ប្រទេសចិនឥឡូវនេះមានឱកាសក្នុងការពិចារណាលើកិច្ចព្រមព្រៀងក្របខណ្ឌសហការសេដ្ឋកិច្ចរយៈពេល១០ឆ្នាំរបស់ខ្លួនជាមួយនឹងតៃវ៉ាន់ ដែលនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានរវាងភាគីទាំងពីរដែលជាគូប្រជែងនឹងគ្នា។ សារព័ត៌មានចិនបានបង្ហើបពីការបញ្ចប់កិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះកាត់បន្ថយពន្ធគយទៅលើទំនិញប្រមាណ៨០០មុខសម្រាប់ភាគីទាំងសងខាង ហើយអាចនឹងមានទំនិញច្រើនទៀតដែលត្រូវរួចពន្ធគយ។ កិច្ចព្រមព្រៀងនេះបង្កប់នូវការកសាងទំនុកចិត្តរយៈពេលពីរឆ្នាំរវាងរដ្ឋាភិបាលទាំងពីរ ដែលមិនសូវចុះសម្រុងគ្នាអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ អ្នកវិភាគនិយាយថា ទោះជាយ៉ាងនេះក្តី ឥឡូវនេះទំនុកចិត្តនេះបានរលាយសាបសូន្យបាត់ទៅហើយ។ អ្នកនាំចេញតៃវ៉ាន់បានព្យាយាមពឹងផ្អែកកាន់តែតិចទៅៗលើទីផ្សារចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា កិច្ចព្រមព្រៀងនេះ «អស់សុពលភាព» នៅឆ្នាំនេះ។
ការបញ្ចប់កិច្ចព្រមព្រៀងនេះអាចបង្ហាញឱ្យឃើញពីការធ្លាក់ចុះដ៏ខ្លាំងបំផុតនៃកិច្ចព្រមព្រៀងចិន-តៃវ៉ាន់ ដែលនឹងប៉ះពាល់ដល់ពលរដ្ឋតៃវ៉ាន់ ដែលមានទំនាក់ទំនងពាណិជ្ជកម្មក្នុងទឹកប្រាក់១៤៩ពាន់ពាន់លានជាមួយនឹងប្រទេសចិន និងបានកាត់ផ្តាច់នូវចំណងតិចតួចដែលនៅសេសសល់ក្រៅពីទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ។
លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យជាតិ Chengchi នៅក្នុងក្រុងតៃប៉ិបាននិយាយក្នុងសម្តីដើមថា «វាពិបាកនឹងស្រមៃណាស់ថា កិច្ចព្រមព្រៀងក្របខណ្ឌសហការសេដ្ឋកិច្ចនឹងត្រូវលុបចោល ប៉ុន្តែនេះក៏ដោយសារតែទំនាក់ទំនងចិន-តៃវ៉ាន់មិនល្អនឹងគ្នានៅពេលនេះ ហើយក៏មិនមានមូលដ្ឋាននយោបាយចាស់ៗផ្សេងទៀតសម្រាប់ការចរចាលើកិច្ចព្រមព្រៀងក្របខណ្ឌសហការសេដ្ឋកិច្ចនេះដែរ»។
លោក Huang បានបន្ថែមទៀតថា «ដូច្នេះ ប្រសិនបើបញ្ហានេះក្លាយជាការពិតមែននោះ សម្រាប់សង្គមតៃវ៉ាន់ វាច្បាស់ជានឹងក្លាយជាប្រធានបទក្តៅគគុកមួយ»។
កិច្ចព្រមព្រៀងនេះមិនមានកាលបរិច្ឆេទបន្តផ្លូវការនោះទេ ប៉ុន្តែភាសានៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិបង្ហាញថា ប្រទេសហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនៅទីណាក៏ដោយមិនត្រូវចំណាយពេលច្រើនជាង១០ឆ្នាំដើម្បីបង្កើតសហភាពរួចពន្ធ ឬតំបន់ពាណិជ្ជកម្មសេរីនោះទេ។ ការិយាល័យពាណិជ្ជកម្មបរទេសតៃវ៉ាន់ចាត់ទុកថា ការចែងអំពីរយៈពេល១០ឆ្នាំនេះមិនអាចចងកាតព្វកិច្ចផ្លូវច្បាប់បាននោះទេ។
ប្រទេសចិន និងតៃវ៉ាន់បានព្រមព្រៀងគ្នាតាមរយៈកិច្ចព្រមព្រៀងក្របខណ្ឌសហការសេដ្ឋកិច្ចថា នឹងកាត់បន្ថយរបាំងវិនិយោគ និងពាណិជ្ជកម្មកាន់តែច្រើនទៀត ប៉ុន្តែពួកគេមិនដែលអនុវត្តសេរីភាវូបនីយកម្មបន្ថែមនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយមួយនិយាយថា ភាគីចិនឥឡូវនេះបង្ហើបថា កិច្ចព្រមព្រៀងនេះអាចនឹងមកដល់ទីបញ្ចប់។
បណ្តាញទូរទស្សន៍ចិនសាកលោក ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយកាលពីខែមុន ដោយមិនមានការពន្យល់ថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងត្រូវផុតកំណត់នៅចុងខែកញ្ញាឆ្នាំនេះ»។
ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះតម្រូវឱ្យមានការជូនដំណឹង១៨០ថ្ងៃ។
ការចរចាណាមួយអាចនឹងពិបាកដោយសារតែចិនបានបញ្ឈប់កិច្ចសន្ទនាផ្លូវការនៅក្នុងឆ្នាំ២០១៦ ដោយសារតែអ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បដិសេធមិនព្រមហៅភាគីទាំងពីរថាជាប្រទេសតែមួយ។ មេដឹកនាំតៃវ៉ាន់មុនបានយល់ព្រមហៅភាគីទាំងពីរថា «ចិន» ដែលធ្វើឱ្យមានកិច្ចពិភាក្សាដែលអាចបន្តកិច្ចព្រមព្រៀងក្របខណ្ឌសហការសេដ្ឋកិច្ច។
ប្រទេសចិនយល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១០នេះជាវិធីមួយក្នុងការធ្វើឱ្យភាគីទាំងពីរកាន់តែចូលជិតគ្នា ដែលមានសារៈសំខាន់ចំពោះគោលនយោបាយរួបរួមគ្នា ដោយផ្តល់ឱ្យនូវសម្បទានពាណិជ្ជកម្ម។ ប្រទេសចិនបានលុបចោលពន្ធលើការនាំចូលទំនិញចំនួយ៥៣៩មុខរបស់តៃវ៉ាន់ ខណៈតៃវ៉ាន់បានកាត់បន្ថយពន្ធគយលើទំនិញ២៦៧មុខរបស់ចិន។ វិស័យកសិដ្ឋាន នេសាទ ផលិតយានជំនិះ វាយនភណ្ឌ និងឧស្សាហកម្មម៉ាស៊ីនជាវិស័យទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ៕