ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​ពន្យារពេល​បោះឆ្នោត​នៅ​ទីក្រុង​ហុងកុង


រូប​ឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ​២០២០។
រូប​ឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ​២០២០។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ហុងកុង​នៅ​ក្នុង​ការ​ពន្យារពេល​មួយ​ឆ្នាំ​សម្រាប់​ការ​បោះឆ្នោត​រដ្ឋសភា​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​កញ្ញា​ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «គ្មាន​ហេតុផល​យក​ជា​ការ​បាន​ណា​មួយ​សម្រាប់​ការ​ពន្យារពេល​ដ៏​យូរ​ដូច្នេះ​ទេ»។ លោក​បាន​បន្ថែម​ថា៖ «ការ​បោះឆ្នោត​គួរតែ​ធ្វើ​ឡើង​កៀក​នឹង​ថ្ងែ​ទី ៦ ខែ​កញ្ញា តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

លោក Pompeo បាន​បន្ត​ថា ប្រសិនបើ​ការ​បោះ​ឆ្នោត​មិន​ធ្វើ​ឡើង​តាម «របៀប​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ហុងកុង» នោះ​ទេ នោះ​ទីក្រុង​ហុងកុង «នឹង​បន្ត​ដំណើរ​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ការ​ក្លាយជា​ទីក្រុង​មួយ​ទៀត​ដែល​គ្រប់គ្រង​តាម​បែប​កុម្មុយនិស្ត​នៅ​ប្រទេស​ចិន»។

លោក Pompeo បាន​ហៅ​ការ​ពន្យារពេល​បោះឆ្នោត​នេះ​ថា​ជា «ទង្វើ​ដ៏​គួរ​ឲ្យ​សោកស្ដាយ» មួយ ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​គោល​បំណង​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​មិន​គោរព​តាម​សេចក្ដី​ប្រកាស​រួម​គ្នា​រវាង​ចិន​និង​ចក្រភព​អង់គ្លេស ដែលជា​សន្ធិសញ្ញា​មួយ​របស់​អង្គការ​សហប្រជាជាតិ និងជា​ច្បាប់​មូលដ្ឋាន នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​ប្រគល់​ទីក្រុង​ហុងកុង​ជូន​ប្រទេស​ចិន​វិញ​កាល​ពី​ឆ្នាំ ១៩៩៧។

មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​បោះឆ្នោត​រដ្ឋសភា​ទីក្រុង​ហុងកុង​នឹង​ត្រូវ​ពន្យារពេល​មួយ​ឆ្នាំ ដោយសារតែ​បញ្ហា​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ការ​ពន្យារពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ប៉ះពាល់​ដល់​ក្រុម​ខាង​គាំទ្រ​ប្រជាធិបតេយ្យ ដែល​ក្រុម​នេះ​ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​បោះឆ្នោត៕

XS
SM
MD
LG