ្ងៃសុក្រ និងបានអះអាងថា ការលើកឡើងរបស់លោកអំពីការចាក់ទឹកកម្ចាត់មេរោគនោះគឺគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ។ វាមិនឆ្លុះបញ្ចាំងពីសុន្ទរកថារបស់លោកទាំងមូលនោះទេ។
អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដែលក្រុមមន្ត្រីប្រឹក្សាយោបល់របស់លោកប្រធានាធិបតីបានផ្ដល់អនុសាសន៍ឲ្យលោកកាត់បន្ថយការបង្ហាញវត្តមាននៅក្នុងសន្និសីទកាសែតនានា ដោយលើកឡើងថា លោកប្រធានាធិបតីគួរតែបង្ហាញវត្តមាននៅមុខកាមេរ៉ាតែពេលណាដែលមានព័ត៌មានសំខាន់ៗ ឬនៅពេលដែលមានដំណើរវិវត្តវិជ្ជមានដើម្បីពិភាក្សាទៅបានហើយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រី។ ពួកគេបានលើកឡើងទៀតថា បើមិនដូច្នេះទេ លោកប្រធានាធិបតីគួរតែទុកឲ្យលោកអនុប្រធានាធិបតី Mike Pence និងក្រុមមន្ត្រីសុខាភិបាលជាអ្នកចាត់ចែងរឿងនេះ៕